The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Messi ស៊ុត ២ គ្រាប់ ជួយ​ឱ្យ Barca ឈ្នះ Valencia ទាំង​តានតឹង




Messi ស៊ុត ២ គ្រាប់ ជួយ​ឱ្យ Barca ឈ្នះ Valencia ទាំង​តានតឹង

Content image - Phnom Penh Post
Messi (ឆ្វេង) ស៊ុត​បាល់​ហ្វ្រីឃិក​ចូល​ទី​យ៉ាង​ស្អាត​ឱ្យ Barca នាំមុខ Valencia ៣-១ អំឡុង​ការប្រកួត នៅ​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃអាទិត្យ។

Messi ស៊ុត ២ គ្រាប់ ជួយ​ឱ្យ Barca ឈ្នះ Valencia ទាំង​តានតឹង

ក្រុងវ៉ាឡេនសៀ:កីឡាករ Lionel Messi ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ អត់​ចូល តែ​នៅ​អាច​ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់​ក្នុង​នោះ​រួមទាំង​ការទាត់​ហ្វ្រីឃិក​យ៉ាង​ស្អាត ១ គ្រាប់ ខណៈ​ក្រុម​អ្នកមាន​បុណ្យ Barcelona មាន​គ្រាប់​បាល់​លើស​ក្រុម Valencia ក្នុងចំណោម​គ្រាប់​បាល់ ៥ គ្រាប់ ដែល​ក្រុម​ទាំង ២ បាន​បំប៉ោង​សំណាញ់​ទី​គ្នា​ទៅវិញទៅមក។

លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម Barca មាន​រយៈ​ចម្ងាយ​រឹតតែ​កៀក​នឹង​ក្រុម ដែល​កំពុងមាន​ពិន្ទុ​នាំមុខគេ ក្នុង​តារាង​ក្របខ័ណ្ឌ La Liga របស់​អេស្ប៉ាញ។

បន្ទាប់ពី​ក្រុម​ត្រកូល «Madrid» ទាំង ២ គឺ Real Madrid និង Atletico Madrid សុទ្ធតែ​មានជ័យ​ជម្នះ​ដូចគ្នា ដូច្នេះ​មានន័យថា អត់​មានឱកាស​ទុកឱ្យ​ក្រុម​អ្នកមាន​បុណ្យ បង្កើត​នូវ​កំហុសឆ្គង​នោះឡើយ សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Mestalla នេះ ហើយ​ទីបំផុត​ការឈ្នះ​ក្នុង​លទ្ធផល ៣-២ បាន​ជួយ​ឱ្យ​ពួកគេ​មាន​គម្លាត​តែ ២ ពិន្ទុ​ប៉ុណ្ណោះ ពីក្រោម​ក្រុម Atletico ដែល​ឈរ​លេខ ១ ជាមួយ​នឹង ៧៦ ពិន្ទុ។

តែ​យ៉ាងណា ការប្រកួត​ដ៏តានតឹង​នេះ វគ្គ​ដំបូង​បញ្ចប់​ក្នុង​លទ្ធផល ០-០ មុននឹង​កីឡាករ Gabriel Paulista តែត​បញ្ចូល​ទី​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ Valencia នាំមុខ​នៅ​ដើម​វគ្គ​ទី២ ។ ខ្សែប្រយុទ្ធ Messi ទាត់​បាល់​ប៉េណាល់ទី អត់​ផុតដៃ​អ្នកចាំទី Jasper Cillessen តែ​សំណាងល្អ មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​ឱ្យ​ក្រុម​តាម​ស្មើ​វិញ ពេល​បាល់​ឡង​មក​ចំ​ខ្លួន។

