The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Messi ស៊ុត​គ្រាប់​ទី ៧០០ តែ Barca អស់​សង្ឃឹម​បណ្ដើរៗ​




Messi ស៊ុត​គ្រាប់​ទី ៧០០ តែ Barca អស់​សង្ឃឹម​បណ្ដើរៗ​

Content image - Phnom Penh Post
Messi (លេខ ១០) របស់ក្រុម Barca ស៊ុតគ្រាប់បាល់អាជីពទី ៧០០ អំឡុង​ការប្រកួត ដែលស្មើជាមួយក្រុម Atletico ២-២ ។ AFP

Messi ស៊ុត​គ្រាប់​ទី ៧០០ តែ Barca អស់​សង្ឃឹម​បណ្ដើរៗ​

ក្រុង​ម៉ា្រឌីដ៖ ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​អាជីព​​ទី ៧០០ របស់​ខ្លួន តែ​​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona (Barca) ទទួល​​នូវ​ការ​​ខក​ចិត្ត​មួយ​ទៀត​ ដែល​បំផ្លាញ​ក្ដី​សង្ឃឹម​របស់​ពួក​គេ​ ក្នុង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ La Liga ក្រោយ​ប្រកួត​​ស្មើ ២-២​ ជាមួយ​ក្រុម Atletico Madrid កាល​ពី​យប់​ថ្ងៃ​អង្គារ​។

គ្រាប់​បាល់​ទី ៧០០ របស់​កីឡាករ​អន្តរជាតិ​អាហ្សង់​ទីន Messi នេះ កើត​ឡើង​នៅ​កីឡដ្ឋាន Camp Nou ដោយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ជាមួយ​នឹង​បច្ចេក​ទេស​ឆ្កឹះ​បាល់​យ៉ាង​អស្ចារ្យ​នៅ​នាទីទី ​៥០ ហើយ​​នោះ​ក៏​ជា​គ្រាប់​បាល់ ដែល​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ Barca នាំមុខក្រុម​ Atletico ជាថ្មី​ម្ដង​ទៀត ២-១​ ខណៈ​ការ​នាំ​មុខ​ដំបូង គឺ​កើត មាន​​​ដោយសារ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង (own goal) ​របស់​ខ្សែ​ប្រយុទ្ធ Diego Costa នៅ​វគ្គ​ទី​១ នាទីទី ​១១​។​

តែ​រាល់​ការ​នាំ​មុខ​ទាំង ​២ ​លើក សុទ្ធ​តែ​ត្រូវ​បាន​ក្រុម​គូ​ប្រជែង Atletico តាម​ស្មើ​វិញ​ជានិច្ច ដែល​ទាំង ២ ​គ្រាប់​នោះ ទម្លុះ​សំណាញ់​ទី​​ដោយ​កីឡាករ​តែ​ម្នាក់ គឺ Saul Niguez បន្ទាប់​ពី​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មិន​ភ្លាត់​ពេល​ខ្លួន​ទទួល​តួនាទី​ជា​ពេជ្ឈឃាដ សម្រាប់​​​បាល់​ប៉េណាល់​ទី ដែល​កើត​ឡើង​នៅ​នាទីទី ១៩ និង ​៦២​។ ដូច្នេះ ចប់​ការ​ប្រកួត​​ផ្លូវ​ការ ក្រុម Barca ​ស្មើ​ជាមួយ​ក្រុមភ្ញៀវ​ Atletico ២-២​។

លទ្ធផល​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​គូ​ប្រជែង​អធិរាជស Real Madrid ដែល​ប្រកួត​តិច​ជាង ១ ​ដង មាន​ឱកាស​ទៅ​មុខ​រឹត​តែ​ឆ្ងាយ​ហើយ ​ខណៈ​ការ​ប្រកួត​សល់​តែ ៥ ​លើក​ទៀត​នោះ លទ្ធភាព​​ក្នុង​ការ​​ប្រជែង​ពាន​នៅ​រដូវកាល​នេះ ហាក់​កាន់​តែ​តិច​ទៅៗ​ហើយ។ នេះ​ជា​ការ​​ស្មើ​លើក​ទី ៣ របស់​ក្រុម​ជើងឯក​ចាស់​ក្នុង​ចំណោម​ការ​ប្រកួត ៤ ​ដង​ចុង​ក្រោយ ហើយ​ជាមួយ​នឹង​ព័ត៌មាន​នៃ​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​កីឡាករ និង​គ្រូ​បង្ហាត់ អ៊ីចឹង​អនាគត​របស់​គ្រូ​បង្វឹក​លោក Quique Setien ក៏​ទំនង​ជា​មាន​ភាព​ស្រអាប់​ផង​ដែរ​។​

តែ​យ៉ាង​ណា​ អ្នក​ចាត់​ការ​ ដែល​កំពុង​រង​សម្ពាធ Setien និយាយ​ថា​៖ «​ខ្ញុំ​គ្មាន​​អារម្មណ៍​ថា កំពុង​ស្ថិត​ក្រោម​សម្ពាធ​​អ្វី​ទាំង​អស់។ វា​ជា​រឿង​គួរ​ឲ្យ​អៀន​​ខ្មាស ដែល​យើង​មិន​អាច​ឈ្នះ​បាន​។ ការ​ធ្វើ​ឲ្យ​បាត់​ពិន្ទុ​ពី ១ ​ប្រកួត ទៅ ​១ ​ប្រកួត បាន​ន័យ​ថា យើង​កំពុង​រំកិល​ខ្លួន​កាន់​តែ​ឆ្ងាយ​ពី​ជើងឯក​។ តែ​យើង​ត្រូវ​តែ​បន្ត​​ការងារ​របស់​យើង ហើយ​សម្រាប់​ថ្ងៃ​នេះ ​ការ​យក​ជ័យជម្នះ​លើ​​ក្រុម​ Atletico មិន​មែន​ជា​រឿង​ស្រួល​ទេ ព្រោះ​ពួក​គេ​ជា​ក្រុម​ល្អ​»​។

និយាយ​ពី​គ្រាប់​បាល់​ទាំង ៧០០ គ្រាប់​របស់​កីឡាករ​ Messi វិញ គឺ​​ ៦៣០ ​គ្រាប់ ក្នុង​ក្រុម​ Barca ហើយ ​៧០ ​គ្រាប់​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ក្នុង​​​ក្រុម Barca ​ជាមួយ​នឹង​វត្តមាន ៧២៤ ​ដង នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ ឃើញ​ថា កីឡាក​វ័យ ៣៣ ​ឆ្នាំ​រូប​​នេះ ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៤៤១ ​គ្រាប់​ សម្រាប់​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ, ​នៅ Champions League រក​បាន ១១៤ គ្រាប់, ៥៣ ​គ្រាប់ ក្នុង​ក្របខ័ណ្ឌ Copa del Rey, ការ​ប្រកួត​កម្មវិធី Supercopa de Espana បាន ១៤ គ្រាប់, ៣ ​គ្រាប់ នៅ​ UEFA Super Cup ហើយ​​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់ Club World Cup រក​បាន ​៥ គ្រាប់​។

រីឯ​ក្នុង​ក្រុម​ជម្រើស​ជាតិ​វិញ​ កីឡាករ​ជយលាភី​ពាន Ballon d'Or ៦ ​សម័យ​កាល​រូប​នេះ​រក​គ្រាប់​បាល់​បាន​ ៣៤ ​គ្រាប់​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ, ២១ ​គ្រាប់ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup, ៩ ​គ្រាប់​នៅ​ក្នុង​កម្មវិធី ​ Copa America និង​ ៦ គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