ឡុងដ៍៖ លោក Jose Mourinho ជឿ​ថា កីឡាករ​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​ងាយ​របួស​ដោយសារ​តែ​កាល​វិភាគ​ប្រកួត​បាល់​ទាត់ ក្រោយ​ក្រុម Tottenham Hotspur (Spurs) បាន​ឡើង​ទៅ​វគ្គ ៨ ​ក្រុម ពាន​រង្វាន់ League Cup ដោយ​ការ​ទម្លាក់​ក្រុម​​ Chelsea ក្នុង​វគ្គ​ប៉េណាល់​ទី ៥-៤ ក្រោយ​​​ពី​ការ​​លេង​ក្នុង​ម៉ោង​ធម្មតា​ស្មើ​គ្នា ១-១​។

កូន​ក្រុម​របស់​លោក Mourinho កំពុង​​លេង​​ប្រកួត​​ទី២ ក្នុង​ចំណោម ៤ ​​ប្រកួត រយៈពេល ៨ ​ថ្ងៃ ជាមួយ​នឹង​កម្មវិធី​ ៣​ ផ្សេង​ពី​​គ្នា ដែល​នេះ​​បាន​បង្កើត​​ជា​កង្វល់​​ចំពោះ​គ្រូ​បង្វឹក​ ដោយសារ​​​ថា កីឡាករ​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាន់​។​

Eric Dier គឺ​ជា​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​ក្រុម Spurs ដែល​មាន​វត្តមាន​ក្នុង​ជម្រើស ១១ ​នាក់​ដំបូង​ទាំង​ពេល​នេះ និង​ទាំង​កាល​ពី​ប្រកួត​ស្មើ​ជាមួយ​ក្រុម Newcastle ១-១ នៅ​ក្របខ័ណ្ឌ Premier League ហើយ​គេ​ឃើញ​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​បាន​រត់​​​ចេញ​ពី​ទីលាន​យ៉ាង​លឿន​ទៅ​បន្ទប់​ទឹក​នៅ​​វគ្គ​ទី​២​។

Mourinho ​ដែល​យល់​ថា ការ​ខ្សោះ​ជាតិ​ទឹក​អាច​​នាំ​ឱ្យ​មាន​​បញ្ហា​ដល់​ខ្សែ​ការពារ​រូប​នោះ​ប្រាប់​ថា​៖ «​ចំនួន​នាទី​ដែល​បាន​លេង គឺ​ប្រថុយ​​នឹង​គ្រោះ​ថ្នាក់​ណាស់​។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្ងៃ​នេះ​ចំពោះ Eric Dier គឺ​គ្រោះ​ថ្នាក់​មែន​ទែន​។ វា​មិន​គួរ​ឱ្យ​មាន​ការ​ប្រកួត ២ ​ដង ក្នុង​រយៈពេល ៤៨ ​ម៉ោង​នោះ​ឡើយ​។ អ្វី​ដែល​​ Dier ធ្វើ​បាន គឺ​ខុស​ពី​មនុស្ស​ធម្មតា»​។

១ ​គ្រាប់ នៅ​នាទីទី​១៩ ​ពី​​ខ្សែ​ប្រយុទ្ធ Timo Werner ដែល​ជួយ​ឱ្យ​ក្រុម Chelsea នាំមុខ​មុន បាន​ធ្វើ​ឱ្យ​ក្ដី​កង្វល់​របស់​លោក Mourinho មាន​កាន់​តែ​ធំ​ឡើង ពេល​ត្រូវ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Frank Lampard ធ្វើ​ការ​គ្រប​សង្កត់​តាំង​ពី​ចាប់​ផ្ដើម​។

តែ​កីឡាករ​ Erik Lamela បាន​ជួយ​ឱ្យ Spurs តាម​ស្មើ​នៅ ៧ ​នាទី មុន​ចប់​ការ​ប្រកួត ហើយ Edouard Mendy អ្នក​ចាំទី​ថ្មី​របស់ Chelsea មិន​អាច​រារាំង​ការ​ស៊ុត​របស់ Dier, Lamela, Pierre-Emile Hojbjerg, Lucas Moura និង Harry Kane ពី​ចំណុច​ប៉េណាល់​ទី​បាន​។​

ការ​ស៊ុត​ ៤ ​គ្រាប់​ដំបូង​របស់​​តោ​ខៀវ​ពី​សំណាក់​កីឡាករ Tammy Abraham, Cesar Azpilicueta, Jorginho និង Emerson សុទ្ធ​តែ​​សម្រេច​​ដូច​គ្នា តែ Mason Mount ​ស៊ុត​ខុស​គោលដៅ។

ក្រោយ​​ធ្លាក់​ពី​ពាន​កម្រិត​​ទី​៣ របស់​អង់គ្លេស​នេះ លោក Lampard ​និយាយ​ថា​៖ «​អ្វី​ក៏​អាច​កើត​​ដែរ ក្នុង​វគ្គ​ប៉េណាល់​ទី​។ ពិត​មែន​អ្នក​ចង់​បន្ត​ដំណើរ​ក្នុង​ការ​ប្រកួត​នេះ​ទៀត តែ​មាន​រឿង​ជា​ច្រើន ដែល​គួរ​កត់​សម្គាល់​។ យើង​គ្រប​សង្កត់​នៅ​វគ្គ​ទី១ តែ​ការ​ប្រកួត​បាន​ប្រែប្រួល​នៅ​វគ្គ​ទី​២​»​។​

លោក Mourinho បញ្ជាក់​ថា កាល​វិភាគ​នៃ​ការ​ប្រកួត​ដែល​មាន​កាន់​តែ​ច្រើន​ ធ្វើ​ឱ្យ​លោក​គ្មាន​ជម្រើស​ណា ក្រៅ​ពី​យក​ការ​ប្រកួត​ទល់​នឹង​ក្រុម​អ៊ីស្រា​អែល​ Maccabi Haifa ​ នៅ​ Europa League ជា​អាទិភាព​ចម្បង​នោះ​ឡើយ។

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​កីឡាករ​គ្រប់​រូប​ថា ពួក​គេ​គួរ​តែ​ផ្ដោត​ចំពោះ​ប្រកួត​នេះ​បាន​ហើយ​ តែ​ខ្ញុំ​វិញ​ត្រូវ​គិត​ដល់ ៣ ប្រកួត​បន្ទាប់​។ ខ្ញុំ​មិន​អាច​ជឿ​សោះ​ថា ក្នុង​រយៈ​ពេល​តែ ៤៨ ម៉ោង យើង​កំពុង​ធ្វើ​ការ​ប្រកួត​មួយ​នៅ​តំបន់​អឺរ៉ុប​។ កូន​ក្រុម​របស់​ខ្ញុំ ពិត​ជា​អស្ចារ្យ​មែន​ទែន​»​៕ AFP/VN