ប៉ារីស៖ Rafael Nadal ថា ខ្លួន​មាន​មោទនភាព​ចំពោះ ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ ក្រោយ​ឈ្នះ​លើក​ទី ១ ០០០ ក្នុង​​អាជីព​ជា​អ្នក​វាយ​កូន​បាល់ (តិន្នីស) កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ក្លាយ​ជា​អត្តពលិក​ទី ៤ ដែល​​ដល់​ចំណុច​នេះ ដោយ​ការ​វាយ​បក​យក​ឈ្នះ Feliciano Lopez នៅ​ជុំ​ទី២ នៃ​កម្មវិធី Paris Masters​។

ម្ចាស់​ជយលាភី​ពាន​ Grand Slam ២០ ​ដង Nadal ដែល​វិល​មក​ ​ក្រុង​ប៉ារីស​វិញ ក្នុង​រយៈ​ពេល​មិន​ដល់ ១ ​ខែ បន្ទាប់​ពី​ឈ្នះ​ពាន​កម្មវិធី Roland Garros ជា​លើក​ទី១៣ ​បញ្ចប់​ដំណើរ​មិត្ត​រួម​ជាតិ​អេស្ប៉ាញ​ Lopez ដោយ​ការ​យក​ឈ្នះ​សិត​ទី២ និង​ទី៣ ក្នុង​លទ្ធផល ៧-៦ និង ៦-៤ ​ក្រោយ​​​ចាញ់​សិត​ដំបូង ៦-៤​។

Nadal និយាយ​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​​សមិទ្ធផល​ល្អៗ​ជា​ច្រើន តែ​ខ្ញុំ​ក៏​មាន​បញ្ហា​ប្រឈម​​មួយ​ចំនួន​ដែរ ក្នុង​អាជីព ជា​ពិសេស​ពេល​មាន​របួស​។ តែ​ខ្ញុំ​តែង​មាន​មហិច្ឆតា​ ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ និង​តែង​​ស្ងៀមស្ងាត់ ពោល​គឺ​អត់ធ្មត់​នៅ​ពេល​អ្វីៗ ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​អ្នក​»​។

Nadal ដែល​ឈ្នះ​ការ​ប្រកួត​របស់ ATP Tour លើក​ទី ១ ក្នុង​ខែ​មេសា ឆ្នាំ ​២០០២ ពេល​ទើប​មាន​វ័យ​តែ ១៥ ​ឆ្នាំ គឺ​ជា​អ្នក​ទី ៤ ក្នុង​បញ្ជី​កំណត់ត្រា ដោយ​អតីត​កីឡាករ Jimmy Connors ​នាំ​មុខ​គេ​ជាមួយ​នឹង​ជម្នះ ១ ២៧៤ ​ដង ពោល ​គឺ​មាន ៣២ ​លើក​ច្រើន​ជាង​អ្នក​លេខ ២ Roger Federer​។

Nadal បាន​បន្ថែម​ទៀត​ថា​៖ «​រឿង​អវិជ្ជមាន​មួយ​នៃ​ការ​ឈ្នះ ១ ០០០ ដង​នេះ គឺ​ថា អ្នក​មាន​វ័យ​ចំណាស់​ហើយ ដែល​​បាន​ន័យ​ថា អ្នក​មិន​អាច​ប្រកប​អាជីព​នេះយូ​រ​អង្វែង​ទៀត​ទេ។ តែ​ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត​ ព្រោះ​វា​ជា​ការ​សម្រេច​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​»​។

Nadal ទទួល​បាន​នូវ​ការ​រៀបចំ​​ពិសេស​មួយ ដើម្បី​អបអរ​​សមិទ្ធផល​នេះ ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ទីលាន ដែល​ស្ទើរ​គ្មាន​មនុស្ស​សោះ Bercy Arena ដោយសារ​ព្រឹត្តិការណ៍​​​​ត្រូវ​ធ្វើ​​ដោយ​បិទ​ទ្វារ បន្ទាប់​ពី​បារាំង​ប្រកាស​បិទទ្វារ​ប្រទេស​ជា​លើក​ទី២ ទប់ស្កាត់​វីរុស​កូរ៉ូណា​នាសប្ដាហ៍​មុន​។​

នៅ​ជុំទី​៣ Nadal វ័យ ៣៤ ​ឆ្នាំ ដែល​ប៉ង​​​ឈ្នះ​ពាន​កម្មវិធី Paris Masters ជា​លើក​ដំបូង នឹង​ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​​អូស្ត្រាលី Jordan Thompson ដែល​ប្រកួត​ឈ្នះ​ Borna Coric របស់​ក្រូអាស៊ី ក្នុង​លទ្ធផល ២-៦ ៦-៤ និង ៦-២​៕ AFP/VN