ក្រុងប៉ូតូៈ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អាហ្សង់ទីន Lionel Messi និយាយ​ថា ប្រទេស​អាហ្សង់ទីន​នឹង​ចាប់ផ្ដើម​នៅ​វគ្គ​បន្ត​នៅ Copa America ក្រោយពី​ឆ្លង​ផុត​គ្រោះថ្នាក់​ដោយ​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​កាតា ២-០ កាលពី​អាទិត្យ​ដែល​បាន​បញ្ជូន​ពួកគេ​ឡើង​ទៅ​វគ្គ​ជម្រុះ​ចេញ​បន្ត​ទៀត​។

ការរក​បាន​ ២ ​គ្រាប់​របស់​កីឡាករ Lautaro Martinez នៅ​នាទី​ទី​ ៤ និង​កីឡាករ Sergio Aguero នៅ​នាទី​ទី​ ៨២ គឺ​ល្មម​ធ្វើឲ្យ​ប្រទេស​អាហ្សង់ទីន​ឡើង​ផុត​ពី​បាត​តារាង​នៅ​ពូល B ដើម្បី​ឈរ​នៅ​លេខ​ ២ ហើយ​បន្ត​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ដែល​នឹង​ត្រូវ​ជួប​ជាមួយ​ជម្រើសជាតិ​វ៉េណេស៊ុយអេឡា​នៅ​កីឡដ្ឋាន Maracana ក្នុង​ទីក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។

កីឡាករ Messi អាយុ​ ៣២ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ឈ្នះ​ដើម្បី​បាន​លេង​វគ្គ​បន្ត​នៅ Copa នេះ​ក្រោយពី​បាន​ឆ្លងកាត់​ការប្រកួត​រក​អ្នក​ខ្លាំង​នៅក្នុង​ពូល​នេះ​រួច​ហើយ​»​។

ខ្សែប្រយុទ្ធ​ដែល​លេង​នៅ​ក្លិប Barcelona រូបនេះ​បាន​បន្ថែម​ថា​៖ «​លទ្ធផល​នេះ​នឹង​ជា​កម្លាំង​ជំរុញ​ដ៏សំខាន់​មួយ​សម្រាប់​អ្វីៗ​នៅពេល​ខាង​មុខ​ទៀត​ដែល​នឹង​ចាប់ផ្ដើម​បន្ត​នៅ Copa នេះ​»​។

កីឡាករ Messi បាន​បញ្ជាក់​ថា​៖ «​ជ័យជម្នះ​នេះ​បាន​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​យើង និង​ធ្វើឲ្យ​យើង​រីកចម្រើន​ក្នុង​ក្រុម​ថែម​ទៀត​»​។

ទម្រង់​លេង​របស់​អាហ្សង់ទីន​លើក​នេះ​គឺ​មិន​ជា​អស្ចារ្យ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ពួកគេ​លេង​ល្អ​ល្មម​នឹង​អាច​ឈ្នះ​ប្រទេស​កាតា​ដែល​មាន​ទម្រង់​លេង​នៅ​មាន​កម្រិត​នៅ​ឡើយ​ព្រោះ​គ្រាន់តែ​ការប្រកួត​ចាប់ផ្ដើម​បាន​ ៤ ​នាទី​ភ្លាម កីឡាករ​កាតា Bassam Hicham បាន​បញ្ជូន​បាល់​មិន​បាន​ល្អ​ដោយ​ត្រូវ Martinez កាត់​យក​បាន​នៅក្នុង​តំបន់​គ្រោះថ្នាក់​ធ្វើឲ្យ​គាត់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​តែម្ដង​។

ទោះ​យ៉ាងណា​កីឡាករ Messi បាន​ទទួល​ស្គាល់​ថា​មាន​ការព្រួយបារម្ភ​ចំពោះ​ក្រុម​អាហ្សង់ទីន​ផង​ដែរ​ដោយ​និយាយ​ថា​៖ «​វា​ជា​ការប្រកួត​តឹងតែង​មួយ​ដោយសារ​យើង​មាន​កាតព្វកិច្ច​ត្រូវតែ​ឈ្នះ​ជា​ចាំបាច់​បើ​មិន​ដូច្នេះ​ទេ​នឹង​គ្មាន​ឱកាស​ទៀត​ឡើយ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​ទន្ទឹម​នេះ​យើង​លេង​បាន​ល្អ និង​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដែល​ជា​ឧបសគ្គ​របស់​យើង​ហើយ​»​។

កីឡាករ Aguero ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​វិញ​ក្រោយពី​ត្រូវ​បាន​គេ​ដក​គាត់​សម្រាប់​ការប្រកួត​ស្មើគ្នា ១-១ ជាមួយ​ប្រទេស​ប៉ារ៉ាហ្គាយ​នោះ​បាន​លេង​រួម​គ្នា​ជាមួយ​កីឡាករ Messi និង Martinez​។

កីឡាករ​រូបនេះ​បាន​ខិតខំ​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​ខ្លួនឯង​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​រហូត​ដល់​ជិត​ចុងបញ្ចប់​នៃ​ការប្រកួត​ទើប​គាត់​អាច​សម្រេច​បាន​ដោយ​បាន​បណ្ដើរ​បាល់​ដាច់​ពី​ខ្សែការពារ​ ២ ​នាក់ ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​។

កីឡាករ Aguero បាន​និយាយ​ថា​៖ «​ជា​សំណាង​ល្អ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចាប់ផ្ដើម​ម្ដង​ទៀត​ដែល​ត្រូវ​រួម​កម្លាំង​ជាមួយ​យើង​ទាំង​ ៣ ​នាក់​រហូត​ទាល់​តែ​យើង​បាន​សម្រេច​»​។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​លោក Lionel Scaloni បាន​ធ្វើការ​វាយតម្លៃ​ហ្មត់ចត់​ពី​ទម្រង់​លេង​របស់​អាហ្សង់ទីន​ក្រោយពី​ឆ្លងកាត់​ការប្រកួត​ទាំង​ ៣ ​លើក​ដែល​ពួកគេ​បាន​តស៊ូ​ជាយូរ​មក​ហើយ​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទាំងស្រុង​នោះ​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ថា​៖ «​យើង​មាន​ការសប្បាយចិត្ត​ព្រោះ​យើង​បាន​ឡើង​នៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​នៅ​គ្រប់​ចំណុច​ទាំងអស់​។ ថ្ងៃនេះ​ពេល​ខ្លះ​ក្រុម​យើង​លេង​បាន​ល្អ និង​មិន​សូវ​មាន​កង្វល់​នោះ​ទេ​»៕ SN