ក្រុង​វ៉ា​ឡេ​នស្យា: ក្រុម Manchester United បាន​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​បញ្ចប់​ដោយ​ការ​ឈរ​លេខ ១ ក្នុង​ពូល​របស់​ពួកគេ​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ទន់​ខ្សោយ​ក្នុង​ពេល​បាន​រង​បរាជ័យ​យ៉ាង​ស័ក្តិសម​ក្នុង​លទ្ធផល ២-១ ក្រោម​ស្នាដៃ​ក្រុម Valencia។ ខណៈ​ដែល​បាន​ឈ្នះ​កៅអី​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច លោក Jose Mourinho បាន​ផ្លាស់ប្តូរ​កីឡាករ​ដល់ ៨ នាក់ នា​កីឡដ្ឋាន Mestalla ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ដាក់​ឲ្យ​ខ្សែបម្រើ Paul Pogba លេង​ក្នុង​ជម្រើស​ដំបូង​ផង​ដែរ ប៉ុន្តែ Man United ត្រូវ​បាន​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​គូ​ប្រជែង​អេស្ប៉ាញ​របស់​ពួកគេ ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៥ នៅ​លើ​តារាង La Liga។

បន្ទាប់ពី​ការប្រកួត​នេះ លោក Mourinho ហាក់​មានបំណង​ក្នុងការ​រិះគន់​លើ​កីឡាករ​របស់​លោក​ដែល​បាន​ចូល​លេង។ គ្រូបង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «គ្មាន​អ្វី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ឡើយ»។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Carlos Soler និង​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ Phil Jones បាន​ជួយ​ឲ្យ​ក្រុម Valencia រក​បាន​គ្រាប់​បាល់​នាំមុខ​មុន ២ គ្រាប់ ក្នុង​តង់​ទី ២ នៅ​មុន​ពេល Man United បាន​វាយ​បក​វិញ​នៅ​នាទី​ចុង​ក្រោយ ក្រោយ​ពី​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Marcus Rashford បាន​ជួយ​ឲ្យ​ពួកគេ​មាន​ក្តី​សង្ឃឹម​ដ៏​ខ្លី។

លោក Mourinho និង​កីឡាករ​របស់លោក​ប្រហែលជា​គិតថា ក្រុម Juventus នឹង​ទទួល​ជ័យ​ជម្នះ​នៅ​លើ​ទឹកដី​ក្រុម Young Boys ប៉ុន្តែ ការ​រង​បរាជ័យ​ដ៏​មិន​នឹក​ស្មាន​ដល់​ក្នុង​លទ្ធផល ២-១ របស់​ក្រុម​ជើង​ខ្លាំង​របស់​អ៊ីតាលី​មួយ​នេះ បាន​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​លេខ ១ ស្ថិត​ក្នុង​លក្ខខណៈ​បើក​ចំហ។

ផ្ទុយទៅវិញ ពួកគេ​បាន​ឈានទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ ២ ក្នុងការ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​សម្រាប់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ខណៈ​ដែល Real Madrid, Barcelona, Bayern Munich, Paris Saint-Germain, Borussia Dortmund និង Porto សុទ្ធ​សឹង​ជា​ក្រុម​ដែល​ពួកគេ​អាច​នឹង​ជួប។

ប្រសិនបើ​ដណ្តើមបាន​លេខ ១ ពួកគេ​នឹងត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម Atletico Madrid, Roma, Schalke, Ajax ឬ Lyon។

លោក Mourinho បាន​ឲ្យ​ដឹងថា៖ «ក្រៅពី​ក្លិប ២ ដែលមាន​ភាពខ្លាំង​ជាង​ក្លិប​ផ្សេង​ទៀត ខ្ញុំ​គិត​ថា ការ​ចាប់​ឆ្នោត​នឹង​មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ឡើយ»។

CSKA ធ្លាក់​ចេញ ទោះបី​ផ្តួល​ក្រុម Real Madrid

CSKA Moscow បានផ្តល់​ការខកចិត្ត​ដល់​ក្រុម​ដែលមាន​ការ​ផ្លាស់ប្តូរ​ច្រើន Real Madrid តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន Santiago Bern-abeu កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ នៅ​តែ បញ្ចប់​ដោយ​ស្ថិត​ក្នុង​បាត​តារាង​ក្នុង​ពូល F នៃ​ក្របខ័ណ្ឌ Champions League ខណៈ​ក្រុម Viktoria Plzen បាន​ផ្តួល Roma។ ក្រុម​របស់​រុស្ស៊ី​មួយ​នេះ ក៏បាន​យក​ឈ្នះ​លើ​ក្រុម Real ១-០ កាល​ពី​ជើង​ទី ១ ដែរ​នោះ​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ក្រុម Plzen ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ ៣ និង​ឈ្នះ​សិទ្ធិ​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Europa League។

ប៉ុន្តែ Plzen បាន​យកឈ្នះ​លើ​ក្រុម Roma ក្នុង​លទ្ធផល ២-១ ក្នុងប្រទេស​សាធា​រណរដ្ឋ​ឆែក ដើម្បី​ធ្វើ​ឲ្យ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​រំភើប​របស់​ក្រុម CSKA មិន​មាន​ន័យ​អ្វី​សោះ បើ​ទោះបី​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​មួយ​នេះ ចាញ់​លើ​ទឹក​ដី​ខ្លួន​ឯង​ដ៏​ធំ​បំផុត​ក៏ដោយ។ លោក Viktor Goncharenko គ្រូបង្វឹក​របស់​ក្រុម CSKA បាន​ឲ្យ​ដឹង​ថា៖ «វា​អាច​និយាយ​បាន​ថា យ៉ាង​ហោច​ណាស់​យើង​បាន​ផ្តួល Real ដើម្បី​ទទួល​បាន ៧ ពិន្ទុ ប៉ុន្តែ បាន​បញ្ចប់​នៅ​បាត​តារាង និង​ធ្លាក់»៕

លទ្ធផល​ផ្សេងទៀត

Ajax 3-3 Bayern Munich

Benfica 1-0 AEK Athens

Man City 2-1 Hoffenheim

Shakhtar 1-1 Lyon