ប៉ារីស: Rafael Nadal បានឡើងទៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រជាលើកទី ១៣ កាលពីថ្ងៃពុធ សម្រាប់ការប្រកួតវាយកូនបាល់ (តិន្នីស) អាជីពក្នុងកម្មវិធី French Open ឬ Roland Garros ដោយការយកឈ្នះកីឡាករសញ្ជាតិអ៊ីតាលី Jannik Sinner វ័យ ១៩ ឆ្នាំអំឡុងការប្រកួតកម្រិតកំពូលមួយដែលចប់ទៅដោយប្រើពេលត្រឹមតែ ១:៣០ ម៉ោងពោលគឺជាការបញ្ចប់មិនធា្លប់មានក្នុងព្រឹត្តិការណ៍នេះ។
កីឡាករសញ្ជាតិអេស្ប៉ាញ Nadal ដែលបានគ្រងពានក្នុងកម្មវិធីនេះ ១២ សម័យកាលផ្ដួលគូបដិបក្ខជាមួយនឹងលទ្ធផល ៣-០ សិត គឺ ៧-៦ ៦-៤ និង ៦-១ ដែលនេះជាជ័យជម្នះលើកទី ៩៨ ក្នុងចំណោមការប្រកួតទាំង ១០០ លើករបស់គេនៅ French Open នេះ។
អត្តពលិកវ័យ ៣៤ ឆ្នាំនឹងឡើងទៅជួបកីឡាករអាហ្សង់ទីន Diego Schwartzman ដែលបានទម្លាក់កីឡាករ Dominic Thiem របស់អូទ្រីសដែលទើបឈ្នះពាន US Open នៅអាមេរិកថ្មីៗ និងដែលជាជើងឯករង ២ ដងជាប់ៗគ្នាក្នុងព្រឹត្តិការណ៍នៅក្រុងប៉ារីសនេះ សម្រាប់ ២ ឆ្នាំចុងក្រោយ។ វាជាការបង្ហាញខ្លួនលើកទី ៣៤ ក្នុងវគ្គ ១/២ របស់ Nadal ក្នុងកម្មវិធីដណ្ដើមពានធំៗ។
យ៉ាងណា Nadal មានស្ថិតិល្អជាងជាមួយនឹងជ័យជម្នះ ៩ ទល់នឹង ១ អំឡុងពេលប៉ះគ្នាកន្លងមក បើទោះ Schwartzman ជាអ្នកឈ្នះក្នុងជំនួបចុងក្រោយនាក្រុងរ៉ូម ប្រទេសអ៊ីតាលីមុនព្រឹត្តិការណ៍ Roland Garros នេះក៏ដោយ។
ដោយឡែកកីឡាករចំណាត់ថ្នាក់ទី ៧៥ ពិភពលោក Sinner ដែលប៉ុនប៉ងឱ្យបានក្លាយជាអ្នកវាយតិន្នីសទី ១ ឡើងទៅវគ្គ ១/២ នៅថ្ងៃបង្ហាញវត្តមានដំបូង តាំងពី Nadal ធ្វើបានក្នុងឆ្នាំ ២០០៥ មកនោះបានត្រឹមតែមានអារម្មណ៍សោកស្ដាយប៉ុណ្ណោះសម្រាប់ការបាត់បង់ឱកាសនេះ។
«វាយូរណាស់ ដូច្នេះសូមអរគុណដែលមិនទៅណា បើទោះជាស្ថានភាពលំបាកក៏ដោយ»។ នេះជាសម្ដីរបស់ Nadal និយាយទៅកាន់អ្នកគាំទ្រតិចតួច ដែលពួកគេទាំងនោះបានពាក់អាវធំ មួក និងកន្សែងរុំក ដោយសារសីតុណ្ហភាពធ្លាក់ដល់ ១២ អង្សា។
កីឡាករចំណាត់ថ្នាក់ទី ២ ពិភពលោកដែលត្រូវការតែជើងឯក Grand Slam ១ លើកទៀតប៉ុណ្ណោះ ដើម្បីស្មើនឹងកំណត់ត្រា ២០ ដងរបស់កីឡាករស្វ៊ីស Roger Federer បាននិយាយថា ខ្លួនមានការតានតឹងបន្តិចនៅសិតទី ១ សម្រាប់ការប្រកួតនេះ។
Nadal បានបន្ថែមថា៖ «វាតឹងតែងណាស់អំឡុង ២ សិតដំបូងហើយជាពិសេសនៅចុងសិតទី ១។ គេ (Sinner) វាយកូនបាល់លឿនណាស់ ហើយដោយសារអាកាសធាតុត្រជាក់ធ្វើឱ្យកូនបាល់មិនសូវឡើងខ្ពស់»។
ចំណែកកីឡាករ Schwartzman ដែលត្រូវប្រជែងជាមួយ Nadal ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រយកឈ្នះ Thiem ទាំងលំបាកក្នុងលទ្ធផល ៣-២ សិត ៧-៦ ៥-៧ ៦-៧ ៧-៦ និង ៦-២ ហើយជាលើកទី ១ ហើយសម្រាប់កីឡាករចំណាត់ថ្នាក់ទី ៨ ពិភពលោកដែលបានឆ្លងចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Grand Slam បែបនេះ។
កីឡាករ Schwartzman បាននិយាយថា៖ « Dominic (Thiem) ជាកីឡាករកម្រិតកំពូល ១ រូប។ គេជាមិត្តដ៏ល្អរបស់ខ្ញុំ ហើយខ្ញុំគោរពគេណាស់។ ជ័យជម្នះនេះសំខាន់ណាស់សម្រាប់ខ្ញុំ។ សិតទី ២ និងទី ៣ ខ្ញុំមានការវង្វេងវង្វាន់តិចតួច ហើយខ្ញុំបានស្រែកដាក់ខ្លួនឯង ព្រោះមានឱកាសច្រើនណាស់។ តែយ៉ាងណា ខ្ញុំស័ក្ដិសមទទួលបានជ័យជម្នះនៅយប់នេះ»៕ VN