ភ្នំពេញ៖ ​ថ្នាក់​ដឹកនាំ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃ​ពុធ ​បាន​ចូលរួម​​ប្រជុំ​មហាសន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៣៩​ តាម​វីដេអូ​ Conference ជាមួយ​​សមាជិក​ចំនួន ៤៥ ​ប្រទេស​​ផ្សេង​ទៀត ក្នុង​ទ្វីប​អាស៊ី ដើម្បី​ពិភាក្សា​គ្នា​ពី​វឌ្ឍនភាព​កីឡា​ប្រចាំ​តំបន់​មួយ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​ផ្នែក​កីឡា​សំខាន់ៗ​ មាន ​លោក​បណ្ឌិត​ ថោង​ ខុន​ ជា​ប្រធាន NOCC និង​​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក​នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុខា​ លោក​ អ៊ុក ​សិទ្ធិជាតិ​ ​ជា​អនុ​ប្រធាន ​និង​​ វ៉ាត់​​ ចំរើន ​អគ្គលេខាធិការ​ NOCC ​សុទ្ធ​តែ​​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​ក្នុង​​មហាសន្និបាត​ប្រចាំ​ឆ្នាំ ​របស់​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ (OCA) ​មួយ​នេះ​​។

ចំពោះ​ខ្លឹមសារ​នៅ​ក្នុង​កម្មវិធី​ប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​នេះ ​ត្រូវ​បាន​ លោក​ វ៉ាត់ ​ចំរើន ​ប្រាប់​​ថា​ គឺ​​ពិនិត្យ​មើល​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នៃ​បណ្តា​ចលនា​អូឡាំពិក​ក្នុង​ទ្វីប​អាស៊ី​ព្រម​ទាំង​របៀបវារៈ​មួយ​ចំនួន​ទៀត ​ស្តីពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នានា​។

លោក​បន្ត​ថា​៖ «​ការ​ចូលរួម​នេះ​ ទទួល​បាន​ការ​ឯកភាព​ពី OCA ដើម្បី​ឱ្យ​ NOCC ដឹកនាំ​ដោយ​ឯក​ឧត្តម ​ថោង ​ខុន ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​កីឡា​អូឡាំ​ពិក​អាស៊ី​ រៀបចំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ចូលរួម​ប្រជុំ​តាម​វីដេអូ​ Conference ជា​មួយ​ប្រតិភូ​មក​ពី​ចំនួន ​​៤៥ ​ប្រទេស ​ក្នុង​ទ្វីប​អាស៊ី​ ដើម្បី​ស្តាប់​នូវ​សារ​សំឡេង​របស់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​​លោក Thomas ​Bach ​និង​ ព្រះ​អង្គ​ម្ចាស់​ Sheikh Ahmad ​ប្រធាន​ OCA ថ្លែង​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​ និង​វឌ្ឍនភាព​ការងារ ​ដោយសារ​យើង​ជួប​វិបត្តិ​កូវីដ ​១៩​ ធ្វើ​ឱ្យ​សកម្មភាព​កីឡា​ត្រូវ​ពន្យារពេល​កាត់​បន្ថយ​ខ្លះ ​និង​ប្រែប្រួល​ទៅ​តាម​​ភាព​ជាក់​ស្តែង»​។

ជាមួយ​គ្នា​នោះ កិច្ចប្រជុំ​បាន​លើក​ឡើង​នូវ​បញ្ហា​នានា​នៃ​​បណ្តា​ប្រទេស​ ដែល​ត្រៀម​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ក្នុង​ទ្វីប​អាស៊ី​ ដូច​ជា​ការ​ប្រកួត​កីឡា​អាស៊ី​តំបន់​ឆ្នេរ ​នៅ Sanya ប្រទេស​ចិន ការ​ប្រកួត​កីឡា​អាស៊ី​ក្នុង​សាល និង​​យុទ្ធគុន​លើក​ទី​៦ នៅ​បាងកក និង​ចាន់បូរី ប្រទេស​ថៃ ឆ្នាំ ​២០២១ ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៩ នៅ Hangzhou ប្រទេស​ចិន និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​៣ ឆ្នាំ ​២០២១ នៅ​ចិន ​ដោយ​បណ្តា​ម្ចាស់​ផ្ទះ​ទាំង​នោះ​ ធ្វើ​របាយការណ៍​វឌ្ឍនភាព​ការងារ​បង្ហាញ​ជូន​ក្នុង​កិច្ច​ប្រជុំ​នេះ ​ពី​សក្តានុភាព ​និង​ភាព​ប្រឈម​។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ទីក្រុង​ដែល​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អាស៊ី​ ​ឆ្នាំ ​២០៣០ ​ដែល​មាន​ទីក្រុង ២ ​ប្រជែង​​គ្នា ​គឺ​ទីក្រុង​ដូហា ​នៃ​ប្រទេស​​កាតា​ និង​ទីក្រុង​ Riyadh ​ប្រទេស​ Saudi ​Arabia​។ ​លោក​ ​វ៉ាត់ ​ចំរើន​ ​រំពឹង​ថា​៖ «​ក្រោយ​មហាសន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ នឹង​ទទួល​បាន​ជោគជ័យ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​តាម​ផែនការ​កំណត់​ ខណៈ​ដែល​បញ្ហា​អនាម័យ​ការពារ​ជំងឺ​ឆ្លង​កូវីដ ​១៩​ ជា​រឿង​សំខាន់»​។​

ចំណែក​ឯ​លោក​ ថោង ​ខុន ​ប្រធាន​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ប្រសាសន៍​ថា​​​៖ ​«កម្ពុជា​បាន​បង្ហាញ​នូវ​មុខ​មាត់​កិត្តិយស​របស់​ខ្លួន​តាមរយៈ​កិច្ច​ប្រជុំ​តាម​អនឡាញ​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ដែល​ធ្វើ​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម​​ក្នុង​ពេល​ខាង​មុខ ​ហើយ​ប្រទេស​កម្ពុជា ​​ជា​សមាជិក​ពេញ​សិទ្ធិ​​នៃ​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ស្មើ​មុខ​មាត់ ​ដូច​ប្រទេស​ដទៃ​ជាមួយ​នឹង​ភាព​រីក​ចម្រើន»​៕​