ក្រុង​ប៉ារីស​: Rafael Nadal បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ការ​ប៉ុន​ប៉ង​របស់​ខ្លួន ក្នុង​ការ​​ឈ្នះ​ពាន​លំដាប់ Grand Slam ក្នុង​កម្ម​វិធី​វាយ​កូន​បាល់ (តិន្នីស) អាជីពផ្នែក​បុរស ឲ្យ​បាន​ស្មើ​នឹង​ចំនួន​ ២០ ​លើក ជាមួយ​នឹង​ជ័យ​ជម្នះ​ ៣ សិត​ជាប់​ៗ​គ្នា អំឡុង​ការ​ប្រកួត​ ក្នុង​ព្រឹត្តិការណ៍​​ French Open 2020 ខណៈ​កីឡាការិនី Serena Williams ប្រើ​ពេល​យូរ តែ​នៅ​តែ​ចាប់​ផ្ដើម​ដោយ​ជោគ​ជ័យ​។​

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Nadal ត្រូវ​ការ​ជើង​ឯក​ម្ដង​ទៀត​ប៉ុណ្ណោះ ដើម្បី​តាម​ទាន់​កំណត់​ត្រា​របស់​កីឡាករ​ស្វីស Roger Federer តែ​បាន​រអ៊ូ​រទាំ​ចំពោះ​ការ​ការពារ​ជើង​ឯក​កម្ម​វិធី Roland Garros របស់​ខ្លួននា​ឆ្នាំ​នេះថា​ ជា​ការ​លំបាក​បំផុតមិន​ធ្លាប់​ជួប ដោយសារ​អាកាស​ធាតុ​ត្រជាក់ និង​ស្ថាន​ភាព​ទីលាន​មាន​លក្ខណៈ​សើមសម្រាប់​ព្រឹត្តិការណ៍ ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដល់​ទៅ ៤ ​ខែ​ ដោយ​សារ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

តែទោះ​ជា​មាន​កង្វល់​នឹង​បញ្ហា​ផ្សេង​ៗ​ក្ដី​ ក៏​កីឡាករ​វ័យ ៣៤ ​ឆ្នាំ​រូប​នេះ នៅ​​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ ដោយ​​ទម្លាក់​កីឡាករ​​បេឡារុស Egor Gerasimov ដែល​មាន​ចំណាត់​ថ្នាក់​ទី៨៣ ពិភពលោក ជាមួយ​នឹង​លទ្ធផលមិន​ឱ្យ​តដៃ​បាន ៦-៤ ៦-៤ និង ៦-២ ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​ការ​ប្រជែង​យក​ពាន French Open ជា​លើក​ទី​១៣ ក្នុង​ចំណោម​​រយៈ​ពេល ១៥ ឆ្នាំ គិត​តាំងពី​ពេល​ចូល​រួម​ប្រកួត​ប្រជែង​លើក​ដំបូង​។​

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​តិចតួច​​ចំនួន​ ១ ០០០ ​នាក់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មើល​ការ​ប្រកួតប្រចាំ​ថ្ងៃ​នេះ​​ កីឡាករ​ Nadal ​បាន​និយាយ​ថា​៖ «​និយាយ​ដោយ​ស្មោះ ខ្ញុំ​រីក​រាយ​។ ខ្ញុំ​បាន​ធ្វើ​អ្វី ដែល​ខ្ញុំ​ត្រូវ​ធ្វើ​។ ខ្ញុំ​មិន​រំពឹង​អ្វី​ឱ្យ​លើស​ពី​នេះ​ទៀត​ទេ​។ ខ្ញុំ​ពិត​ជា​រីក​រាយ​មែន​ទែន ដែល​បាន​ត្រឡប់​មក​កាន់​ទីលាន​ Chatrier។ ដោយក្ដី​សង្ឃឹម​ខ្ពស់ សព្វ​យ៉ាង​នឹង​ត្រឡប់​មក​សភាព​ប្រក្រតី​វិញនៅ​ឆ្នាំ​ក្រោយ ហើយ​ខ្ញុំ​នឹង​បាន​លេង​នៅ​ចំពោះ​មុ​ខ​អ្នក​គាំ​ទ្រ​ដ៏​គួ​រ​ឱ្យ​ស្រលាញ់​នេះ​»​។

យ៉ាង​ណា នេះជា​លើក​ដំបូងដែល​អត្ត​ពលិក​វ័យ ៣៤​ ឆ្នាំ បង្ហាញ​វត្ត​មាន​នៅ​ក្រុង​ប៉ារីស ដោយ​មិន​មាន​ទំនុក​ចិត្តក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ពី​កម្ម​វិធី​ប្រកួត​លើ​ទីលាន​ដី​ឥដ្ឋ ខណៈ​មុន​ហ្នឹងបាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍ US Open នៅ​អាមេរិក ដោយសារ​ការ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ១៩​។

