ក្រុង​ប៉ារីស៖ ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​ថា រូប​គេ​សង្ឃឹម​ថា នឹង​​បន្ត​រីក​រាយ​នឹង​ការ​ប្រកួត​ជា​បន្ត​ទៀត​ ​បន្ទាប់​ពី​រូប​គាត់​បាន​ឈ្នះ​ពាន​រង្វាន់​​ Ballon​ d''Or លើក​ទី ៦ របស់​ខ្លួន​​នៅ​អាយុ ៣២ ឆ្នាំ ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស ​បារាំង ​កាល​ពី​ថ្ងៃ​ចន្ទ ​ខណៈ​​កំពូល​តារា​បាល់​ទាត់​ពិភព​លោក​របស់​អាមេរិក​ Megan Rapinoe ​បាន​ឈ្នះ​ពាន​រង្វាន់​​នេះ​សម្រាប់​នារី​។​

កីឡាការិនី​ Rappinoe មិន​បាន​​ចូលរួម​ក្នុង​ពិធី​​នៅ​​មហោស្រព Chatelet Theatre នៅ​​ទីក្រុង​ប៉ារីស​ ​ប្រទេស ​បារាំង ​​​នេះ​ទេ ​ជា​ទី​ដែល​រូប​នាង​បាន​ដឹកនាំ​ជម្រើស​ជាតិ​បាល់ទាត់​នារី​អាមេរិក​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត​ World Cup កាល​ពី​ខែ​កក្កដា​។​

ផ្ទុយ​មក​វិញ​ កីឡាករ​ Messi បាន​នាំ​យក​ភរិយា ​គឺ​អ្នកស្រី​ Antonella Roccuzzo និង​កូន ២ ​នាក់​​របស់​ខ្លួន​ទៅ​ចូលរួម​ពិធី​នេះ ហើយ​នេះ​ជា​លើក​ទី ​១ ​របស់​កីឡាករ Messi ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ Ballon d''Or តាំង​ពី​ឆ្នាំ ​២០១៥​ និង​សរុប​លើក​ទី ​៦​ ​​​របស់​ខ្លួន ​ខណៈ​រូប​គេ​បាន​ទទួល​ច្រើន​ជាង​​កីឡាករ Cristiano Ronaldo ចំនួន ​១ ​ពាន​។​

កីឡាករ​ Messi បាន​និយាយ​នៅ​លើ​វេទិកា​ក្រោយ​ពី​ទទួល​ពាន​រង្វាន់​នេះ ​ពី​អ្នក​ឈ្នះ​ឆ្នាំ​មុន ​គឺ​កីឡាករ Luka Modric ថា៖ «​វា​មាន​រយៈពេល​ ១០ ឆ្នាំ ​តាំង​ពី​ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់​ Ballon d''Or លើក​ដំបូង​របស់​ខ្ញុំ​នៅ​ទីក្រុង​ប៉ារីស​​ ហើយ​ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​មក​ទី​នេះ​ជាមួយ​បងប្អូន​ខ្ញុំ ​៣ ​នាក់​ ហើយ​ខ្ញុំ​មាន​អាយុ ​២២ ​ឆ្នាំ​ ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​​ចំពោះ​​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់​នៅ​ពេល​នេះ​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​នៅ​សល់​ពេល​ច្រើន​ឆ្នាំ​ទៀត ​ដើម្បី​បន្ត​រីក​រាយ​នឹង​បាល់​ទាត់​របស់​ខ្ញុំ​។ ខ្ញុំ​ដឹង​ពី​អាយុ​របស់​ខ្ញុំ​​ ​ហើយ​ពេល​​នេះ​ខ្ញុំ​​​កាន់​តែ​រីករាយ​ជាង​មុន​ពី​ព្រោះ​ពេលវេលា​ដែល​​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍ ​គឺ​កាន់​តែ​ជិត​មក​ដល់​​ហើយ ហើយ​​នោះ​គឺ​​ពិបាក»។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​អ្វីៗ​នឹង​ដំណើរការ​ល្អ​នៅ​ពេល​ខ្ញុំ​នៅ​សល់​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ខាង​មុខ​នេះ ​ប៉ុន្តែ​ពេល​នេះ​វា​​ហាក់​ដូច​ជា​កន្លង​ទៅ​លឿន​មែន​ទែន​ ហើយ​អ្វីៗ​កំពុង​កើត​ឡើង​ឆាប់​បំផុត​»។​​

