ទូរីន៖ ក្រុម Napoli មិនបានបង្ហាញវត្តមាននោះទេ សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Serie A ទល់នឹងក្រុមជើងឯកចាស់ Juventus នៅក្រុងទូរីន (Turin) ក្រោយពីបញ្ហាជម្លោះពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ធ្វើឱ្យវិស័យបាល់ទាត់អ៊ីតាលីធ្លាក់ចូលក្នុងភាពរំជើបរំជួល។
ការប្រកួត ត្រូវរំសាយចោល ៤៥ នាទី ក្រោយពេលវេលាកំណត់ប្រកួត ម៉ោង ៦:៤៥ យប់ (ម៉ោងសកល) ដោយសារក្រុមភ្ញៀវ Napoli មិនបានធ្វើដំណើរមកកាន់កីឡដ្ឋាន Allianz របស់ Juve ហើយពេលនេះ ក្រុមរបស់លោក Gennaro Gattuso កំពុងប្រឈមនឹងការឱ្យចាញ់ស្វ័យប្រវត្តិ ៣-០។
កីឡាកររបស់ក្រុមម្ចាស់ផ្ទះ Juve បានបង្ហាញខ្លួនសម្រាប់ការប្រកួតទី៣ នេះ រួមជាមួយអាជ្ញាកណ្ដាល និងអ្នកគាំទ្រមួយចំនួនតូច ក្រោមដំណក់ភ្លៀងនៅឯកីឡដ្ឋាន តែកូនទ័ពរបស់ Napoli ដែលនៅតែផ្ដាច់ខ្លួនពីអ្នកដទៃតាមការណែនាំរបស់មន្ត្រីសុខាភិបាលមូលដ្ឋាន ក្រោយខ្សែបម្រើ Eljif Elmas និង Piotr Zielinski ទទួលបានលទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណាអំឡុងសប្ដាហ៍នេះ។
ប្រធានក្លិប Juve លោក Andrea Agnelli បានប្រាប់ទូរទស្សន៍ Sky Sport អ៊ីតាលីថា៖ «ប្រធានក្លិប Napoli លោក De Laurentiis សុំឱ្យខ្ញុំផ្អាកការប្រកួតនេះ។ ខ្ញុំតបទៅវិញថា យើងត្រូវគោរពតាមច្បាប់ (គោលការណ៍សុខភាព)»។
ជាមួយគ្នានេះដែរ លោក Agnelli បានបន្ថែមទាក់ទងនឹងរឿងកាត់ក្ដីឱ្យឈ្នះស្វ័យប្រវត្តិថា៖ «ឈ្នះ ៣-០ ឬ? ខ្ញុំពេញចិត្តការមានជ័យជម្នះនៅលើទីលានច្រើនជាង»។
ក្រុមជើងឯកពាន Serie A ៩ សម័យកាលជាប់ៗគ្នា បានអះអាងថា ពួកគេនឹងទៅកាន់ទីលានតាមការកំណត់ ទោះមានសមាជិក ២ រូប ឆ្លងជំងឺកូវីដ ១៩ នៅសប្ដាហ៍នេះក៏ដោយ ដោយគេឃើញគ្រូបង្វឹកលោក Andrea Pirlo និងកូនក្រុមរបស់គាត់បានទៅដល់ ១ ម៉ោង មុនការប្រកួតចាប់ផ្ដើម។
លោកប្រធានក្លិប Agnelli ថ្លែងបន្តថា៖ «យើងមានគោលការណ៍ច្បាស់លាស់។ គោលការណ៍នោះ ត្រូវបានសិក្សាដោយសហព័ន្ធរួមជាមួយរដ្ឋាភិបាល។ រឿងសំខាន់ គឺត្រូវមានឆន្ទៈ និងភាពស្មោះត្រង់ក្នុងការប្រកួតកីឡា។ ករណីទាំងនោះ នឹងដោះស្រាយ ហើយកែតម្រូវម្ដង ១ៗ»៕ AFP/VN