ប៉ារីស៖ ក្រុម Paris Saint-Germain (PSG) ចាប់ផ្ដើមមានដង្ហើមរស់ឡើងវិញហើយ នៅក្របខ័ណ្ឌ Champions League ដោយសារបាល់ប៉េណាល់ទី នៅដើមវគ្គទី១ របស់ខ្សែប្រយុទ្ធឆ្នើម Neymar ដែលជួយឱ្យក្រុមយក្សបារាំងឈ្នះ RB Leipzig ១-០ អំឡុងការប្រកួត កាលពីថ្ងៃអង្គារ។
ក្រុមជើងឯករងពានរង្វាន់ក្របខ័ណ្ឌនេះ កាលពីរដូវកាលមុន PSG បានចាញ់ ២ លើក ក្នុងចំណោមការប្រកួតបើកឆាក ៣ ដងរបស់ខ្លួន នៅពូល H ហើយកំពុងត្រូវបានគេសម្លឹងមើលឥតប៉ប្រិចភ្នែកនូវលទ្ធភាព ដែលអាចធ្លាក់ចេញយ៉ាងឆាប់ពីការប្រកួតប្រជែងនេះ បើសិនពួកគេភ្លាត់ចាញ់ក្រុមទៅពីអាល្លឺម៉ង់ម្ដងទៀតសម្រាប់ការប្រកួត នៅកីឡដ្ឋាន Parc des Princes នេះ។
តែគ្រាប់បាល់របស់ Neymar នៅនាទីទី១១ ដែលបានមកពីការទាត់បាល់ពិន័យ ១១ ម៉ែត្រ គ្រប់គ្រាន់សម្រាប់ក្រុម PSG ដែលកំពុងជួបវិបត្តិកីឡាកររបួស និងជាប់ពិន័យ ខណៈ RB Leipzig មិនអាចឆក់យកឱកាសសម្រាប់ខ្លួនបាន។
«ក្នុងគ្រាលំបាកយើង គឺជាក្រុមមួយដែលមានភាពសាមគ្គីគ្នាយ៉ាងស្អិតល្មួត ហើយសម្រេចបាននូវកិច្ចការមួយយ៉ាងល្អ។ ជាថ្មីម្ដងទៀត យើងបានបង្ហាញឱ្យឃើញពីការធ្វើបែបនោះ»។ នេះជាសម្ដីរបស់ប្រធានក្រុម PSG កីឡាករ Marquinhos ដែលនិយាយទៅកាន់បណ្ដាញសារព័ត៌មាន RMC Sport ក្រោយការប្រកួត ដែលក្រុមខ្លួនដណ្ដើមបាន ៣ ពិន្ទុដ៏សំខាន់។
ទាំង ២ ក្រុម PSG និង Leipzig មាន ៦ ពិន្ទុដូចគ្នា ជាមួយនឹងការនៅសល់ ២ ប្រកួតទៀត ដោយត្រូវតាមពីក្រោយក្រុមនៅកំពូលតារាង Manchester United ចំនួន ៣ ពិន្ទុ បន្ទាប់ពីក្រុមយក្សនៅអង់គ្លេស បំបាក់ក្រុមរបស់តួកគី Istanbul Basaksehir ៤-១។
អ្វីដែលសំខាន់ គឺក្រុម PSG មានប្រវត្តិជួបគ្នា (head-to-head) ល្អជាង Leipzig ដោយសារអាចស៊ុតបញ្ចូលទីបាន នៅក្រៅផ្ទះ ប្រសិនបើទាំង ២ ក្រុម នៅតែមានពិន្ទុស្មើគ្នាទៀត ក្នុងប្រកួតផ្ដាច់ព្រ័ត្រចុងក្រោយ។ ពេលជួបគ្នានៅអាល្លឺម៉ង់កាលពី ៣ សប្ដាហ៍កន្លងទៅ ក្រុម PSG ចាញ់ ២-១។
ក្រុមរបស់លោក Thomas Tuchel ត្រូវធ្វើដំណើរទៅទឹកដី Old Trafford របស់ Man United នៅហ្គេមបន្ទាប់ ហើយអ្វីគួរឱ្យចាប់អារម្មណ៍ក្នុងប្រកួតនោះ គឺថា ក្រុមជើងឯកលីគកំពូលបារាំងមួយនេះ អាចទាំងបានឆ្លងទៅវគ្គ ១៦ ក្រុម ក៏ដូចជាអាចធ្លាក់ពីកម្មវិធីរបស់អឺរ៉ុបនេះបានដូចគ្នា៕ AFP/VN