កីឡាករ​ Messi បាន​ឈ្នះ​ពាន​រង្វាន់​នៅ​ឆ្នាំ​នេះ​ដែល​រៀប​ចំ​ដោយ​ទស្សនា​វដ្ដី​ France Football និង​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​តាមរយៈ​​បណ្ដាញ​អ្នក​កាសែត​ជុំវិញ​ពិភព​លោក​ ហើយ​អ្នក​ជាប់​លេខ ​២ ​បាន​ទៅ​លើ​ខ្សែ​ការពារ​ Virgil van Dijk របស់​ក្លិប Liverpool ខណៈ​លេខ ​៣ ​បាន​ទៅ​លើ​កីឡាករ Ronaldo។​

នេះ​ជា​លើក​ទី ​១ ​តាំង​ពី​ឆ្នាំ ​២០១០ ​ដែល​កីឡាករ​ Ronaldo ខកខាន​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​កីឡាករ​ឆ្នើម​ទាំង ​២​។​

ក្រោយ​ពី​​បាន​ក្លាយ​ជា​តារា​បាល់​ទាត់​​នៅ​ក្រុម Liverpool ជាមួយ​ការ​​ឈ្នះ​ពាន​រង្វាន់​ Champions League ​​ខ្សែ​ការពារ​ Van Dijk បាន​ជាប់​​ចំណាត់​ថ្នាក់​លេខ ​២ ​បន្ទាប់​ពី​កីឡាករ​ Messi ដូច​ដែល​​រូប​គេ​​បាន​ធ្វើ​ក្នុង​ការ​​ទទួល​បាន​សំឡេង​គាំទ្រ​សម្រាប់​​ពាន​រង្វាន់​កីឡាករ​ឆ្នើម​របស់​សហព័ន្ធ​បាល់ទាត់​ FIFA កាល​ពី​ខែ​កញ្ញា​។​​​

កីឡាករ​ Van Dijk បាន​និយាយ​ថា៖ «​ជា​អកុសល​ដែល​មិន​មាន​កីឡាករ​​ដូច​គាត់​​ឲ្យ​បាន​ច្រើន​។ ការ​ឈ្នះ​ពាន​រង្វាន់ Ballon d''Or លើក​ទី​ ៦ នេះ ​គឺ​អស្សារ្យ​ណាស់ ហើយ​​អ្នក​ត្រូវ​តែ​គោរព​ចំពោះ​ភាព​អស្ចារ្យ​នេះ​»។​​​

កីឡាករ Messi រក​បាន ​៤៦ ​គ្រាប់ ​ក្នុង ​៥៤ ​ប្រកួត ​នៅ​ឆ្នាំ ​២០១៩ ​នេះ​ និង​បាន​បំប៉ោង​សំណាញ់​ទី ​៣៦ ​លើក​ក្នុង ​៣៤ ​ប្រកួត​នៃ​ក្របខ័ណ្ឌ La Liga កាល​ពី​រដូវកាល​មុន ​ខណៈ​ក្លិប Barcelona បាន​ឈ្នះ​ពាន​រង្វាន់​នេះ​។​

ចំណែក​កីឡាការិនី​ Rapinoe បាន​ឈ្នះ​ពាន​រង្វាន់​ Ballon d''Or សម្រាប់​ផ្នែក​បាល់​ទាត់​នារី​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ស្ថាប័ន​កាសែត​ចំនួន ​៤៨ ​​​នៅ​ជុំវិញ​ពិភព​លោក​​ដោយសារ​រូប​នាង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្នុង​​ព្រឹត្តិការណ៍​ World Cup ឆ្នាំ ​២០១៩​ សម្រាប់​បាល់​ទាត់​​នារី​​នៅ​ប្រទេស ​បារាំង​។​

កីឡាការិនី​ Rapinoe បាន​និយាយ​ក្នុង​សារ​ជា​វីដេអូ​ថា៖ «​វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​»៕ AFP/SN