The Phnom Penh Post Search

Search form

Nishikori ជឿថា នឹង​មាន​ភាព​តានតឹង​ក្នុង​ពេល​ប៉ះ Djokovic

Content image - Phnom Penh Post
កីឡាករ​ជប៉ុន Kei Nishikori វាយ​កូន​បាល់​ត្រឡប់​ទៅ​កាន់​កីឡាករ​ឡេ​តូនី Ernests Gulbis វិញ​។ AFP

Nishikori ជឿថា នឹង​មាន​ភាព​តានតឹង​ក្នុង​ពេល​ប៉ះ Djokovic

ក្រុងឡុដ៍: កីឡាករ​វាយ​កូនបាល់ Kei Nishikori បាន​ក្លាយជា​បុរស​ជប៉ុន​ដំបូង​គេ​ក្នុង​រយៈពេល ២៣ ឆ្នាំ ក្នុង​ការ​ឈាន​ទៅ​ប្រកួត​ព្រឹត្តិការណ៍ Wimbledon វគ្គ ៨ នាក់​ចុង​ក្រោយ ហើយ​បន្ទាប់​មក បាន​ព្យាករ «ពី​ការ​ប្រជែង​គ្នា​ដ៏​ធំ​មួយ» ជាមួយ​នឹង​កីឡាករ Novak Djokovic ដើម្បី​ឈាន​ទៅ​វគ្គ ៤ នាក់​ចុង​ក្រោយ។

Nishikori វ័យ ២៨ ឆ្នាំ បាន​ជម្នះ​លើ​បញ្ហា​របួស​ដៃ ដើម្បី​ឈាន​ទៅ​ប្រកួត​នៅ​លើ​ទីលាន All England Club វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី ១ ក្រោយ​ពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៧-៦ (៧/៥) ៧-៦ (១២/១០) និង ៦-១ លើ​កីឡាករ​ឡេតូនី Ernests Gulbis។

ប៉ុន្តែ ក្រោយ​ពី​បាន​ក្លាយ​ជា​បុរស​ជប៉ុន​ដំបូង​គេ ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ ៨ នាក់​ចុង​ក្រោយ ចាប់តាំង​ពី​កីឡាករ Shuzo Matsuoka ធ្វើ​បាន​កាល​ពី​ឆ្នាំ ១៩៩៥ បច្ចុប្បន្ន Nishikori នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​ជាមួយ​នឹង​ម្ចាស់​ជើង​ឯក ៣ សម័យកាល Djokovic រួម​ជាមួយ​នឹង​កំណត់ត្រា​ចាញ់ ១៣ លើក និង​ឈ្នះ ២ លើក នៅ​ថ្ងៃ​ពុធ​នេះ។

Nishikori បាន​ឲ្យ​ដឹងថា៖ «រូបគេ​តែងតែ​ជា​គូប្រជែង​ដ៏​ខ្លាំង​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​តែងតែ​រីករាយ​ក្នុង​ការ​លេង ជាមួយ​នឹង​រូបគេ។ វា​តែង​តែ​ជា​ការ​ប្រជែង​ដ៏​ធំ​មួយ»។

កីឡាករ​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​រង​បរាជ័យ ២ លើក​រួចជាស្រេច​ក្រោម​ស្នាដៃ​កីឡាករ Djokovic នៅ​ឆ្នាំ​នេះ ពោល​គឺ​នៅ​ទីក្រុង​ម៉ាឌ្រីដ និង​រ៉ូម។

បើទោះបី​កីឡាករ​ទាំង ២ មិន​ធ្លាប់​ជួបគ្នា​នៅលើ​ទីលាន​វាលស្មៅ​ក៏ដោយ ប៉ុន្តែ Nishikori នៅ​តែ​មាន​ការ​បារម្ភ​ដោយសារ​តែ​ជ័យជម្នះ​លើក​ចុង​ក្រោយ​ក្នុង​ចំណោម​ជ័យជម្នះ​ទាំង ២ លើក​របស់​គេ​លើ​កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ​បាន​កើត ឡើង​ក្នុង​ឆ្នាំ ២០១៤ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង US Open។

Nishikori បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ប្រហែលជា​មិនមាន​លទ្ធផល​ល្អ ឬ​កំណត់ត្រា​ល្អ​ជាមួយ​នឹង​រូបគេ​ឡើយ ប៉ុន្តែ ខ្ញុំ​តែងតែ​រីករាយ​នឹង​ការ​លេង​ជាមួយ​រូបគេ។ គេ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​កម្មវិធី​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