ក្រោយមក ១ គ្រាប់​របស់ Antoine Griezmann និង​គ្រាប់​ទី ២ របស់ Messi ដែល​បាន​ពី​ការស៊ុត​ហ្វ្រីឃិក​ដ៏គួរ​ស្ងើច ទំនង​ជា​គ្មានអ្វី​មករា​រាំង​ក្រុម Barca មិនឱ្យ​ឈ្នះ​ការប្រកួត​នេះនោះ​ឡើយ តែ​ការស៊ុត​ពី​ចម្ងាយ​សឹង​មិនគួរ​ឱ្យ​ជឿ​ពី​សំណាក់​កីឡាករ Carlos Soler បាន​ធ្វើឱ្យ​ក្រុម​របស់លោក Ronald Koeman ត្រូវ​ជ្រួលច្រាល់​ក្នុង​ចិត្ត​មិន​ស្ទើរ​ដែរ ទម្រាំ​សំឡេង​កញ្ចែ​ចុងក្រោយ​បន្លឺឡើង។

ក្រោយ​ការប្រកួត​បញ្ចប់ទៅ ខ្សែការពារ​របស់​ក្រុម Barca កីឡាករ Gerard Pique បាន​និយាយថា៖ «យើង​ដឹងថា យើង​នឹង​មិន​មាន​ហ្គេម​ណាមួយ ដែល​ត្រូវ​លេង​ដោយ​សប្បាយៗ​នោះ​ឡើយ។ យើង​កំពុងស្ថិត​នៅក្នុង​ការប្រកួត​ប្រជែង​នៅឡើយ។ ការប្រកួត​សប្បាយៗ​មាន​ន័យថា អ្នក​មិនបាន​ធ្វើការ​ប្រជែង​យក​អ្វី​ទាំងអស់»។

បន្ទាប់ពី​មាន​នូវ​សប្ដាហ៍​ដ៏ច្របូកច្របល់ ដែល​ក្រុម Real ស្មើ​ក្រុម Real Betis, ក្រុម Atletico ចាញ់​ក្រុម Athletic Bilbao ហើយ​ក្រុម Barca រងបរាជ័យ​ដោយសារ​ក្រុម Granada កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឥឡូវនេះ ក្រុម​នៅ​ទី​កំពូល​ទាំង ៣ បាន​ត្រឡប់​មកកាន់​ផ្លូវ​នៃ​ជ័យជម្នះ​របស់​ពួកគេ​វិញ​ហើយ។

៣ ពិន្ទុ​នេះ រឹតតែ​មានតម្លៃ​សម្រាប់​ក្រុម Barca ព្រោះ​វា​ជាដើម​ទុន ដើម្បី​បាន​ឡើង​ទៅ​ឈរ​ទី ១ ប្រសិនបើ​ពួកគេ​អាច​បំបាក់​ក្រុម Diego Simeone ក្នុងជំនួប នៅ​ទឹកដី Camp Nou របស់ខ្លួន​នា​ចុងសប្ដាហ៍​នេះ។

មុនពេល​ជំនួប​នេះ​កើតឡើង Pique បាន​ប្រាប់ថា៖ «គំនិត​តែ ១ គត់ គឺ​ឈ្នះ Atletico។ ខ្ញុំ​សង្ឃឹមថា ពួកយើង​នឹង​ឡើងទៅ​នៅ​ទី​កំពូល​នៅ​ចុង​សប្ដាហ៍​នេះ តែ​ទោះបី​ជា​មាន​អ្នកណាម្នាក់​ឈរ​នៅ​ទីនោះ​ក៏ដោយ ក៏​ខ្ញុំ​មិនឱ្យ​ពួកគេ​ក្លាយជា​ជើងឯក​ក្នុង​ផ្ទះ​របស់ខ្ញុំ​ជាដាច់ខាត»។

ចំណែក​ក្រុម Sevilla ឥឡូវ​កំពុង​តាម​ពីក្រោយ​ក្រុម Atletico ៦ ពិន្ទុ ហើយនឹង​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់ ពេល​ប៉ះ Athletic Bilbao ថ្ងៃ​ចន្ទ​នេះ ដើម្បី​រក្សា​ក្ដីសង្ឃឹ​ក្នុង​ការប្រជែង​ជាមួយ​ក្រុម​ទាំង ៣ ខាងលើ ជាពិសេស​ពេលធ្វើ​ដំណើរ​ទៅ​ជួប Real នៅ​ចុង​សប្ដាហ៍​នេះ៕ VN

អត្ថបទគួរចាប់អារម្មណ៍