ញូវយ៉ក៖ កីឡាករ​វាយ​កូន​បាល់ (តិន្នីស) អាជីព​លំដាប់​លេខ ២ ពិភព​លោក Rafael Nadal ​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​នឹង​មិន​ចូលរួម​ប្រកួត​ប្រជែង ឬ​ធ្វើ​ការ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ឡើយ ក្នុង​កម្មវិធី US Open នា​ឆ្នាំ​នេះ ​​​នៅ​ឯ​មជ្ឈមណ្ឌល​​កីឡា Flushing Meadows ខណៈ​ក្រុម​អ្នក​រៀបចំ​បាន​បញ្ចេញ​តារាង​ឈ្មោះ​អ្នក​​មាន​សិទ្ធិ​ប្រកួត​ទោល​សម្រាប់​ព្រឹត្តិការណ៍​ Grand Slam មួយ​នេះ​។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Nadal បាន​និយាយ​ក្នុង​ខែ​មិថុនា ថា ខ្លួន​មិន​ច្បាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក អំឡុង​ពេល​មាន​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ នេះ តែ​ពេល​នេះ​បាន​ធ្វើ​តាម​​កីឡាការិនី​លំដាប់​លេខ​ ១ ពិភព​លោក Ash Barty ក្នុង​ការ​ដក​ខ្លួន​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ ដោយសារ​បារម្ភ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​។

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​នេះ កីឡាករ Nadal ​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម Twitter ​ថា៖ «​ក្រោយ​ពិចារណា​ជាច្រើន​លើក​ច្រើន​សា ខ្ញុំ​​សម្រេច​ចិត្ត​មិន​​ចូល​រួម​ការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ US Open ឆ្នាំ​នេះ​ទេ​។ ស្ថានការណ៍​ពិភព​លោក​បច្ចុប្បន្ន ច្របូក​ច្របល់​ណាស់។ ករណី​ជំងឺ​កូវីដ ១៩ កើន​ឡើង​រហូត ដោយ​មើល​ទៅ​ដូច​ជា​​គ្រប់គ្រង​​មិន​បាន​សោះ​»​។

កីឡាករ​វ័យ ៣៤ ​ឆ្នាំ ដែល​បាន​គ្រង​ពាន​ដ៏​ធំ​​នៅ​អាមេរិក​នេះ ៤ ​ដង​ ​បន្ត​ទៀត​ថា​៖ «​យើង​ដឹង​ថា កាល​វិភាគ​ការ​ប្រកួត​តិន្នីស ដែល​ត្រូវ​​កាត់​បន្ថយ​ គឺ​ពិបាក​ទទួល​យក​ណាស់​ ឆ្នាំ​នេះ ក្រោយ​ផ្អាក​ដល់​ទៅ ៤ ​ខែ​។ ខ្ញុំ​អរគុណ​ដល់​គ្រប់​គ្នា ដែល​ប្រឹងប្រែង​ចង់​ឲ្យមាន​ការ​ប្រកួត​កើត​ឡើង​»​។​

តែ​​ព្រឹត្តិការណ៍​នេះ ផ្នែក​បុរស​ក៏​នៅ​មាន​វត្តមាន​កីឡាករ​លំដាប់​លេខ ១ ពិភព​លោក Novak Djokovic ដែល​ធ្លាប់​លើក​ពាន​នៅ​ក្រុង​ញូវយ៉ក​នេះ ៣ ​ដង រួម​ជាមួយ​កីឡាករ​ដែល​ជា​ជើង​ឯក​រង​ក្នុង​ព្រឹត្តការណ៍​នេះ ឆ្នាំ​មុន​​​ Daniil Medvedev ព្រម​ទាំង​កីឡាករ​លំដាប់​កំពូល ១០ ​រូប​ផ្សេង​ទៀត ដែល​មាន​ដូច​ជា​កីឡាករ Dominic Thiem, Stefanos Tsitsipas និង Alexander Zverev ជា​ដើម​។

ផ្នែក​នារី កីឡាការិនី ​ ៩​ រូប ក្នុង​ចំណោម​កីឡាការិនី​កំពូល​ទាំង ១០ រូប ដែល​មាន​ទាំង​​​ម្ចាស់​ពាន​ Grand Slam ២៣ ​សម័យ​កាល Serena Williams និង​ជើង​ឯក​ចាស់​ Bianca Andreescu ផង​ដែរ​នោះ សុទ្ធ​តែ​មាន​ក្នុង​បញ្ជី​​ឈ្មោះ​ប្រកួត​ប្រជែង​​រួម​ជាមួយ​ម្ចាស់​ជើងឯក​កម្មវិធី​នេះ ឆ្នាំ​ ២០១៨ គឺ​កីឡាការិនី Naomi Osaka​ ជាមួយ​គ្នា៕ AFP/VN