ភ្នំពេញ: ក្រុមខ្លាំងនៃលីកកំពូលថៃ SCG Muangthong United គ្រោងនឹងបញ្ជូនកីឡាករលំដាប់ល្អៗរបស់ខ្លួន ដើម្បីមកប្រកួតមិត្តភាពអន្តរជាតិជាមួយCambodia All Stars នៅថ្ងៃទី ៩ ខែកុម្ភៈ ខាងមុខ ខណៈកម្មវិធីនេះត្រូវបានចាត់ទុកថាជាការរួមចំណែកជួយដល់កម្ពុជាក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣។
លោក Kan អ្នកចាត់ការទូទៅក្រុម Muangthong បានថ្លែងក្នុងសន្និសីទកាសែតនៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបានទន្ទឹងរង់ចាំការប្រកួតនេះ បន្ទាប់ពីយើងទទួលបានបទពិសោធល្អៗក្នុងការប្រកួតកន្លងមក ដូច្នេះការប្រកួតនេះនឹងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យកាន់តែពូកែនៅទូទាំងតំបន់អាស៊ាន ហើយយើងនឹងបញ្ជូនកីឡាករល្អៗបំផុតរបស់ក្លិប ដើម្បីចូលរួមក្នុងការប្រកួតនេះ ព្រោះយើងដឹងច្បាស់ថាការប្រកួតនេះមិនមែនងាយស្រួលនោះទេ»។»។
សម្រាប់ការជួបគ្នា ២ លើកកន្លងមកក្រុម Cambodia All Stars បានយកឈ្នះក្រុម SCG Muangthong United ៤-៣ តែការជួបគ្នាលើកទី ២ ឆ្នាំ ២០១៧ ក្រុម Muangthong បានលត់ក្រុម Cambodia All Stars ដល់ ៤-០ ហេតុនេះការជួបគ្នាលើកទី ៣ នេះវាជាពេលដែលក្រុម Cambodia All Stars ត្រូវសងសឹកក្រុម Muangthong វិញ។
ចំណែកគ្រូបង្វឹក ភា សុភ័ក្ត្រា បានបង្ហាញមោទនភាពដែលបានមកដឹកនាំក្រុម Cambodia All Stars លើកនេះ។ លោកបាននិយាយថា៖ «កាលពីមុនខ្ញុំគ្រាន់តែជាអ្នកគាំទ្រក្រុម Muangthon ប៉ុន្តែលើកនេះខ្ញុំត្រូវដឹកនាំក្រុម Cambodia All Stars ប្រកួតជាមួយ Muangthong ហើយវាជាមោទនភាពចំពោះខ្ញុំដែលសហព័ន្ធបានផ្តល់កិត្តិយសឲ្យខ្ញុំបានដឹកនាំ Cambodia All Stars ហេតុនេះខ្ញុំនឹងព្យាយាមដឹកនាំ និងរៀបចំក្រុមឲ្យបានល្អសម្រាប់ត្រៀមការប្រកួតនេះ»។
លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជា និងជាអ្នកឧបត្ថម្ភធំបានចាត់ទុកការប្រកួតនេះជាការគាំទ្រដល់ការអភិវឌ្ឍបាល់ទាត់នៅកម្ពុជាក្នុងការឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ព្រោះក្រៅពីប្រកួតមិត្តភាពនេះ SCG ក៏បានរៀបចំឲ្យមានកម្មវិធីចែករំលែកបទពិសោធបាល់ទាត់ទៅដល់កុមារកម្ពុជាចំនួន ២០០ នាក់នៅថ្ងៃទី ៨ ខែកុម្ភៈផងដែរ។
លោក Somwang Manpimonchai បានថ្លែងថា៖ «បាល់ទាត់គឺជាកីឡាពេញនិយមបំផុតនៅកម្ពុជា ហេតុនេះទើបយើងគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជាតាមរយៈការដឹកនាំក្លិប SCG Muangthong United មកប្រកួតជាមួយក្រុម Cambodia All Stars លើកនេះ»។
លោកបន្ថែមថា៖ «យើងរំពឹងថាកម្មវិធី SCG Muangthong United ASEAN Tour 2019 នឹងនាំមកនូវអត្ថប្រយោជន៍ដល់កម្ពុជា ជាពិសេសទាក់ទិននឹងការអភិវឌ្ឍវិស័យកីឡាដែលបានរួមចំណែកសំខាន់ដល់ការត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ»។
ចំណែកលោក ម៉ៃ តុលា អគ្គលេខាធិការរង FFC បានចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិនេះជាការផ្តល់ឱកាសឲ្យក្រុម Cambodia All Stars ទទួលបានបទពិសោធថ្មីៗត្រៀមបើករដូវកាលលីកកំពូលកម្ពុជាឆ្នាំ ២០១៩ និងត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ព្រោះប្រាក់បានពីលក់សំបុត្រនឹងត្រូវឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងបរិច្ចាគទៅឲ្យមណ្ឌលសុខភាពនៅខេត្តកំពត៕