The Phnom Penh Post Search

Search form

NOCC ដាក់​ទិសដៅ​ថ្មី ដើម្បី​សម្រេច​ជោគជ័យ​កីឡា​ជាតិ

Content image - Phnom Penh Post
ស៊ន សៀវម៉ី ជា​កីឡាការិនី​ដ៏ឆ្នើម ដែលបាន​ចូលរួម​សម្រេច​ផែន​ការអាណត្តិចាស់​របស់ NOCC។ ស្រេង ម៉េងស្រ៊ុន

NOCC ដាក់​ទិសដៅ​ថ្មី ដើម្បី​សម្រេច​ជោគជ័យ​កីឡា​ជាតិ

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែលជា​ស្ថាប័ន​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា បាន​កំណត់​ទិសដៅ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន ៣ ទៀត ដែល​ត្រូវធ្វើ​ការអនុវត្ត​បន្តក្នុង​រយៈពេល ៤ ឆ្នាំ ទៅ​មុខទៀត ហើយ​ឆ្នាំ ២០១៧ នេះ គឺជា​ឆ្នាំដែល NOCC មាន​ការងារ​ច្រើន​ត្រូវធ្វើ ខណៈ​ការដណ្តើម​មេដាយ​ឲ្យបាន​ច្រើនជាង​ប្រទេស​ឡាវក្នុង​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី ជា​រឿង​ចាំបាច់ បំផុត ដែល​កម្ពុជា​ត្រូវធ្វើ​ឲ្យបាន ដើម្បី​រក្សា​កិត្តិយស​របស់​ខ្លួន នៅលើ​ឆាក​អន្តរជាតិ។

ការឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​របស់ ស៊ន សៀវម៉ី ឆ្នាំ ២០១៤ ការទទួល​បានសិទ្ធិ​ចូលរួម​ការប្រកួត​អូឡាំពិក​ដោយ​ពេញសិទ្ធិ​របស់ ស៊ន សៀវម៉ី នៅ​ប្រេស៊ីល ឆ្នាំ ២០១៦ ការរៀបចំ​កីឡាជាតិ លើកទី ១ ឆ្នាំ ២០១៦ ការកែទម្រង់​សហព័ន្ធ​កីឡាជាតិ​មួយចំនួន​ធំឲ្យ​មាន​លក្ខណៈ​ប្រសើរ ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រួមទាំង​ការដណ្តើម​បាន​មេដាយមាស​ច្រើន ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​នៅលើ​ឆាក​អន្តរជាតិ ត្រូវបាន​លោក វ៉ាត់ ចំរើន ចាត់ទុកថា វាជា​ជោគជ័យ ដែល​បំពេញ​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ NOCC ក្នុង​អាណត្តិ​ចាស់។

នៅក្នុង​បទ​សម្ភាស​ផ្ទាល់ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃចន្ទ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា៖ «សមិទ្ធផល​ទទួលបាន​កន្លងមក គឺយើង​បានទទួល​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​បាន​កំណត់ ក្នុង​អាណត្តិ​ចាស់ អ៊ីចឹង​ដើម្បី​បន្ត​សមិទ្ធផល​ទាំងនោះ យើង​បានដាក់​ផែនការ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់ ៤ ឆ្នាំ​ទៅមុខ​ទៀត»។

ផែនការ​យុទ្ធសាស្ត្រ​ថ្មីទាំង ៣ ដែល NOCC ត្រូវអនុវត្ត​

លោក វ៉ាត់ ចំរើន បាន​បន្តថា ផែនការ​យុទ្ធសាស្ត្រទី ១ របស់​យើងគឺ​រៀបចំ ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​កាន់តែ​រឹងមាំ និង​មានការ​ដឹកនាំ​ច្បាស់លាស់ ត្រឹមត្រូវ និង​រឹងមាំ​ទាំង​បច្ចេកទេស និង​រដ្ឋបាល។ ទី ២ ចាប់ផ្តើម​ផែនការមេ​របស់​ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយ​យើង​ត្រូវលើក​កម្ពស់​សមត្ថភាព បច្ចេកទេស កែលម្អ ឬ​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ដើម្បី​បម្រើឲ្យ​ស៊ីហ្គេម ឆ្នាំ ២០២៣។

