ក្រុងឡុងដ៍: លោក Jose Mourinho ទទួលស្គាល់ថា ក្រុម Tottenham Hotspur (Spurs) នឹងត្រូវតែមាន Gareth Bale ដើម្បីរួមចំណែកជួយក្រុមឱ្យអាចបងា្ហញនូវទម្រង់លេងដ៏អស្ចារ្យ ដូចកាលពីថ្ងៃអាទិត្យ ដែលបានបំបាក់ក្រុម Burnley ដល់ទៅ ៤-០ ដោយក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិវេលស៍ ស៊ុតបាន ២ គ្រាប់។
កីឡាករ Bale បានបន្តនូវទម្រង់លេងរបស់ខ្លួន ដែលចាប់ផ្ដើមល្អឡើងវិញបណ្ដើរៗ នាពេលនេះ ដោយការជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតនៃសប្ដាហ៍ទី២៥ របស់ក្រុម នៅភាគជើងក្រុងឡុងដ៍នេះ។
កីឡាករវ័យ ៣១ ឆ្នាំ ជាអ្នកស៊ុតគ្រាប់ដំបូងឱ្យក្រុម Spurs នាំមុខសិន មុននឹងបញ្ចូនបាល់ពីចម្ងាយទៅឱ្យខ្សែប្រយុទ្ធ Harry Kane ស៊ុតបញ្ចូលទីបន្ថែមការនាំមុខ ២-០ ហើយបន្ទាប់មក ក៏មានឱកាសធ្វើសម្រេចគ្រាប់ទី ២ របស់ខ្លួន ដោយការប្រើបច្ចេកទេសបញ្ចប់ទីដ៏គួរឱ្យខ្លាច ខណៈនោះជាគ្រប់ទី ៤ បន្ទាប់ពីគ្រាប់ទី ៣ ដែលបំប៉ោងសំណាញ់ទីដោយ Lucas Moura។
បន្ទាប់ពីមានការចាប់ផ្ដើមដំបូងដ៏គួរឱ្យស្រងាកចិត្ត សម្រាប់ការមកចូលរួមជាមួយ Spurs ជាលើកទី ២ របស់ខ្លួន ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Real Madrid នោះ ទីបំផុត Bale កំពុងបង្ហាញនូវសញ្ញានៃទម្រង់លេង ដែលធ្វើឱ្យគេកា្លយជាកីឡាករថ្លៃបំផុតរបស់ពិភពលោក ពេលរូបគេបានផ្ទេរទៅក្រុមនៅអេស្ប៉ាញ កាលពីឆ្នាំ ២០១៣។
ក្រុមមាន់ខ្នាយមាស ត្រូវការយ៉ាងខ្លាំងនូវទម្រង់លេងដ៏គួរភ្ញាក់ផ្អើលបែបនេះពី Bale បន្ទាប់ពីទទួលបានលទ្ធផលមិនល្អបន្តបន្ទាប់គ្នា ដោយរងបរាជ័យដល់ទៅ ៥ដង ពីការប្រកួត ក្នុងលីគ ៦លើកចុងក្រោយរបស់ខ្លួន។
ជាមួយនឹងការប្រឹងប្រែង ដើម្បីធ្វើឱ្យក្រុម Spurs បានត្រឡប់ទៅប្រកួតប្រជែងដណ្ដើមសិទ្ធិ សម្រាប់លេង នៅក្របខ័ណ្ឌ Champions League តាមរយៈការបញ្ចប់នៅចំណាត់ថ្នាក់ ក្នុងចំណោមក្រុមកំពូលទាំង ៤ (Top4) លោក Mourinho រំពឹងថា Bale អាចជួយឱ្យក្រុមរបស់លោករំកិលឡើងកាន់តែខ្ពស់ ក្នុងតារាងពិន្ទុនៃក្របខ័ណ្ឌ Premier League។
លោក Mourinho បានថ្លែងថា៖ «ខ្ញុំរីករាយជាមួយគាត់ និងក្រុមផង។ ក្រុមនេះ ត្រូវការទេពកោសល្យរបស់គេ។ គេស្ងប់ស្ងាត់ ពោលគឺអត់និយាយជាមួយអ្នកទាំងអស់គ្នា (អ្នកសារព័ត៌មាន) ទេ មិនថា ការមើល កាអាន ការស្ដាប់ គឺស្ទើរតែអត់សោះ ដោយសារគេមកពីក្រុម Real Madrid អ៊ីចឹង ប្រហែលមិនអើពើនឹងរឿងទាំងអស់បន្តិចហើយ»។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានបន្តថា៖ «ខ្ញុំសប្បាយចិត្ត ព្រោះនៅពេលគេ ស្ថិតក្នុងស្ថានភាពល្អ គេអាចធ្វើរឿងដូចថ្ងៃនេះអ៊ីចឹង។ ការលេងរបស់គេ គឺល្អណាស់ ដោយមិនត្រឹមតែរឿងស៊ុតបញ្ចូលទីទេ គឺទាំងការផ្លាស់ប្ដូរល្បឿន ការរត់ចូលក្នុងតំបន់គ្រោះថ្នាក់ជាដើម»។
កីឡាករ Bale ដែលជាកីឡាករជយលាភីពាន Champions League ជាមួយក្រុម Real ៤សម័យកាល កម្រនឹងបានចូលលេងណាស់ ពេលនៅអេស្ប៉ាញ នៅ ២រដូវកាលចុងក្រោយនេះ បន្ទាប់ពីមិនសូវចុះសម្រុងជាមួយគ្រូបង្វឹកសញ្ជាតិបារាំង លោក Zinedine Zidane។
នេះទើបតែជាការបង្ហាញខ្លួន ក្នុងចំណោមកីឡាករ ១១ នាក់ដំបូង លើកទី៣ ប៉ុណ្ណោះ របស់ Bale ឱ្យក្រុម Spurs នារដូវកាលនេះ ហើយរូបគេ ទទួលស្គាលថា វាត្រូវការពេលវេលាបន្តិច ដើម្បីបានត្រឡប់មកមានទម្រង់ល្អវិញ។
Bale បា្រប់ថា៖ «វាជារឿងល្អ ដែលខ្ញុំកំពុងចាប់ផ្ដើមល្អបន្តិចឡើងវិញ ដើម្បីឆ្ពោះទៅរកទម្រង់ល្អពេញលេញបរិបូរណ៍ នាពេលខាងមុខ។ ខ្ញុំមានអារម្មណ៍ធូរស្រាល ខណៈទម្រង់លេងរបស់ខ្ញុំ កំពុងត្រឡប់មកវិញហើយ។ វាជារឿងរីករាយ ដែលបានរួមចំណែកជួយក្រុមឱ្យមានជ័យជម្នះ។ ខ្ញុំរីករាយជាមួយនឹងការស៊ុតបញ្ចូលទី និងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ជាពិសេស អ្វីក៏ដោយ ដែលខ្ញុំអាចធ្វើដើម្បីក្រុម»៕ AFP/VN