The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Murray នឹង​វិល​មក​កាន់​ទីលាន​វិញ ក្រោយ​ខក​ខាន​ប្រកួត ១ ឆ្នាំ

Murray នឹង​វិល​មក​កាន់​ទីលាន​វិញ ក្រោយ​ខក​ខាន​ប្រកួត ១ ឆ្នាំ

Content image - Phnom Penh Post
Murray ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នៅ​ទី​ក្រុង​ស៊ាង​ហៃ​ពី​ថ្ងៃ​ចន្ទ​​​។ រូប AFP

Murray នឹង​វិល​មក​កាន់​ទីលាន​វិញ ក្រោយ​ខក​ខាន​ប្រកួត ១ ឆ្នាំ

ក្រុង​មែលប៊ន៖ អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ពី​ថ្ងៃ​អង្គារ​ថា កីឡាករ​វាយ​កូន​បាល់​ Andy Murray នឹង​ត្រឡប់​ទៅ​ចូលរួម​​ព្រឹត្តិការណ៍ Grand Slam ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Australian Open នៅ​ខែ​មករា​​ ក្រោយ​​​ពី​សម្រាក​​ព្យាបាល​របួស​ ​១ ​ឆ្នាំ​។​

ម្ចាស់​ជើងឯក​​ Grand Slam ៣ ​ជំនាន់​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កំពុង​មាន​សុខភាព​រឹងមាំ​ឡើង​វិញ​​​បន្តិច​ម្តង​ៗ​ ហើយ​ឥឡូវ​​មាន​​ចំណាត់​ថ្នាក់​ទី ២៨៩ ​ក្នុង​ពិភព​លោក​ គឺ​បាន​​ឡើង​​ពី​ចំណាត់​ថ្នាក់​ទី ​៥០៣ ​​​ពី​ ​១ ​​សប្តាហ៍​មុន​​។

កីឡាករ​ Murray ​វ័យ ​៣២ ឆ្នាំ ​​ដែល​បាន​​​ឈ្នះ​ការ​​ប្រកួត​​បើក​​ឆាក​​ដំបូង​របស់​ខ្លួន​នៅ​ការ​ប្រកួត​ពាន់​រង្វាន់​ Shanghai Masters ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​បាន​យក​ឈ្នះ​កីឡាករ​អាហ្សង់ទីន ​Juan Ignacio Londero ទាំង ​៣ ​សិត ​​បន្ទាប់​​ពី​​បង្ហាញ​​ខ្លួន​​នៅ​​វគ្គ​​ ៨ នាក់​​ចុង​​ក្រោយ​ ​នៅ​ទីក្រុង​​ប៉េកាំង​​​ ប្រទេស ​ចិន ​​ពី​​សប្តាហ៍​​មុន​​។

ដោយ​​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ អ្នក​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ Australian Open ​បាន​​និយាយ​​ថា ​អតីត​​កីឡាករ​​លេខ ១ ​​ពិភព​​លោក​​រូប​​នេះ ​​បាន​​ប្តេជ្ញា​​បង្កើន​​​ក្ដី​ប្រាថ្នា​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នេះ​​នៅ​ខែ​មករា​​។

អ្នក​រៀបចំ​ការ​ប្រកួត​នេះ​បាន​និយាយ​ថា៖ «​សូម​បញ្ជាក់​ថា កីឡាករ Murray នឹង​ត្រឡប់​មក​ចូលរួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​Australian Open ឆ្នាំ ២០២០ ​វិញ​ហើយ​»។​

គេហទំព័រ​ផ្លូវ​ការ​របស់​អ្នក​រៀបចំ​ពាន​រង្វាន់​ Australian Open បាន​និយាយ​ថា កីឡាករ​ Murray នឹង​ត្រឡប់​ទៅ​រក​ការ​ចាប់​ឆ្នោត​ដ៏​សំខាន់​ក្នុង​ការ​ដណ្ដើម​យក​​ចំណាត់​ថ្នាក់​​លេខ ​២​ និង​​ស្តារ​​កម្លាំង​​កាយ​ឡើង​វិញ​​​»​។

គាត់​បាន​ធ្វើ​ការ​ប្រកួត​ ៥ ​លើក​ចុង​ក្រោយ ​នៅ​ឯ​ឧទ្យាន​​ Melbourne Park ដោយ​ចាញ់​កីឡាករ​ Novak Djokovic ៤ ដង និង​ចាញ់​កីឡាករ​ Roger Federer ចំនួន ១ ​ដង។

ទោះ​ជា​យ៉ាង​ណា​ ពេល​​វេលា​ដ៏​ឈឺ​ចាប់​បំផុត​របស់​រូប​គាត់​នៅ​ការ​ប្រកួត​បើក​ឆាក​ Grand Slam នៅ​រដូវ​កាល​នេះ​ គឺ​ជា​ការ​មិន​បាន​មក​ទីលាន​នេះ​​ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ឆ្នាំ​នេះ កីឡាករ​ Murray បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ពី​ការ​ឈឺ​ចាប់​របួស​ភ្លៅ​ស្ដាំ​របស់​គាត់​ដែល​បាន​ធ្វើ​ការ​វះ​កាត់​កាល​ពី​ ៦ ​ខែ​មុន​​។​

កីឡាករ​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ «​ខ្ញុំ​អាច​លេង​ក្នុង​ដែន​កំណត់ ​ប៉ុន្តែ​ការ​មាន​ដែន​កំណត់ ​និង​ការ​ឈឺ​ចាប់​គឺ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូលរួម​ការ​ប្រកួត​ ឬ​ហ្វឹកហាត់​នោះ​ទេ​»។​

កីឡាករ Murray បាន​និយាយ​ក្រោយ​ពី​ប្រកួត​ឈ្នះ​កីឡាករ Londero ថា ការ​ធ្វើ​ចលនា​របស់​រូប​គាត់​​នៅ​លើ​ទីលាន​ប្រកួត​ហាក់​​មាន​អារម្មណ៍​ដូច​ជា​ មាន​ការ​ល្អ​ប្រសើរ​កាន់​តែ​ច្រើន​ឡើង​ហើយ​​​។​​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​នៅ​​ពេល​ចាប់​ផ្ដើម​ ខ្ញុំ​មិន​បាន​មាន​អារម្មណ៍​ល្អ​ទេ ​ប៉ុន្តែ​​ក្នុង​រយៈពេល ​២ ​សប្ដាហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​គិត​ថា មាន​ការ​រីក​ចម្រើន​ច្រើន​ជាង​មុន​»៕​ AFP/SN

អត្ថបទគួរចាប់អារម្មណ៍