នៅត្រង់​ចំណុចទី ២ នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​បន្ថែមថា៖ «យើងនឹង​បង្ហាញ​អំពីភាព​ហ្មត់ចត់ ត្រឹមត្រូវ​ក្នុងការ​ដឹកនាំ​ទៅលើ​សហព័ន្ធ​កីឡា ជាតិ ព្រោះ​យើង​បានធ្វើការ​កែទម្រង់ សហព័ន្ធ​កីឡា​ជាតិ​ភាគច្រើន ហើយ គឺនៅមាន​សហព័ន្ធ​កីឡាជាតិ​តិចតួច ដែល​យើង​បន្តធ្វើ​ការកែទម្រង់»។

Content image - Phnom Penh Post
លោក វ៉ាត់ ចំរើន នៅពេល​ផ្ដល់​បទសម្ពាស​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ នាពេល​កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

អ្នកជំនាញ​កីឡា​រូបនេះ​បាន បន្ថែមថា ចំណែក​ផែនការ​យុទ្ធសាស្ត្រទី ៣ ចាប់ផ្តើម​ផែនការ​ឆ្ពោះទៅ​អូឡាំពិក នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ឆ្នាំ ២០២០ ដោយលោក​និយាយថា៖ «យើង​ធ្វើយ៉ាងណា​រក​មេដាយ​អូឡាំពិក លើកដំបូង ព្រោះ​កាលពី​ឆ្នាំ ២០១៦ យើង​គ្រាន់តែ​ដាក់​ទិសដៅ​ចូលរួម​ឲ្យបាន​ពេញសិទ្ធិ អ៊ីចឹង ៤ ឆ្នាំទៀត យើង​ត្រូវរក​មេដាយ​ហើយ ហើយ​ពេល យើងដាក់​ទិសដៅ​រក​មេដាយ​នៅ​អូឡាពិក ឆ្នាំ ២០២០ បានហើយ គឺការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ យើងកាន់​តែមាន ទំនុកចិត្ត ព្រោះ​នៅឆ្នាំ ២០២៣ យើង​ត្រូវ​រៀបចំ​ឲ្យប្រមើល​មើលឃើញ​ពីលទ្ធផល​មុន ដើម្បី​ដឹងថា តើយើង​អាច​ឈ្នះបាន​មេដាយមាស​ប៉ុន្មាន?»។

កម្ពុជា ត្រូវ​ឈ្នះ​មេដាយមាស​ច្រើនជាង​ឡាវ នៅ​ស៊ីហ្គេម

ជាមួយ​ការកំណត់​ផែនការ​យុទ្ធសាស្ត្រ​ទាំង ៣ ខាងលើនេះ លោក វ៉ាត់ ចំរើន បានចាត់ទុក​ឆ្នាំ ២០១៧ ជាឆ្នាំ​ដែល NOCC ត្រូវធ្វើ​ការងារ​ច្រើន​ជាមួយ​សហព័ន្ធ​កីឡាជាតិ។ លោក​បានបញ្ជាក់ថា៖ «នៅឆ្នាំ ២០១៧ នេះ យើង​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវធ្វើ គឺទី ១ យើង​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​ស៊ីហ្គេម ឆ្នាំ ២០១៧ នៅ​ម៉ាឡេស៊ី នា​ថ្ងៃទី ១៩ ដល់ទី ៣១ ខែសីហា ដោយ​យើងត្រូវ​រក្សា​ចំណាត់ថ្នាក់​របស់​យើងឲ្យ​នៅលើ​ឡាវ ហើយ​ត្រូវ​បង្កើន​ចំនួន​មេដាយមាស»។

