ក្រុងម៉ា្រឌីដ៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានសារភាពថា រូបគេចង់ចេញពីក្លិប Barcelona ដើម្បីចេញពីប្រទេស អេស្ប៉ាញ ក្រោយពីមន្ត្រីអាជ្ញាធរបានស៊ើបអង្កេតរូបគេចំពោះការបន្លំពន្ធ។
កីឡាករ Messi និងឪពុករបស់រូបគេត្រូវបានរកឃើញថា មានកំហុសពីការគេចពន្ធលើប្រាក់ចំណូលពីរូបភាពដោយតុលាការកាតាឡូនីកាលពីឆ្នាំ ២០១៦ និងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២១ ខែ បើទោះជាបានផ្ដល់ប្រាក់ជំនួសវិញនៅមួយឆ្នាំក្រោយមកក៏ដោយ។
ឥឡូវនេះកីឡាករ Messi បានបង្ហាញថា រូបគាត់មានអារម្មណ៍ថា «ដូចត្រូវគេធ្វើបាប» ក្នុងកំឡុងពេលស៊ើបអង្កេតដែលរូបគាត់បានពិចារណាពីការឈប់លេងនៅក្លិប Barcelona ដើម្បីអាចចេញពីប្រទេសនេះបាន ប៉ុន្តែរូបគេគិតថា ក្លិបផ្សេងទៀតបានបញ្ចប់រដូវកាលទិញកីឡាករជាផ្លូវការអស់ហើយ។
កីឡាករ Messi បានប្រាប់ RAC1 ថា៖ «ក្នុងឆ្នាំ ២០១២, ២០១៣ និងឆ្នាំ ២០១៤ ខ្ញុំមានការលំបាកណាស់។ មែនហើយ ជាមួយបញ្ហាពាក់ព័ន្ធនឹងទីភ្នាក់ងារពន្ធដាររបស់រដ្ឋអេស៉្បាញនេះ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសារពីព្រោះប្រជាពលរដ្ឋពិតជាមិនដឹង ថាមានអ្វីកើតឡើងនោះទេ។ ពួកគេបានឮរឿងរ៉ាវ ហើយពួកគេបានបញ្ចេញមតិដូចគ្នានឹងសារព័ត៌មានអ៊ីចឹងដែរ»។
កីឡាកររូបនេះបានបន្ថែមថា៖ « ខ្ញុំគិតថាខ្ញុំ គឺជាកីឡាករបាល់ទាត់ដំបូងគេដែលត្រូវបានស៊ើបអង្កេតដោយតុលាការ Hacienda ហើយដោយសារហេតុផលនេះ វាពិតជាលំបាកណាស់ ខណៈកូនៗរបស់ខ្ញុំនៅតូចនៅឡើយ»។
កីឡាករ Messi បានបន្ថែមទៀតថា៖ «នៅពេលនោះ ខ្ញុំបានគិតដោយស្មោះត្រង់អំពីការចាកចេញពីក្លិបនេះ មិនមែនដោយសារតែខ្ញុំចង់ចាកចេញពីក្លិប Barcelona នោះទេ ប៉ុន្តែដោយសារខ្ញុំចង់ចាកចេញពីប្រទេស អេស្ប៉ាញ តែម្ដងពីព្រោះខ្ញុំមានអារម្មណ៍ថា ដូចត្រូវបានគេធ្វើបាប ហើយខ្ញុំមិនចង់នៅទីនេះទៀតទេ។ ខ្ញុំមានផ្លូវដើរច្រើន ប៉ុន្តែមិនទាន់ច្បាស់ទេ ព្រោះគ្រប់គ្នាបានដឹងពីគោលបំណងរបស់ខ្ញុំហើយ»៕ AFP/SN