ក្រុងបាងកក: កីឡាករ​ប្រដាល់​ចម្រុះ​កូន​កាត់​វៀតណាម-អូស្ត្រាលី Martin “The Situ-Asian” Nguyen ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់ ២ ផ្សេង​គ្នា​គឺ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម​នោះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​នឹង​កីឡាករ​ប្រេស៊ីល Bibiano “The Flash” Fernandes ដែល​ជា​ម្ចាស់​ការពារ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម នា​ថ្ងៃ​ទី ២៤ ខែ​មីនា នៅ​សង្វៀន Impact Arena ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​អង្គភាព​រៀបចំ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​នាំ​មុខ​គេ​នៅ​អាស៊ី ONE Championship (ONE)។ Martin Nguyen វ័យ ២៨ ឆ្នាំ គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​យុទ្ធ​គុន​ចម្រុះ (MMA) ក្នុង​ពិភពលោក។

ជាមួយនឹង​ការ​មាន​កំណត់​ត្រា​ឈ្នះ​ដល់​ទៅ ១០ លើក និង​ចាញ់ ១ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៧ លើក ទេពកោសល្យ​ដ៏អស្ចារ្យ​របស់ Nguyen ធ្វើ​ឲ្យ​រូបគេ​អាច​ប្រកួត​ក្នុង​កម្រិត​ដ៏ខ្ពស់​នៃ​យុទ្ធនាការ​នេះ។

រាល់​ជ័យជម្នះ​របស់គេ​សុទ្ធសឹង​បាន​កើត​ឡើង តាមរយៈ​ការ​ប្រើប្រាស់​ស្នៀត​ប្រកួត​ដ៏គួរ​ឲ្យ​ទាក់ទាញ។ ក្នុងការ​ប្រកួត​ចុង​ក្រោយ​បំផុត​របស់​គេ Nguyen បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​រំភើប​លើ​កីឡាករ​ហ្វីលីពីន Ed-uard Folayang ដើម្បី​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship ក្នុងការ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ២ ក្នុង​ប្រភេទ​ទម្ងន់ ២ ផ្សេង​គ្នា។ បច្ចុប្បន្ន កីឡាករ​រូបនេះ គឺជា​ម្ចាស់​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម ហើយ​នៅ​ខែ​មីនា ខាងមុខ​នេះ ក្នុង​ទីក្រុង​បាងកក រូបគេ​នឹង​ព្យាយាម​បង្កើត​ប្រវត្តិសាស្ត្រ ម្តង​ទៀត។

Nguyen នឹងត្រូវ​ដាក់​ឲ្យ​ជួប​ជាមួយ​នឹង​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម Fernandes ក្នុងការ​ប្រកួត​បន្ទាប់​របស់​គេ ដើម្បី​ប្រជែង​ក្លាយជា​កីឡាករ​ដ៏អស្ចារ្យ​បំផុត។

Fernandes វ័យ ៣៧ ឆ្នាំ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង MMA ផងដែរ ក្នុង​កម្មវិធី​របស់ ONE។ កីឡាករ​ប្រេស៊ីល​រូបនេះ បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី ១ របស់​គេ​ក្នុង ONE Championship កាល​ពី​ឆ្នាំ ២០១៣។ ចាប់តាំង​ពី​ពេល​នោះ​មក Fernandes បាន​រក្សា​កំណត់ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​សោះ​នៃ​កម្មវិធី​នេះ។

លោក Chatri Sityodtong ប្រធាន​ប្រតិបត្តិ​របស់ ONE បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុងការ​ប្រកាស​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ដ៏ធំ​មួយ​ផ្សេង​ទៀត ខណៈ​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម Bibiano Fernandes នឹង​ត្រូវ​ជួប​ជាមួយ​នឹង​ម្ចាស់​ខ្សែ​ក្រវាត់ ២ ប្រភេទ​ទម្ងន់​ផ្សេង​ទៀត​គ្នា Martin Nguyen ក្នុង​ព្រឹត្តិការណ៍ ONE: IRON WILL។ វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ និង​ជាការ​ប្រកួត​ដែល​គ្រប់គ្នា​ចង់​ឃើញ»៕IS