ភ្នំពេញ៖ អនុស្សរណៈយោគយល់ (MoU) រវាងសហព័ន្ធកីឡាគុនល្បុក្កតោ និងកងយោធពលខេមរភូមិន្ទ (កងទ័ព) អស់រយៈពេលជាង ៤ ឆ្នាំកន្លងមក បានទទួលនូវផ្លែផ្កាគួរជាទីមោទនៈ ទោះបីមួយរយៈនេះជួបឧបសគ្គ ដោយសារជំងឺកូវីដ ១៩ ក៏ដោយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺវគ្គបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោបានផ្តល់ជូនកងទ័ពក្នុងកងពលថ្មើរជើងលេខ ៥១ ចំណុះភូមិភាគទី៥ ចំនួន ១០០ នាក់ ក្រោយប្រើពេលហ្វឹកហាត់ជាង ៧ ខែ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងទ័ព សហព័ន្ធបំពេញការងារបានមួយចំនួនធំៗគួរកត់សម្គាល់ មានដូចជា ចងក្រងសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ, បណ្តុះបណ្តាលគ្រូបង្គោល ដោយឲ្យចូលទៅបង្វឹកកងទ័ព ព្រមទាំងបញ្ជូនគ្រូក្បាច់គុនទៅបង្វឹកដល់អង្គភាពនានា ក្នុងប្រទេស និងថ្មីៗនេះ យើងបានបញ្ចប់ការហ្វឹកហ្វឺនដល់កងទ័ពចំនួន ១០០ នាក់ នៅកងពលថ្មើរជើងលេខ ៥១ ក្នុងភូមិភាគ ៥»។
លោកបានបន្តថា៖ «ពេលនេះ សហព័ន្ធបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ ៥១ ដែលមានមូលដ្ឋាននៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានសិក្ខាកាមចូលរួមសរុបជាង ១០០ នាក់ ហើយពិធីបិទក្នុងសប្ដាហ៍កន្លងទៅ បានធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥»។
អគ្គលេខាធិការរូបនេះ បានបង្ហាញនូវក្តីសោមនស្សយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយសហព័ន្ធបានបញ្ជូនគ្រូជំនាញក្បាច់គុនចំនួន ៤ នាក់ ទៅបង្វឹកផ្ទាល់រយៈពេលជាង ៧ ខែ មានដូចជា លោក វី ដារា លោក ស៊ិន គឹមហេង លោក ឌិប ង៉ែត និង លោក លន់ ថាវី ដែលគ្រូបង្វឹកទាំងនោះ ត្រូវស្នាក់នៅនឹងកន្លែងបង្វឹកផ្ទាល់តែម្តង។ ការធ្វើបែបនេះ គឺដើម្បីរួមចំណែកនឹងវិស័យកងទ័ព តាមរយៈការចែករំលែកបទពិសោធរបស់ល្បុក្កតោ និងក្បាច់គុនចម្រុះ ដែលជាមរតករបស់ខ្មែរ ហើយត្រូវបានយកមកបញ្ចូលគ្នា ទុកសម្រាប់ការពារខ្លួន និងប្រើប្រាស់ក្នុងកងទ័ព។
ជាមួយ MoU រយៈពេល ៤ ឆ្នាំមកនេះ សហព័ន្ធបានបញ្ជ្រាបក្បាច់គុនល្បុក្កតោ ដល់កងទ័ពជាច្រើន ជាពិសេសដោយមានការគាំទ្រពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដោយបានជួយលើកទឹកចិត្ត និងលើកកម្ពស់ដល់ជីវភាពគ្រូបង្វឹក និងកងទ័ពជាសិក្ខាកាមយ៉ាងខ្លាំង។
លោក អ៊ូ តារា បន្ថែមថា៖ «ក្នុងដំណើរអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ នៅក្នុងវិស័យការពារជាតិនេះដែរ គឺបច្ចុប្បន្នភាគីទាំង ២ មិនត្រឹមតែមានវគ្គបំប៉នជាបន្ដបន្ទាប់នោះទេ តែសហព័ន្ធក៏កំពុងដំណើរការរៀបចំចងក្រងឯកសារសៀវភៅក្បាច់គុនកងទ័ព ហើយបន្ថែមលើហ្នឹងទៀត កំពុងរៀបចំជាឯកសារវីដេអូ សម្រាប់បង្កភាពងាយស្រួលក្នុងការផ្ទេរនូវជំនាញក្បាច់គុន ក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងបណ្តុះបណ្តាលយោធាចារ្យក្បាច់គុន សម្រាប់បំពេញ តម្រូវការរបស់អង្គភាពកងកម្លាំងនានាដែរ»។
លោក រ័ត្ន សណ្តាប់ អ្នកជំនាញកីឡា វប្បធម៌ និងជាគ្រូឧទ្ទេសពីប្រវត្តិក្បាច់គុន បានថ្លែងថា៖ «កងទ័ពជាតិ ក្នុងប្រទេសណាក៏មានក្បាច់គុន ១ ប្រភេទ ប្រចាំក្នុងស្ថាប័នគេផ្ទាល់ ហេតុនេះកម្ពុជា ត្រូវខិតខំឲ្យបានល្អ ព្រោះនៅប្រទេសចិន គេមានគុនកុងហ្វូ នៅប្រទេសកូរ៉េ គេមានតេក្វាន់ដូ គឺប្រចាំជាតិរបស់គេក្នុងកងទ័ព»៕