ក្រុងម៉ូស្គូ: ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី Luka Modric បានឈ្នះពានបាល់មាស សម្រាប់ការជាប់ជាកីឡាករឆ្នើមបំផុតប្រចាំយុទ្ធនាការ World Cup បើទោះបីស្ថិតក្នុងក្រុមចាញ់ ក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតដ៏រំភើបមួយក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ ក៏ដោយ។
Modric បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតចំនួន ៣ លើកក្នុងចំណោមការប្រកួត៧លើករបស់ក្រុមក្រូអាស៊ី នៅរុស្ស៊ី ប៉ុន្តែ តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ មិនមានឥទ្ធិពលក្នុងការរារាំងក្រុមជម្រើសជាតិបារាំង និងតារាឆ្នើមទើបតែរះ Kylian Mbappe វ័យ ១៩ ឆ្នាំក៏ដោយ។
ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain បានឈ្នះកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំយុទ្ធនាការ ក្រោយពីរកបានគ្រាប់បាល់ទី៤ក្នុងព្រឹត្តិការណ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលបារាំង បានយកឈ្នះក្នុងលទ្ធផល ៤-២។
ប្រធានក្រុមនៃក្រុមជម្រើសជាតិបែលហ្ស៊ិក Eden Hazard បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងការប្រជែងពានបាល់មាស ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ដែលក៏រកបានគ្រាប់បាល់ទី ៤ របស់គេក្នុងយុទ្ធនាការនៅវគ្គផ្តាច់ព្រ័ត្រដែរនោះ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។
អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក បានឈ្នះពានរង្វាន់ស្រោមដៃមាស សម្រាប់ការជាប់ជាអ្នកចាំទីដ៏ឆ្នើមបំផុត។
បើទោះបី Griezmann និង Mbappe សុទ្ធសឹងរកបានគ្រាប់បាល់ដូចគ្នាក៏ដោយ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane បានឈ្នះស្បែកជើងមាស់សម្រាប់ការរកបាន ៦ គ្រាប់៕ IS