ក្រុង​ប៊័រហ្កាម៉ូ៖ កីឡាករ Ferland Mendy ជួយ​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid ស្ថិត​ក្នុង​រយៈ​ចម្ងាយ ដែល​ច្រាស់ច្រាល់​ក្នុង​ចិត្ត ជាមួយ​នឹង​ការ​មាន​សង្ឃឹម​ក្នុង​ការ​បាន​ឆ្លង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League (UCL) កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង ១ គ្រាប់ ធ្វើ​ឱ្យ​មាន​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Atalanta ១-០។

ការ​ព្យាយាម​ស៊ុត​បាល់​កោង​របស់​ខ្សែ​ការពារ​ឆ្វេង​សញ្ជាតិ​បារាំង កើត​មាន​ប្រមាណ​ជា ៤ នាទី មុន​ការ​ប្រកួត​នៅ​ក្រុង​ប៊័រហ្កាម៉ូ ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី១ បញ្ចប់​ជា​ផ្លូវការ ហើយ​ជា​ប្រកួត​ដែល​ឃើញថា ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​លេង​ត្រឹម​គ្នា​តែ ១០ នាក់ ជាង ៧០ នាទី ខណៈ ១ គ្រាប់​នេះ បាន​ផ្ដល់​ភាព​ចំណេញ​ឱ្យ​ក្រុម​របស់​លោក Zinedine Zidane សម្រាប់​ជើង​ទី១។

ក្នុង​កិច្ចសម្ភាសន៍​ភ្លាមៗ ក្រោយ​ការ​ប្រកួត​ចប់ គ្រូ​បង្វឹក​របស់ Real លោក Zidane បាន​និយាយ​ថា៖ «យើង​មិន​បាន​លេង​ក្នុង​កម្រិត​ល្អ​ណាស់​ណា​ទេ នៅ​យប់​នេះ តែ​រឿង​សំខាន់ គឺ​លទ្ធផល ដែល​ការ​រក​គ្រាប់​បាល់​បាន​ក្រៅ​ទឹក​ដី គឺ​ចាំបាច់​ណាស់​សម្រាប់​យើង។ វា​ជា​លទ្ធផល​ល្អ​ណាស់»។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​បន្ត​ថា៖ «ក្រុម Atalanta នៅ​តែ​រឹងមាំ បើ​ទោះ​សល់​គ្នា ១០ នាក់ ព្រោះ​ពួក​គេ​ការពារ​បាន​ល្អ​មែនទែន។ ពិន្ទុ​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ​ទេ។ យើង​នឹង​មាន​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ជើង​ទី​២»។

Atalanta បាន​ធ្វើ​ការ​វាយ​សម្រុក​ពេល​ប្រកួត​ចាប់​ផ្ដើម​ប៉ុន្មាន​នាទី​ដំបូង តែ​ហ្គេម​ត្រូវ​ផ្លាស់​ប្ដូរ ពេល​ខ្សែ​បម្រើ​អន្តរជាតិ​ស្វ៊ីស Remo Freuler ត្រូវ​បណ្ដេញ​ចេញ​យ៉ាង​លឿន​នៅ​នាទីទី១៧ ដោយសារ​បាន​រត់​ទៅ​ទាក់​ជើង Mendy ក្បែរ​តំបន់​គ្រោះថ្នាក់។

បញ្ហា​របស់​គ្រូបង្វឹក លោក Gian Piero Gasperini នៅ​មិន​ទាន់​ចប់​ទេ ពេល​ខ្សែ​ប្រយុទ្ធ Duvan Zapata ដើរ​ខ្ញើចៗ​ចេញ​ពី​ទីលាន ក្រោយ​លេង​បាន​ប្រមាណ​ជា​កន្លះ​ម៉ោង ដោយសារ​មាន​បញ្ហា​សាច់ដុំ ហើយ​ត្រូវ​ដាក់​កីឡាករ Mario Pasalic ជំនួស​វិញ។

លោក Gasperini ថ្លែងថា៖ «ហ្គេម​ត្រូវ​បាន​បំផ្លាញ។ ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​នឹង​កើត​ឡើង បើ​លេង ១១ នាក់ ​ទល់ ១១ នាក់។ ខ្ញុំ​ស្ទើរ​ត្រូវ​បាន​ពិន័យ ដោយសារ​បាន​និយាយ​រឿង​ខ្លះ នៅ​ក្របខ័ណ្ឌ Serie A ដូច្នេះ បើ​ខ្ញុំ​និយាយ​អ្វី​នៅ​ពេល​នេះ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​នឹង​ពិន័យ​ខ្ញុំ។ តែ​នេះ ​គឺ​ជា​ការ​ធ្វើ​ឱ្យ​​ការ​ប្រកួត​បាល់​ទាត់​ស្លាប់»។

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​វ័យ ៦៣ ឆ្នាំ បាន​បន្ថែម​ថា៖ «គ្រប់គ្រាន់​ហើយ​ចំពោះ​អាជ្ញាកណ្ដាល​ទាំង​អស់​នេះ ដែល​មិន​ធ្លាប់​បាន​លេង​ការ​ប្រកួត ហើយ​មិន​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ជែង និង​កំហុស​ឱ្យ​បាន​ច្បាស់លាស់»។

ជាមួយ​គ្នា សម្រាប់​ក្រុម​យក្ស​អេស្ប៉ាញ Real ដែល​ជា​ជើងឯក​ពាន​នៃ​តំបន់​អឺរ៉ុប​នេះ ១៣ សម័យកាល​ត្រូវ​លេង​ដោយ​អត់​មាន​ខ្សែប្រយុទ្ធ​សំណព្វ​ចិត្ត​របស់​លោក Zidane គឺ Karim Benzema ទេ ដោយសារ​មាន​របួស​កជើង ខណៈ​កីឡាករ​សំខាន់ៗ ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​របួស​ដែរ​នោះ រួមមាន Sergio Ramos, Eden Hazard និង Dani Carvajal៕ AFP/VN