ក្រុង​ម៉ា្រឌីដ៖ ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ជួយ​បង្កើន​ក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​​របស់​ក្រុម Barcelona ក្នុង​ការ​លើក​​ពាន​រង្វាន់​​អេស្ប៉ាញ​ La Liga​ តាមរយៈ​ការ​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Atletico Madrid ១-០ កាល​ពី​ថ្ងៃ​អាទិត្យ​។​

កីឡាករ Messi បាន​បង្កើត​ជ័យជម្នះ​ម្ដង​ហើយ​ម្ដង​ទៀត ​សម្រាប់​ក្រុម Barcelona នៅ​កីឡដ្ឋាន Wanda Metropolitano ជា​ទី​ដែល​រូប​គេ​បាន​ស៊ុត​បាល់​ចូល​ទី​ពី​ចម្ងាយ​យ៉ាង​ល្អ​ក្នុង​នាទី ​៨៦ ​ដើម្បី​កុំ​ឲ្យ​ការ​ប្រកួត​នេះ​​​បញ្ចប់​ទៅ​ដោយ​គ្មាន​បាន ១ ​គ្រាប់​នោះ​ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ខ្សែ​ប្រយុទ្ធ Luis Suarez។​​

លោក Ernesto Valverde ជាគ្រូ​​បង្វឹក​ក្លិប Barcelona បាន​និយាយ​ថា៖ «​រាល់​​ការ​ប្រកួត​ចុង​ម៉ោង​ និង​​ពោរ​ពេញ​ដោយ​ភាព​តឹងតែង​បំផុត​នោះ កីឡាករ Messi តែងតែ​ជា​អ្នក​មាន​គុណ​សម្បត្តិ​ធំ​បំផុត​»។​​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម Barcelona ទទួល​បាន ​៣ ​ពិន្ទុ​ទៀត ​ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga មាន ​៣១ ​ពិន្ទុ ​ដែល​តាម​ពី​ក្រោយ​ដោយ​ក្រុម Real Madrid​ ជា​មួយ​​ពិន្ទុ​ស្មើ​គ្នា​។​

លោក Valverde បាន​បន្ថែម​ថា៖ «​វា​សំខាន់​សម្រាប់ ​៣ ​ពិន្ទុ​នេះ​ ហើយ​ក៏​សំខាន់​សម្រាប់​ផ្លូវ​ចិត្ត​ផង​ដែរ ​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​នៅ​ក្នុង​​អំឡុង​ពេល​បុណ្យ​ណូអែល​»។​

ឥឡូវ​នេះ​ក្លិប Atletico កំពុង​តាម​ពី​ក្រោយ ​៦ ​ពិន្ទុ ​នៃ​ក្រុម Real និង ក្លិប​ Barcelona ដែល​ក្លិប​ទាំង ​២ ​នេះ ​នឹង​ត្រូវ​ជួប​គ្នាជា​លើក​ដំបូង​នៅ​រដូវកាល​នេះ ​នៅ​កីឡដ្ឋាន​ Camp Nou ក្នុង​ព្រឹត្តិ​ការណ៍ Clasico នៅ​ថ្ងៃទី ​១៨ ខែ​ធ្នូ​ ខាង​មុខ​។​​

ប៉ុន្តែ​ក្រុម Atletico នឹង​ត្រូវ​ប្រកួត​ក្រៅ​ទឹក​ដី​ជាមួយ​ក្រុម Barcelona និង​ក្លិប Real នៅ​វគ្គ​ទី ​២ ​នៃ​រដូវកាល​នេះ ​ក្រោយ​ពី​ឈប់​សម្រាក​សម្រាប់​ពិធី​បុណ្យ​ណូអែល​នេះ​​រួច​ហើយ​។​

លោក Diego Simeone គ្រូ​បង្វឹក​ក្លិប​ Atletico បាន​និយាយ​ថា៖ «​យើង​ត្រូវ​ការ​ពិន្ទុ​ថែម​ទៀត​។ យើង​មិន​ទាន់​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ទាំង ​២ ​នេះ​ពេក​​ទេ ​ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ចំពោះ​គម្លាត​នេះ​។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​ដែល​យើង​កំពុង​លេង​នេះ​ ប៉ុន្តែ​ខ្ញុំ​​មិន​ទាន់​​ញញឹម​ចំពោះ​ទម្រង់​លេង​នោះ​ទាំង​ស្រុង​​ទេ ​ព្រោះ​វា​មិន​បាន​ផ្ដល់​ពិន្ទុ​ដល់​យើង​ថែម​ទៀត​»។​​

ខ្សែ​ប្រយុទ្ធ​ Antoine ​Griezmann ត្រូវ​បាន​លេច​ឮ​ព័ត៌មាន​ពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់​របស់​ខ្លួន​ដែល​រូប​គាត់​បាន​ចាក​ចេញ​សម្រាប់​តម្លៃ​ខ្លួន​ ១២០ លាន​អឺរ៉ូ ​ប្រហែល ​១៣២,៣ ​លាន​ដុល្លារ ​​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ Barcelona ​នៅ​ពេល​បិទ​បញ្ចប់​រដូវ​កាល ​ខណៈ​ពេល​ដែល​រូប​គេ​មិន​សូវ​ជា​បាន​លេង​នៅ​ក្នុង​ការ​ប្រកួត​​ប៉ុន្មាន​នោះ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ខ្សែប្រយុទ្ធ Messi រក​បាន​គ្រាប់​បាល់​ទី ​១២ ​របស់​ខ្លួន​នៅ​រដូវកាល​នេះ​ និង​គ្រាប់​បាល់​ទី ​៦ ​ក្នុង ​៥ ​ប្រកួត​ចុង​ក្រោយ​នេះ​ ហើយ​ឥឡូវ​នេះ​រូប​គេ​មាន ​២៥ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​លីក​ចំនួន ​២៧ ​​​លើក​​ ជាមួយ​ក្រុម Atletico ទោះ​ជា​នេះ​គឺ​ជា​លើក​ដំបូង​នៅ​កីឡដ្ឋាន​ Wanda Metropolitano ក៏​ដោយ​។​​

ក្នុង​ការ​ប្រកួត​នេះ ក្លិប Barcelona មាន​សំណាង​ដែល​ពួក​គេ​មិន​ត្រូវ​បាន​កាត់​បន្ថយ​សមាជិក​នៅ​សល់​គ្នា ​១០ ​នាក់ ​នៅ​តង់​ទី ​២ ​នៅ​ពេល​កីឡាករ Gerard Pique គេច​ផុត​ពី​ការ​ទទួល​​បាន​កាត​លឿង​លើក​ទី ​២ ​ចំពោះ​ការ​បង្ក​កំហុស​ទៅ​លើ​កីឡាករ Alvaro Morata៕ AFP/SN