ប៉ារីស៖ កីឡាករ​វាយ​កូន​បាល់ (តិន្នីស) អាជីព Rafael Nadal ផ្ដើម​​ជាមួយ​​​អ្វី​ដែល​គេ​យល់​ថា ជា​ការ​លំបាក​បំផុត​មិន​ធ្លាប់​មាន​នៅ​​ Roland Garros ខណៈ​កីឡាការិនី Serena Williams ចាប់​ផ្ដើម​ការ​ប៉ុនប៉ង​ជា​ថ្មី ក្នុង​ការ​ឈ្នះ​ពាន Grand Slam ជា​លើក​ទី​២៤​។​

Nadal ដែល​មាន​ឈ្មោះ​ថា «King of Clay​» (ស្ដេច​តារាង​ដី​ឥដ្ឋ) ត្រូវ​ការ​ពាន​ធំ ១ ​ទៀត​ប៉ុណ្ណោះ ដើម្បី​ស្មើ​ជាមួយ​កំណត់ត្រា​របស់​កីឡាក​ស្វ៊ីស Roger Federer ២០ ​លើក តែ​អត្តពលិក​សញ្ជាតិ​អេស្ប៉ាញ​ធ្វើ​ដំណើរ​មក​ដល់​ប៉ារីស​ជាមួយ​នឹង​​ពេល​វេលា​តិច ក្នុង​​ការ​ត្រៀម​ខ្លួន និង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​ជម្រើស​ប្រើ​កូន​បាល់​ថ្មី​ក្នុង​កម្មវិធី​ French Open ​2020។

កីឡាករ​ចំណាត់​ទី២ ពិភព​លោក​ថា​៖ «​ស្ថានភាព​ទីនេះ ទំនង​ជា​លំបាក​បំផុត​មិន​ធ្លាប់​មាន​​សម្រាប់​ខ្ញុំ​ក្នុង​កម្មវិធី Roland Garros នេះ ដោយ​គិត​លើ​កត្តា​ផ្សេងៗ​ជា​ច្រើន។ កូន​បាល់ គឺ​ខុស​ពី​មុន​ទាំង​ស្រុង​។ វា​មាន​​ល្បឿន​យឺត និង​ធ្ងន់។ អាកាស​ធាតុ​ត្រជាក់​ណាស់​​»​។

Nadal ឈ្នះ​ជើងឯក​​លើក​ដំបូង​ក្នុង​ចំណោម​ពាន​ទាំង ១២ ក្នុង​កម្មវិធី French Open នេះ ក្នុង​ឆ្នាំ ​២០១៥ ហើយ​ចាញ់​តែ ២ ​ដង​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៩៥ ​លើក​នៅ​ទីនេះ ​តែ​ពេល​នេះ​ត្រូវ​សម្រប​ខ្លួន​ជាមួយ​នឹង​អាកាស​ធាតុ​រងា​ខុស​ពី​ឆ្នាំ​រាល់​ដង​ ដោយសារ​តែ​កម្មវិធី​នេះ ត្រូវ​បាន​ពន្យារ​ពេល​​ដោយសារ​វិបត្តិ​វីរុស​កូរ៉ូណា​។

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ​ក្រោម​តំណក់​ទឹក​​ភ្លៀង​ប្រុយៗ​ ជាមួយ​នឹង​សីតុណ្ហភាព ១០ ​អង្សាសេ ដោយ​ទិដ្ឋភាព​នេះ ត្រូវ​បាន​​កីឡាការិនី​ Victoria Azarenka ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កម្មវិធី US Open ឱ្យ​ឈ្មោះ​ថា «ចម្លែក​»​។

ផ្នែក​នារី​វិញ កីឡាការិនី Williams ត្រឡប់​មក​មាន​សកម្មភាព​​ជា​ថ្មី​ ទាំង​​របួស​សរសៃ​​ពួរ​កែង​ជើង​មិន​ទាន់​ជា​ស្រួល​បួល​កាល​ពី​លេង​នៅ​កម្មវិធី US Open ដែល​នាង​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

អតីត​កីឡាការិនី​លំដាប់​លេខ ១ ពិភព​លោក សញ្ជាតិ​អាមេរិក​បាន​ទម្លាក់​ចោល​កម្មវិធី​នៅ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយសារ​តែ​របួស​នេះ តែ​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា អាច​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ពី​កម្មវិធី​ Roland Garros ជា​​លើក​ទី​៤ នៅ​ក្រុង​ប៉ារីស​នេះ​បាន​​៕ AFP/VN