នៅពេល​សួរ​បញ្ជាក់​ពីចំណុច​អវិជ្ជមាន ដែលអាច​កើតឡើង​គឺកម្ពុជា បែរជា​មិនអាច​រក​មេដាយមាស​បាន​ច្រើន​ជាង​ប្រទេស​ឡាវនោះ លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់ថា៖ «បើយើង​ធ្លាក់មក​នៅក្រោម​ឡាវ យើង​ពិតជា​លំបាក​ហើយ គឺ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​យើង នឹងមាន​ការ​ធ្លាក់ចុះ អ៊ីចឹង​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ និង​គ្រប់វិធី​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យបាន​នៅលើ​ឡាវ ខណៈ​តេក្វាន់ដូ និង​ប៉េតង់ ជាដើម​អាចឈាន​ទៅរក​មេដាយមាស ក្នុង​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី លើក​នេះបាន ហើយ​កីឡា​វាយកូន​បាល់ ក៏​អាចបាន​មេដាយល្អ​ជាងមុន​ផងដែរ»។

គួររំឭកថា សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម លើកទី ២៨ នៅ​ប្រទេស​សិង្ហបុរី កាលពី​ឆ្នាំ ២០១៥ ប្រទេស​កម្ពុជា បានហក់​មកឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៨ គឺលើ​ប្រទេស​ឡាវ ជា​លើក​ដំបូង តាមរយៈ​ការ​ឈ្នះបាន​មេដាយមាស ១ ប្រាក់ ៥ និង​សំរឹទ្ធ​ចំនួន ៩ ខណៈ​ឡាវ ដែល​ធ្លាប់ឈ្នះ​បាន​មេដាយមាស​ច្រើនជាង​កម្ពុជា កន្លងមក បែរជា​មិន​ដណ្តើមបាន​មេដាយមាស ១ សោះ គឺបាន​តែមេដាយ​ប្រាក់ ៤ និង​សំរឹទ្ធ​ចំនួន ២៥ នោះ។

ក្រៅពី​ការដាក់​ទិសដៅ​រក​មេដាយមាស​ឲ្យបាន​ច្រើនជាង​ប្រទេស​ឡាវនេះ NOCC ក៏នឹង​ចាត់​មន្ត្រី​កីឡា​របស់​កម្ពុជាឲ្យ​ទៅធ្វើ​ការ​ជាមួយ​គេ ដើម្បី​សិក្សាពី​របៀប​រៀបចំ​ស៊ីហ្គេម​នេះ ចាប់ពី​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី ផងដែរ ដែល​លោក​ចាត់ទុកថា នេះ​ជារបៀប​ធ្វើ​ការងារ​ថ្មី​មួយទៀត។ បន្ថែម​លើនេះ NOCC ក៏នឹង​បំផុស​ឲ្យ​សហព័ន្ធ​កីឡាជាតិ​មួយចំនួន​ក្នុងឆ្នាំនេះ រៀបចំ​ការប្រកួត​លក្ខណៈ​ជើងឯក​អន្តរជាតិ​ក្នុង​តំបន់ឲ្យ​បាន​ច្រើន​ផងដែរ តាមរយៈ​ការលើក​ទឹកចិត្ត​ឲ្យសហព័ន្ធ​ណាមាន​លទ្ធភាព និង​សមត្ថភាព ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ។

មួយវិញទៀត លោក វ៉ាត់ ចំរើន បាន​បន្ថែមថា៖ «យើង​នឹង​រៀបចំ​អត្តពលិក​វ័យក្មេង របស់​យើង​ឲ្យបាន​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​រយៈពេល​យូរ ដែល​ចាប់ផ្តើម​ពីឆ្នាំ ២០១៧ នេះទៅ ហើយ​ក្រៅពីនេះ យើង​ត្រូវ​រៀបចំ​ព្រឹត្តិ្កការណ៍​កីឡា​មហាជន​ផ្សេងៗ​ទៀត ដែល​យើង​ធ្លាប់បាន​រៀបចំ​នៅតាម​ខេត្ត-ក្រុង​កន្លងមក ដូចជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ផ្សេងៗ បុណ្យ​សមុទ្រ និង​បុណ្យទន្លេ ជាដើម»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។