ក្រុង​ឡុងដ៍៖ ក្លិប​ Newcastle United បាន​និយាយ​ការពារ​ម្ចាស់​ក្លិប គឺ​​លោក Mike Ashley ក្រោយ​រង​​ការ​រិះគន់​ពី​​អ្នក​នយោបាយ​អង់គ្លេស​លោក Jeremy Corbyn។​

ថ្នាក់​ដឹកនាំ​គណបក្ស​ការងារ​លោក Corbyn បាន​ចាត់​ទុក​លោក Ashley ជា «​​ម្ចាស់​ក្លិប​ដ៏​អាក្រក់​ម្នាក់» ​​ក្នុង​ចំណោម​ ជា​ច្រើន​នាក់​​ទៀត ​ដែល​បាន​ «​ដាក់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​របស់​ខ្លួន​នៅ​មុន​ពេល​អ្វីៗ​ទាំង​អស់​ដោយ​មិន​ខ្វល់​ពី​អ្នក​គាំទ្រ និង​ដាក់​សន្តិសុខ​ហិរញ្ញវត្ថុ​នៃ​​ក្លិប​នេះ​ក្នុង​ហានិភ័យ​»។​​​

លោក Corbyn បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​​ការងារ ​ដើម្បី​បង្ហាញ​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​របស់​គាត់​ក្នុង​ការ​ហាម​ឃាត់​កិច្ច​សន្យា​សូន្យ​ម៉ោង ​និង​បង្ហាញ​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្នាក់​ជាតិ សម្រាប់​បុគ្គលិក​នៅ​គ្រប់​ក្លិប​ទាំង​អស់​ដែល​នៅ​ក្របខ័ណ្ឌ Premier ​League​។

លោក Ashley មិន​សូវ​មាន​ប្រជាប្រិយភាព​ជា​យូរ​មក​ហើយ​​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ក្លិប​ Newcastle ប៉ុន្តែ​ទោះ​ជា​មាន​របាយការណ៍​ពី​ការ​ទទួល​បាន​ផល​​ប្រយោជន៍​ពី​អ្នក​ទិញ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​​ក៏​ដោយ​ ក្លិប​នេះ​នៅ​តែ​ស្ថិត​ក្រោម​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​គាត់​ដដែល​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ របាយការណ៍​របស់​ក្លិប Newcastle ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បាន​រិះគន់​លោក Corbyn ចំពោះ​ការ​បញ្ចេញ​«​​មតិ​យោបល់​​បំ​ផ្លិចបំផ្លាញ ​និង​ផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​» ​ពី​លោក​ Ashley និង​កិច្ច​ការងារ​របស់​គាត់​នៅ​កីឡដ្ឋាន​ St James ''Park ​នៃ​ក្លិប​ Nescastle។

ក្លិប​នេះ​បាន​និយាយ​ថា៖ «​ដោយ​មើល​ទៅ​លើ​អភិបាល​កិច្ច ​និង​បទប្បញ្ញត្តិ​ដែល​មាន​ស្រាប់​ក៏​ដូច​ជា​ផល​ប៉ះពាល់​វិជ្ជមាន​យ៉ាង​ខ្លាំង​ដែល​ក្លិប​ Newcastle និង​ក្លិប​អាជីព​ផ្សេង​ទៀត​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​នោះ លោក​ Corbyn បាន​បង្ហាញ​ពី​កង្វះ​ចំណេះ​ដឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​អំពី​ការ​ប្រកួត​ថ្នាក់​ជាតិ​របស់​យើង​»​។

ក្លិប​នេះ​បាន​បន្ថែម​ថា​៖ ​«​គិត​តាម​​ហិរញ្ញវត្ថុ ​ក្រៅ​ពី​ចំនួន​ដែល​​ផ្ដល់​ឲ្យ​​ក្លិប​នេះ​​ក្នុង​រយៈពេល​ខ្លី​ និង​គ្មាន​ការ​ប្រាក់​ព្រម​ទាំង​​សង​ទៅ​គាត់​វិញ​​តាម​ការ​ចង់​​បាន​នោះ​ ​យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ​លោក Mike ​Ashley មិន​បាន​យក​ប្រាក់​មួយ​កាក់​ចេញ​ពី​ Newcastle ​United ​ជា​​ការ​ប្រាក់ ប្រាក់​​ខែ​ ​ឬ​ភាគ​លាភ​ដែល​ជា​ទម្លាប់​នៅ​តាម​ក្លិប​ជា​ច្រើន​នោះ​ទេ​​»។​

ក្លិប Newcastle បាន​បន្ថែម​ទៀត​ថា៖ «​យើង​សូម​អញ្ជើញ​លោក Corbyn មក​មើល​កម្មវិធី​ផ្ដួច​ផ្ដើម​ ១ ​​ក្នុង​ចំណោម​​ជា​ច្រើន​​ទៀត​ ដើម្បី​ឃើញ​ផ្ទាល់​ភ្នែក​ពី​ការងារ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​សហគមន៍​របស់​យើង​រៀង​រាល់​ថ្ងៃ​»៕ SN