កីឡាករ​លំដាប់​លេខ ២ ពិភពលោកដែល​ត្រូវ​ទៅ​ជួប​កីឡាករ​អាមេរិក Mackenzie McDonald នៅ​ជុំ​ទី២ បានបន្ថែម​ថា​៖ «​ខ្ញុំ​មិន​ចង់​មាន​កំហុស​នោះ​ទេ​។ វា​ជា​ព្រឹត្តិការណ៍​ប្លែក​ជាង​រាល់​ដងមួយ សម្រាប់ Roland Garros ឆ្នាំ​នេះ ហើយ​លក្ខខណ្ឌ​អាកាស​​ធាតុ គឺ​ជា​បញ្ហា​ប្រឈម តែ​យ៉ាង​ណាយើង​មក​ទី​នេះ ដើម្បី​ប្រឹង​ឱ្យ​អស់​លទ្ធភាព​តាម​ ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

កីឡាការិនី​អាមេរិក Williams វាយ​កូន​បាល់​ត្រឡប់​ទៅ​គូ​ប្រកួត​វិញ អំឡុង​ការ​ប្រកួត កម្មវិធី French Open 2020 ជុំ​ទី១ កាល​ពី​ម្សិល​មិញ​​។

ចំណែក​កីឡាការិនី​អាមរិក Williams ពិត​មែន​ពិបាកយក​ឈ្នះ នៅ​សិត​ទី១ តែ​នៅ​តែ​អាចទម្លាក់​មិត្ត​រួម​ជាតិ Kristie Ahn ដែល​ឈរ​នៅ​លំដាប់​លេខ ១០២ ពិភពលោក ក្នុង​លទ្ធផល ៧-៦ និង ៦-០​ ដើម្បី​បន្ថែម​ក្ដី​សង្ឃឹម ដែល​ចង់​លើក​ពាន​លំដាប់​កំពូល​ឱ្យ​បាន​ ២៤​ ដង ពោល​គឺ​តាម​​ស្មើ​​កំណត់​ត្រា​របស់​អតីត​កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី Margaret Court​។

កីឡាការិនី Williams មិន​សូវ​កាក់​កបប៉ុន្មាន​ទេ ក្នុង​កម្មវិធី​​ Roland Garros នេះ ព្រោះ​ក្នុង​ចំណោម​ពាន​រង្វាន់​ទាំង ២៣ ដែល​នាង​ឈ្នះ​ពី​ព្រឹត្តិការណ៍​ធំ​ៗ​ប្រចាំ​ឆ្នាំ​ទាំង ៤ សម្រាប់ French Open នេះ នាង​ក្លាយ​ជា​ជើង​ឯក​តែ ៣ ​ដង​ប៉ុណ្ណោះ ខណៈ​បាន​ចូល​រួម​ប្រកួត​ប្រជែង ១៨ ​លើក​ហើយ ក្នុង​​ការ​ប្រកួត​ទីលាន​ដី​ឥដ្ឋ​នេះ​​។

កីឡាការិនី​វ័យ ៣៩ ​ឆ្នាំ Williams បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​ថា​៖ «​គូ​ប្រកួត​របស់​ខ្ញុំ នាង​លេង​បាន​ល្អ​ណាស់នៅ​សិត​ដំបូង។ វា​មិន​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ឡើយ។ ភាព​ខុស​គ្នា​ខ្លាំង​បំផុត គឺ​ទំនុក​ចិត្ត។ ខ្ញុំ​ត្រូវ​តែ​លេង​ដោយ​ទំនុក​ចិត្តជាង​​នេះ ឱ្យ​សម​នឹង​ឈ្មោះ Serena Williams​»​។

កីឡាការិនី​ដែល​ធ្លាប់​ឈរ​លេខ ១ តែ​ឥឡូវ​ធ្លាក់​មក​លេខ ៣៨៦ ពិភពលោក បាន​បន្ថែម​ថា​៖ «​ដើម្បី​ធ្វើ​បែប​ហ្នឹង​បាន។ ខ្ញុំ​គ្រាន់​តែ​ចាប់​ផ្ដើម​លេង​បែប​ហ្នឹង​ គឺ​លេង​ដោយ​ទំនុក​ចិត្ត​។ ខ្ញុំ​ចូល​ចិត្ត​ទីលាន​ដី​ឥដ្ឋ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​លេង ជាមួយ​នឹង​អារម្មណ៍​ចូល​ចិត្តនោះ​ ដូច្នេះ​ គ្រប់​យ៉ាង​ក៏​ចាប់​ប្រសើរ​ឡើង​ៗ​»​។

នៅ​ជុំ​ទី​២ កីឡាការិនី​ Williams នឹង​ទៅ​ជួប​កីឡាការិនី Tsvetana Pironkova របស់​ប៊ុលហ្គារី ដែល​បាន​ឈ្នះគូ​ប្រកួត​សញ្ជាតិ​អាល្លឺម៉ង់ Andrea Petkovic ២-០ សិត ៦-៣ និង ៦-៣៕ AFP/VN