ក្រុង​មេន​ឆេ​ស្ទ័​រ: ក្រុម Manchester United អាច​បំភ្លេច​ពី​ការ​ប្រជែង​ជាមួយ​នឹង​ក្រុម Manchester City រហូត​ទាល់​តែ​ពួកគេ​អាច​ប្រជែង​យក​កៅអី ១ ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ៤ នៅ​លើ​តារាង Premier League top។ នេះ​បើ​យោង​ទៅ​តាម​ការ​សារភាព​របស់​លោក​គ្រូបង្វឹក Jose Mourinho ខណៈ​ដែល​ក្រុម​របស់​លោក​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស កាល​ពី​ថ្ងៃ​អាទិត្យ។

ការរង​បរាជ័យ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី ៤ នៅ​រដូវ​កាល​នេះ ធ្វើ​ឲ្យ​ក្រុម Man United ដេញ​តាម​ពី​ក្រោយ​គូ​ប្រជែង​ស្ថិត​ក្នុង​តំបន់​តែ ១ រហូត​ទៅ ១២ ពិន្ទុ​រួច​ជា​ស្រេច ក្រោយ​ពី​ប្រកួត​ត្រឹម​តែ ១២ លើក​ក្នុង​យុទ្ធនាការ​ថ្មី​នេះ។

អ្វីដែល​កាន់តែ​ព្រួយបារម្ភ​សម្រាប់​លោក Mourinho ទៅទៀត​នោះ​គឺថា បច្ចុប្បន្ន​ក្រុម​បិសាច​ក្រហម ក៏​កំពុង​ដេញ​តាម​ពី​ក្រោយ​ក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤ ចំនួន ៧ ពិន្ទុ​ផង​ដែរ ដែល​នាំ​ឲ្យ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ស្ថិត​ក្នុង​ហានិភ័យ។

ក្រុម​កំពុង​ឈរ​លេខ ៨ Man United បច្ចុប្បន្ន​នាំមុខ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់​ចោល Cardiff ចំនួន ១២ ពិន្ទុ ខណៈ​ពួកគេ​ដេញ​តាម​ពី​ក្រោយ Man City ១២ ពិន្ទុ​ដូចគ្នា។

លោក Mourinho ដែល​ក្រុម​របស់លោក​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង Premier League កាល​ពី​រដូវកាល​មុន បើ​ទោះបី​ដេញ​តាម​ពី​ក្រោយ​ក្រុម Man City ១៩ ពិន្ទុ​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ដឹង​ថា វា​មាន​ភាព​ខុស​គ្នា​ជា​សក្តានុពល​មួយ​ជាមួយ Man City»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ ចាប់តាំងពី​ដើមរដូវកាល​នេះ យើង​បាន​ដឹង​ថា ចំណាត់​ថ្នាក់​លេខ ២ របស់​យើង​កាល​ពី​រដូវកាល​មុន គឺជា​ការ​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​យើង ហើយ​នៅ​រដូវកាល​នេះ យើង​នឹង​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង ៤។

ប៉ុន្តែ សម្តី​របស់លោក Mourinho មាន​ភាពខុសគ្នា​ស្រឡះ​ទៅនឹង​ការធ្វើដំណើរ​ជា​លើក​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់ Etihad ដែល​នៅ​ពេល​នោះ Man United បាន​លុប​ចោល​ឱកាស​របស់ Man City ក្នុង​ការ​លើក​ពាន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ ១ តាមរយៈ​ការ​វាយ​បក​ពី​ការ​ដេញ​តាម​ពី​ក្រោយ ២-០ ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល ៣-២។

ជាមួយគ្នានេះ Liverpool បាន​រក្សា​ការដេញ​តាម​ពីក្រោយ Man City យ៉ាង​ប្រកៀក​តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម Fulham ២-០៕