ក្រុង​ម៉ាឌ្រីដ: តារា​ឆ្នើម Lionel Messi ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់ ក្នុងនោះ​រួមទាំង ១ គ្រាប់ ដែល​ប្រើ​បច្ចេកទេស​ផ្ទាល់ខ្លួន​យ៉ាង​អស្ចារ្យ ខណៈ​ក្រុម​អ្នកមាន​បុណ្យ Barcelona បំបាក់​ក្រុម Athletic Bilbao ៤-០ ដើម្បី​លើក​ពាន Copa del Rey កាលពី​ថ្ងៃ​សៅរ៍ ដោយ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​គូប្រជែង​របស់​ខ្លួន​រង​បរាជ័យ​ជា​លើក​ទី ២ ក្នុង​រយៈពេល ២ សប្ដាហ៍ នៅ​កន្លែង​ដដែល។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ក្រុង​សេវីល​នេះ​នៅ​វគ្គ​ទី ១ ក្រុម​ទាំង ២ បាន​ស្មើគ្នា ០-០ តែ​ចូលដល់​វគ្គ​ទី ២ ខ្សែប្រយុទ្ធ Antoine Griezmann ជួយ​ឱ្យ​ក្រុម Barca នាំមុខ នៅ​នាទី​ទី ៦០ មុននឹង Frenkie de Jong បន្ថែម​ការនាំ​មុខ​នៅ​នាទី​ទី ៦៣ ខណៈ ៥ នាទី​បន្ទាប់ Messi ជួយ​ឱ្យ​ក្រុម​នាំមុខ​កាន់តែ​ឆ្ងាយ ហើយ​នាទី​ទី ៧២ ក៏​អាច​ស៊ុត​គ្រាប់​ទី ២ របស់ខ្លួន​បាន ក៏ដូចជា​គ្រាប់​បាល់​ជ័យជម្នះ​ចុងក្រោយ សម្រាប់​ក្រុម​ផងដែរ។

Bilbao ជា​ក្រុម​ដែល​ឈ្នះ​ពាន Copa del Rey នេះ​បាន​ច្រើន លំដាប់​ទី ២ បន្ទាប់ពី​ក្រុម Barca តែ​ពួកគេ​មិនដែល​បាន​កា្លយ​ជា​ជើងឯក​ម្ដងណា​ឡើយ​តាំងពី​លើកចុងក្រោយ នា​រដូវកាល ១៩៨៣-១៩៨៤ ដែល​ពេលនោះ ក្រុម​មួយ​នេះ​យកឈ្នះ​គូប្រជែង Barca ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Santiago Bernabeu។

ចំណែក​នៅ​ខែមេសា ឆ្នាំ ២០២១ នេះ ជាមួយ​នឹង​ឱកាស ២ លើក ប្រាកដ​ណាស់​ជា​ពេល​ដែល​ក្រុម Bilbao អាច​បន្ថែម​ចំនួន​ពាន​ទៅក្នុង​កំណត់ត្រា​របស់ខ្លួន តែ​ចុងក្រោយ​ពួកគេ​បាន​បរាជ័យ​ទាំងអស់​ក្នុង​ការប្រកួត​នា​កីឡដ្ឋាន La Cartuja នេះ ដោយ​លើក​ទី ១ ចាញ់ Real Sociedad ១-០ ហើយ​បន្ទាប់មក លើក​ទី ២ នេះ​ពួកគេ​ក៏​ចាញ់ Barca ៤-០ ទៀត។

Messi កំពុង​លើក​ពាន Copa del Rey ឬ King's Cup នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​នៃ​ប្រទេស​អេស្ប៉ាញ Felipe VI (ខាងក្រោយ​កណ្ដាល) ក្រោយ​ស៊ុត​បាន ២គ្រាប់ ជួយ​ឱ្យ Barca ឈ្នះ Bilbao ៤-០ កាលពី​ថ្ងៃ​សៅរ៍។

យ៉ាងណា សម្រាប់​កីឡាករ​អន្តរជាតិ​អាហ្សង់ទីន Messi ក្រោយពី​អាច​រួមចំណែក​ជួយ​ឱ្យ​ក្រុម​លើក​ពានរង្វាន់​នេះ​បាន​និយាយថា៖ «វា​ជា​រឿង​ពិសេស​ណាស់​ក្នុង​ការធ្វើ​ជា​ប្រធាន​នៃ​ក្រុម ដែល​ខ្ញុំ​ចំណាយ​ពេលវេលា​ជាមួយ​ពេញ​មួយជីវិត​របស់ខ្ញុំ ហើយ​ពិសេស​ណាស់ ដែល​អាច​លើក​ពានរង្វាន់​នេះ»។

ដោយមាន​ប្រធាន​ក្លិប​ថ្មី លោក Joan Laporta នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ដែរនោះ ការឈ្នះ​ពាន​ទី ១ របស់​លោក Ronald Koeman ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម Barca នេះ​ក៏​អាចជា​កម្លាំង​ជំរុញ​ដ៏សំខាន់​ផងដែរ ក្នុង​ការផ្ដល់ឱកាស​ឱ្យ​គាត់​នៅ​ធ្វើ​តួនាទី​ហួស​ពី​រដូវក្ដៅ។

នៅពេល​ត្រូវបាន​សួរ​ពី​អនាគត​របស់​លោក Koeman លោក Laporta បាន​ឆ្លើយ​ដោយខ្លីៗ​ថា៖ «គាត់​ធ្វើ​បាន​ល្អ»។

យ៉ាងណាក្ដី ប្រយោជន៍​នៃ​ជោគជ័យ​នេះ ក្រៅពី​បញ្ជាក់​ឱ្យឃើញ​ពី​ការរីកចម្រើន​របស់​ក្លិប​ហើយ​នោះ សម្រាប់​លោក Koeman មាន​សង្ឃឹមថា វា​មិន​ត្រឹមតែ​អាចជួយ​អន្ទង​ចិត្ត​ឱ្យ Messi ស្នាក់នៅ​បន្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្ដល់នូវ​កម្លាំងចិត្ត​កាន់​តែ​ខ្លាំង​ដល់​ក្រុម Barca របស់​លោក​ឱ្យទៅ​ប្រជែង​ពាន​ក្របខ័ណ្ឌ La Liga ទៀតផង។

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ លោក Koeman បន្ថែមថា៖ «ទោះជា​មាន​ការប្រែប្រួល​ក្នុង​ក្លិប និង​កីឡាករ​ក្មេងៗ​ក៏ដោយ នៅ​ក្រុម Barca គ្រប់គ្នា​ត្រូវតែ​ប្រយុទ្ធ ដើម្បី​ឈ្នះ​ពាន។ យើង​ឈ្នះ ១ ហើយ អ៊ីចឹង​ឥឡូវនេះ យើង​នឹង​ទៅ​ប្រកួត​ប្រជែង​រហូត​ដល់​ហ្គេម​ចុងក្រោយ នៅ La Liga ទៀត»៕ VN