The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Milan បណ្ដេញ​គ្រូ​បង្វឹក​ Giampaolo ជំនួស​ដោយ​លោក Pioli

Milan បណ្ដេញ​គ្រូ​បង្វឹក​ Giampaolo ជំនួស​ដោយ​លោក Pioli

Content image - Phnom Penh Post
លោក Giampaolo ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​នៅ​ក្លិប AC Milan ពីថ្ងៃ​អង្គារ​​។ រូប AFP

Milan បណ្ដេញ​គ្រូ​បង្វឹក​ Giampaolo ជំនួស​ដោយ​លោក Pioli

ក្រុង​មីឡាន៖ ក្លិប AC Milan កាល​ពី​ថ្ងៃ​អង្គារ​បាន​បណ្ដេញ​គ្រូ​បង្វឹក​លោក Marco Giampaolo ចេញ​ពី​តំណែង​ក្រោយ​ពី​ដឹកនាំ​បាន ​៧ ​ប្រកួត​ ខណៈ​អតីត​ក្លិប​ធំ​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​បាន​រអិល​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​១៣ ​នៃ​ក្របខ័ណ្ឌ​អ៊ីតាលី​ Serie A ហើយ​អតីត​គ្រូ​បង្វឹក​ក្លិប​ Inter Milan លោក Stefano Pioli គ្រោង​នឹង​ដឹកនាំ​បន្ត​ពី​លោក Giampaolo។​

លោក Giampaolo បាន​ជំនួស​អតីត​វីរបុរស​ក្រុម​ AC Milan គឺ​​​លោក ​Gennaro ​Gattuso ដែល​បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​គ្មាន​ឱកាស​បាន​លេង​នៅ​ក្នុង​​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវកាល​មុន​ដោយសារ​បាន​ចំណាត់​ថ្នាក់​លេខ​ ៥។

ប៉ុន្តែ​ក្រោយ​ពី​ទទួល​បរាជ័យ ​៤ ​លើក ​រួម​ទាំង​បរាជ័យ​ ២-០ ចំពោះ​ក្រុម Inter ផង​ដែរ​នោះ​ ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប ​៧ ​ជំនាន់​មួយ​នេះ បាន​មាន​ពិន្ទុ​ នាំ​មុខ​ក្រុម​ដែល​ឈរ​នៅ​បាត​តារាង​តែ ​៣ ​ពិន្ទុ​​ប៉ុណ្ណោះ​។​​

ក្រុម​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​ថា៖ «​ក្លិប​នេះ​សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក Giampaolo ដែល​បាន​បម្រើ​ការងារ​នៅ​ទី​នេះ​ក្នុង​ពេល​កន្លង​មក​​នេះ​ ហើយ​សូម​ជូន​ពរ​មហា​ប្រសើរ​ដល់​​គាត់​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​វិជ្ជាជីវៈ​របស់​គាត់​»។​​

ជ័យជម្នះ​ ២-​១ ​ទៅ​លើ​ក្រុម​ Genoa កាល​ពី​ថ្ងៃ​សៅរ៍​នោះ ​គឺ​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ជួយ​សង្គ្រោះ​​អតីត​​គ្រូ​បង្វឹក​ក្លិប ​Sampdoria ​ដែល​ជា​គ្រូ​បង្វឹក​ទី ​៧ អង្គុយ​លើ​កៅអី​របស់​ក្រុម​ AC Milan ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​កន្លង​មក​នេះ​។

លោក Pioli ត្រូវ​បាន​គេ​រាយការណ៍​ថា​ គ្រោង​នឹង​ចូល​​ដឹកនាំ​បន្ត​ពី​លោក Giampaolo ​ នៅ​ក្លិប​ដែល​ជួប​បញ្ហា​នេះ​ និង​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​លីក​កំពូល​អ៊ីតាលី​ចុង​ក្រោយ​នៅ​ក្នុង​ចំណោម​ ១៨ លើក​នៅ​ឆ្នាំ ​២០១១​។

កាសែត​ Gazzetta Dello Sport បាន​និយាយ​ថា លោក Pioli ត្រៀម​ខ្លួន​ចុះ​កុងត្រា​រយៈពេល ​២ ​ឆ្នាំ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​តម្លៃ​ខ្លួន ​១,៥ ​លាន​អឺរ៉ូ ​ប្រហែល​ចំនួន​ ​១,៦៤ ​លាន​ដុល្លារ​អាមេរិក​។​

លោក Pioli បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពេល​ទៅ​ដល់​ទីក្រុង​មីឡាន ​ប្រទេស អ៊ីតាលី ​សម្រាប់​ការ​ចរចា​ពី​ថ្ងៃ​អង្គារ​ថា៖ «​ថ្ងៃ​ស្អែក​ យើង​នឹង​ជជែក​គ្នា​ពី​បញ្ហា​នេះ»។​

លោក Pioli បាន​ចំណាយ​ពេល​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​រយៈពេល ​១៦ ​ឆ្នាំ ​នៅ​ក្នុង​ប្រទេស ​អ៊ីតាលី ​​ជាមួយ​ក្លិប​ Bologna, Lazio, Inter និង​នៅ​ក្លិប Fiorentina ប៉ុន្តែ​មិន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ទេ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​នោះ​។

លោក Pioli អាយុ ​៥៣ ​ឆ្នាំ ​បាន​ដឹកនាំ​ក្រុម Lazio មាន​ឱកាស​លេង​នៅ​ក្រប​ខ័ណ្ឌ Champions League នៅ​ឆ្នាំ ​២០១៥​ និង​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លិប Fiorentina នៅ​ពេល​ប្រធាន​ក្រុម​ Davide Astori បាន​ដេក​ស្លាប់​នៅ​មុន​ប្រកួត​កាល​ពី​ឆ្នាំ​មុន​។​

ក្រុម AC Milan សង្ឃឹម​ថា លោក Pioli ​អាច​នាំ​មក​នូវ​ស្ថិរភាព​ ​និង​ភាព​ឡើង​វិញ​ដល់​ក្លិប​នេះ​ដែល​បាន​ជួប​បញ្ហា​ដ៏​អាក្រក់​ក្រោយ​ពី​ត្រូវ​បាន​លក់​ចំនួន ​២ ​លើក នៅ​​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ៊ីតាលី​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស ​អ៊ីតាលី​ លោក Silvio Berlusconi បាន​លក់​ក្លិប​នេះ​បន្ត​ទៅ​ឲ្យ​ពាណិជ្ជករ​​ចិន ​គឺ​លោក Li Yonghong នៅ​ឆ្នាំ ​២០១៧​ ហើយ​​ក្រុមហ៊ុន​អាមេរិក​ Elliot Management បាន​បន្ត​គ្រប់គ្រង​​ក្លិប​នេះ​នៅ​​ខែ ​កក្កដា​ ឆ្នាំ ​២០១៨​៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