ប្រេស៊ីល: តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar បាន​ទទួល​ស្គាល់​ថា ក្រោយ​ពី​ការ​បរាជ័យ​របស់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក្នុង​ព្រឹត្តិការណ៍ World Cup រូបគេ​មិន​អាច​សម្លឹង​មើល​បាល់ និង​មិន​ចង់​ឃើញ​ការ​ប្រកួត​ណាមួយ​ដែល​នៅ​សល់​ក្នុង​យុទ្ធនាការ​នេះ​ឡើយ។

ខ្សែប្រយុទ្ធ Neymar វ័យ ២៦ ឆ្នាំ បាន​ប្រាប់ AFP ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​នឹង​មិន​ពង្វាង​ដាន​ច្រើន​ឆ្ងាយ​ឡើយ​ក្នុងការ​និយាយ​ថា ខ្ញុំ​មិន​ចង់​លេង​ម្តង​ទៀត​ឡើយ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឃើញ​បាល់​មួយ​ឡើយ ឬក៏​ឃើញ​ការ​លេង​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​ទៀត​ឡើយ»។

តារា​ឆ្នើម​របស់​ក្លិប Paris Saint Germain រូបនេះ បានផ្តល់​សម្ភាស​នៅឯ​វិទ្យាស្ថាន Neymar Praia Grande របស់​គេ ដែល​ជា​កន្លែង​យុទ្ធនាការ​កីឡា​បាល់​ទាត់​ដែល​មាន​សមាជិក​ម្ខាង ៥ នាក់ Red Bull Neymar Jr 5 ត្រូវ​បាន​រៀបចំ​ឡើង។ ទោះបី​ជា​យ៉ាង​ណា ខណៈ​ស្ថិត​ក្នុង​ដៃ រួម​ជាមួយ​នឹង​កូន​ប្រុស​វ័យ ៦ ឆ្នាំ​របស់​គេ​គឺ Davi Lucca ដែល​អង្គុយ​លើ​ភ្លៅ​របស់​គេ ខ្សែ​ប្រយុទ្ធ​រូប​នេះ ហាក់​ស្ថិត​ក្នុង​អារម្មណ៍​ធូរ​ស្រាល ខណៈ​ដែល​រូបគេ​បាន​ពន្យល់​ពី​ការ​ខក​ចិត្ត​របស់​គេ​បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup។

ទាក់​ទង​នឹង​ការ​បរាជ័យ ២-១ របស់​ក្រុម​ខ្លួន​ក្រោម​ស្នាដៃ​ក្រុម​បែលហ្ស៊ិក ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ Neymar បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ស្ថិត​ក្នុង​ការ​ខកចិត្ត ខ្ញុំ​ពិត​ជា​សោក​សៅ​ពី​លទ្ធផល​នោះ ប៉ុន្តែ ការ​សោក​សៅ​នោះ​ផុត​រលត់​អស់​ហើយ។ ខ្ញុំ​មាន​កូន​ប្រុស ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ពួកគេ​មិន​ចង់​ឃើញ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ឡើយ។ ខ្ញុំ​មាន​ហេតុផល​ជាច្រើន​ក្នុង​ការ​រីករាយ ជាង​ការ​កើត​ទុក្ខ»។

នៅពេល​ត្រូវបាន​ចោទសួរ​ពី​ព័ត៌មាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ទាក់ទង​នឹង​រូបគេ​ជាមួយ​ការផ្ទេរ​មួយ​ទៅ​កាន់​ក្លិប Real Madrid ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បញ្ជាក់​ថា «នោះ​គ្រាន់​តែ​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ»៕