ក្រុងឡុងដ៍៖ កីឡាករ Mason Mount បាន​ជួយ​ឱ្យ​ក្រុម​តោខៀវ Chelsea ត្រឡប់​មក​​លើ​ផ្លូវ​ជោគជ័យ​វិញ ជាមួយ​នឹង​ការ​ធ្វើ​បាន​សម្រេច​នូវ​​គ្រាប់​បាល់​ចុង​ម៉ោង​ ដែល​នាំ​ឱ្យ​ក្រុម​​មាន​ជ័យ​ជម្នះ ១-០ ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Fulham ដែល​សល់​គ្នា​តែ ១០​ នាក់ អំឡុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍​។

លោក Frank Lampard អ្នក​ចាត់​ការ​របស់​ Chelsea កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ ក្រោយ​ឈ្នះ​តែ​ម្ដង​គត់ និង​ចាញ់ ៤ ​ដង ក្នុង​ចំណោម​ការ​ប្រកួត ៦ លើក​​មុន​ហ្នឹង ដែល​បាន​បង្ហាញ​ថា ក្រុម​តោខៀវ​បាន​ធ្លាក់​ទៅ​ដល់​លេខ ១០ មុន​ចាប់​ផ្ដើម​ប្រកួត​នៅ​ទឹក​ដី Craven Cottage នេះ​។​

តែ​ Chelsea ទទួល​បាន​ការ​សម្រាក​ដ៏​ធូរ​ស្រាល ដែល​ខ្លួន​កំពុង​ត្រូវ​ការ ពេល​ខ្សែ​ការពារ Antonee Robinson របស់ Fulham ត្រូវ​បាន​បណ្ដេញ​ចេញ​​តែ ១ នាទី មុន​ចប់​វគ្គ​ទី ១ ដោយសារ​​ស្ទុះ​ទៅ​ឈូស​ស្កាត់​បាល់​ទាំង​កម្រោល​ពី​ខ្សែ​ការពារ Cesar Azpilicueta។

កូន​ក្រុម​របស់​លោក Lampard បាន​ព្យាយាម​ឆក់​យក​ឱកាស​ពី​ការ​មាន​សមាជិក​លើស​នេះ តែ​ទម្រាំ​​ទម្លុះ​ភាព​ទាល់​ច្រក​បាន ត្រូវ​រង់ចាំ​ដល់​នាទី​ទី​៧៨ នៅ​ពេល​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស Mount ​រត់​ទៅ​ស៊ុត​បំប៉ោង​សំណាញ់​ទី​យ៉ាង​ស្អាត ក្រោយ​អ្នក​ចាំទី​ Alphonse Areola ទះ​បាល់​អត់​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​។

១ គ្រាប់​នោះ​ គ្រប់គ្រាន់​ឱ្យ​ Chelsea ស្គាល់​រសជាតិ​ឈ្នះ​ នៅ​លីគ​លើក​ទី១ គិត​តាំង​ពី​ដណ្ដើម​បាន ៣ ពិន្ទុ​ពី​ក្រុម​ញញួរ​​ធំ West Ham មុន​បុណ្យ​​គ្រិស្ត​ស្មាស់ និង​បាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​ទី ៧ ក្នុង​តារាង​ពិន្ទុ Premier League​។

គ្រូបង្វឹក​របស់ Chelsea លោក Lampard ​និយាយ​ថា​៖ «​ពិត​ណាស់ វា​មាន​អារម្មណ៍​ល្អ ដែល​អាច​ឈ្នះ​។ វា​មិនមែន​ជា​រឿង​ងាយ​​ឡើយ​ជាមួយ​​នឹង​ទម្រង់​លេង​នៅ​លីគ​ពេល​នេះ ហើយ​ជា​ពិសេស​​យើង​​ត្រូវ​តែ​រក​ជ័យជម្នះ​ឱ្យ​បាន ក្រោយ​ពី​បរាជ័យ​​​»​។​

លោក Lampard បាន​បន្ត​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​លើ​គុណភាព​របស់​កីឡាករ​។ យើង​មាន​អារម្មណ៍​ថា យើង​នឹង​រក​គ្រាប់បាល់​បាន ព្រោះ​សម្ពាធ​គឺ​មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ​។ វា​ទាក់ទង​នឹង​ការ​បន្ត​ភាព​អត់ធ្មត់​ជាមួយ​នឹង​​ពេល​វេលា ដែល​​យើង​បាន​ឆ្លង​កាត់​ ហើយ​ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​»​។

សម្រាប់​ Fulham របស់​លោក Scott Parker នៅ​​មិន​អាច​ឡើង​ផុត​ពី​តំបន់ ដែល​ត្រូវ​កាត់​ចោល​ដដែល ក្រោយ​បរាជ័យ​លើក​ដំបូង ពី​ការ​ប្រកួត​ ៦ ​លើក​ក្នុង​លីគ​។

Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ Leicester ​ថ្ងៃ​អង្គារ ស្រប​ពេល​ក្រុម​របស់​លោក​Brendan Rodgers កំពុង​មាន​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ខ្លាច​រអា ក្រោយ​ឈ្នះ Southampton ២-០ ឡើង​ទៅ​លំដាប់​ទី​២ ដោយ​មាន ៣៥ ពិន្ទុ។

Leicester កំពុង​តាម​ពី​ក្រោយ Manchester United ១ ​ពិន្ទុ និង​នាំ​មុខ​ Liverpool ២ ​ពិន្ទុ​៕ AFP/VN