The Phnom Penh Post Search

Search form

Neymar រងរបួស ខណៈ PSG បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar (ស្តាំ) ស៊ុត​បាល់​អំឡុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​បារាំង Ligue 1​​។ AFP

Neymar រងរបួស ខណៈ PSG បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ

ក្រុងប៉ារីស: ក្រុម Paris Saint-Germain កំពុងតែ​រង់ចាំ​ភាព​រឹងមាំ​របស់​តារា​ឆ្នើម Neymar កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន​លើ​ទឹកដី​ក្រុម Bordeaux ដោយ​សារ​តែ​បញ្ហា​ក្រលៀន នៅ​មុន​ពេល​គ្រាប់​បាល់​តែត​បញ្ចូល​ទី​របស់​កីឡាករ Andreas Cornelius បាន​បញ្ចប់​ការ​ចាប់​ផ្តើម​យ៉ាង​ល្អ ឥត​ខ្ចោះ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង​មួយ​នេះ ក្នុង​ក្របខ័ណ្ឌ Ligue 1 នៅ​រដូវ​កាល​នេះ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី ទី ៥៧ ក្នុងពេល​ក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធល​ស្មើ ២-២ នៅ​កីឡដ្ឋាន Matmut Atlantique ដែល​ជា​កន្លែង​រូបគេ​រក​បាន​គ្រាប់​បាល់​បើ​ឆាក និង​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ។ Neymar បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​ដោយ​មាន​របួស​ដូច​កាល​ពី​មុន​អ៊ីចឹង គឺ​បញ្ហា​សាច់​ដុំ​កន្ត្រាក់ ដែល​ស្ទើរ​តែ​បាន​រារាំង​មិន​ឲ្យ​រូបគេ​រក​បាន​គ្រាប់​បាល់​កាត់​សេចក្តី​ក្នុង​ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Liverpool ២-១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ទៅ​ហើយ។

ទាក់ទង​នឹង​ការដណ្តើម​បាន​ជ័យជម្នះ​ជា​ដាច់ខាត​របស់​ក្រុម​លោក​ក្នុង Champions League នៅ​លើ​ទឹកដី​ក្រុម Red Star Belgrade ក្នុង​រយៈពេល ៩ ថ្ងៃ​ទៀត លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្រុម PSG បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​កម្រិត​នៃ​ការ​រង​របួស​ឡើយ។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ រូបគេ​បាន​និយាយ​ថា វា​មិន​មាន​បញ្ហា​ឡើយ​ក្នុង​ការ​លេង​នៅ​រាត្រី​នេះ ប៉ុន្តែ ទីលាន​ប្រកួត​ពិត​ជា​លំបាក​លេង ហើយ​ខ្ញុំ​សង្ឃឹម​ថា រូបគេ​នឹង​មាន​ភាព​រឹងមាំ ក្រោយ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម Strasbourg»។

ក្រុម​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Ligue 1 មួយ​នេះ ដែល​បានឈ្នះ​រាល់​ការ​ប្រកួត​ទាំង ១៤ លើក​ក្នុង​ក្របខ័ណ្ឌ​លីក​របស់​ពួកគេ មុន​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ត្រូវ​តែ​រង់ចាំ​រហូត​ដល់​នាទី​ចុង​ក្រោយ ដើម្បី​រង់ចាំ​មើល​ថា Neymar និង​តារា​ឆ្នើម Kylian Mbappe ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​លេង ពេល​ផ្តួល​ក្រុម Liverpool ឬ​យ៉ាង​ណា?

អត្ថបទគួរចាប់អារម្មណ៍