ក្រុង​ប៉ារីស៖ ម្ចាស់​ជើងឯក ១២ ​សម័យ​កាល ក្នុង​កម្មវិធី​ប្រកួត​វាយ​កូនបាល់ (តិន្នីស) French Open ឬ Roland Garros នា​ក្រុង​ប៉ារីស ប្រទេស​បារាំង គឺ​កីឡាករ Rafael Nadal បាន​ឆ្លង​ទៅ​វគ្គ ៨ ​នាក់​ចុង​ក្រោយ​ជា​លើក​ទី១៤ សម្រាប់​ពាន​​លំដាប់ Grand Slam នេះ ខណៈ Alexander Zverev បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ ដែល​ត្រូវ​បាន​រំខាន​ដោយ​វីរុស​កូរ៉ូណា តែ​កីឡាករ​អាល្លឺម៉ង់​ប្រាប់​ថា ខ្លួន​ធ្វើ​ការ​ប្រកួត​ទាំង​មាន​ជំងឺ​។​

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Nadal ហាក់​មិន​ជា​លំបាក​ប៉ុន្មាន​ឡើយ ក្នុង​ការ​យក​ឈ្នះ​កីឡាករ​អាមេរិក Sebastian Korda ជាមួយ​នឹង​លទ្ធផល ៣ សិត​ទល់​នឹង ០ គឺ ៦-១ ៦-១ និង ៦-២ ខណៈ​ជោគជ័យ​នេះ ជួយ​ជំរុញ​ក្ដី​សង្ឃឹម​ដែល​ចង់​ឈ្នះ​ពាន​ឱ្យ​បាន​ស្មើ​កំណត់​ត្រា ២០ ​ដង ​របស់​កីឡាករ​ស្វីស​ Roger Federer នោះ កំពុង​មាន​កាន់​តែ​ខ្ពស់​ឡើងៗ។

នេះ​ជា​ជ័យជម្នះ​លើក​ទី៩៧ របស់​ Nadal សម្រាប់​ការ​ប្រកួត​វាយ​តិន្នីស​លើ​ទីលាន​ដី​ឥដ្ឋ ដោយ​ក្នុង​នោះ គឺ​ចាញ់​តែ​ ២​ ដង​ប៉ុណ្ណោះ គិត​តាំង​ពី​កីឡាករ​វ័យ ៣៤ ​ឆ្នាំ​រូប​នេះ លើក​ពាន​នៅ​រដ្ឋធានី​នៃ​ប្រទេស​​បារាំង ​នេះ​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ ​២០០៥​។

«វា​ជាទម្រង់​លេង​ល្អ​ ហើយ​ខ្ញុំ​រីករាយ​ជាមួយ​នឹង​អ្វី​ ដែល​ខ្ញុំ​ធ្វើ​បាន​នោះ​»​។ នេះ​ជា​សម្ដី​ខ្លី​ៗ​របស់​ Nadal ដែល​គិត​ទាំង​ពេល​​នេះ​ផង បាន​បង្ហាញ​វត្តមាន​នៅ​វគ្គ ៨ ​នាក់​ចុង​ក្រោយ ជា​លើក​ទី​៤២ ហើយ​សម្រាប់​​ព្រឹត្តិការណ៍​​សំខាន់​ៗ​។

នៅ​វគ្គ​បន្ទាប់​គូ​ប្រជែង​របស់ Nadal គឺ​​ Jannik Sinner ដែល​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ ៨ ​នាក់ សម្រាប់​កម្មវិធី ​Grand Slam ផ្នែក​បុរស​គិត​តាំង​ពី​កីឡាករ​ស៊ែប៊ី Novak Djokovic ធ្វើ​បាន​កាល​ពី​ឆ្នាំ ​២០០៦​ ក្រោយ​ពី​កីឡាករ​អ៊ីតាលី​វ័យ ១៩ ​ឆ្នាំ​ បាន​ទម្លាក់​​កីឡាករ​ Zverev ជាមួយ​នឹង​ជ័យជម្នះ ៣-១ សិត ៦-៣ ៦-៣ ៤-៦ និង ៦-៣។

ក្រោយ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត កីឡាករ Zverev បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​មាន​ជំងឺ​តាំង​តែ​ពី​យប់​ប្រកួត​ជាមួយ​ Marco Cecchinato។ ខ្ញុំ​ដក​ដង្ហើម​មិន​ស្រួល​សោះ ដូច​អ្នក​បាន​ឮ​សំឡេង​របស់​​ខ្ញុំ​នា​ពេល​នេះ​អ៊ីចឹង។ ខ្ញុំ​មិន​ទាន់​មាន​សុខភាព​ប្រសើរ​​ពេញ​បរិបូរណ៍​នៅ​ឡើយ​ទេ។ ការ​ពិត​ខ្ញុំ​មិន​គួរ​ធ្វើ​ការ​ប្រកួត​នោះ​ទេ​»​។

ចំណែក​ Sinner ដែល​ជា​កីឡាករ​ទី១ ផង​ដែរ ក្នុង​ការ​បាន​ឡើង​ដល់​វគ្គ​នេះ ជាមួយ​នឹង​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង នៅ Roland Garros បន្ទាប់​ពី​ Nadal ក្នុង​ឆ្នាំ ​២០០៥ បាន​ប្រាប់​ថា​៖ «​ថ្ងៃ​នេះ តឹងតែង​ណាស់​ពេល​ដឹង​ថា ការ​ប្រកួត​នឹង​ត្រូវ​បន្ត​ទៅ​យូរ​ទៀត តែ​ចុង​ក្រោយ​ខ្ញុំ​រីករាយ​​នឹង​ទម្រង់​លេង​របស់​ខ្ញុំ​»​។​

ដោយ​ឡែក​ កីឡាករ​លំដាប់​កំពូល ១ រូប​ទៀត គឺ Dominic Thiem ក៏​បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ​បន្ត​ដែរ ក្រោយ​រួច​ជីវិត​ពី​ការ​ប្រកួត​ចំនួន ៥ សិត ​ជាមួយ​នឹង​ជ័យជម្នះ ៦-៤ ៦-៤ ៥-៧ ៣-៦ និង ៦-៣ ខណៈ​លទ្ធផល​នេះ ធ្វើ​ឱ្យ​​កីឡាករ​សញ្ជាតិ​អូទ្រីស​នេះ អាច​​បង្ហាញ​​ខ្លួន នៅ​វគ្គ ៨ ​នាក់ ជា​លើក​ទី​៥ ក្នុង​អំឡុង​ពេល​ ៨ ​ឆ្នាំ​ចុង​ក្រោយ​នេះ។

បន្ទាប់​ពី​ឆ្លង​ផុត​កីឡាករ​បារាំង Hugo Gaston ក្នុង​ជុំ​ទី៤ នេះ កីឡាករ​ចំណាត់​ថ្នាក់​ទី៣ ពិភព​លោក Thiem វ័យ ២៧ ​ឆ្នាំ​ ត្រូវ​ឡើង​ទៅ​ប្រឈម​ជាមួយ​នឹង​កីឡាករ​អាហ្សង់ទីន Diego Schwartzman ដែល​ឈរ​នៅ​លំដាប់​ទី១៤ របស់​ពិភព​លោក ដើម្បី​ប្រជែង​គ្នា​យក​កៅអី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕ AFP/VN