
តេក្វាន់ដូអាយធីអែហ្វ កំពុងស្វះស្វែងរកការគាំទ្រ ដើម្បីបានចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ស្ថាប័នកីឡាដ៏សំខាន់របស់កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកឆ្នាំ ២០១៩ នេះ ជាឆ្នាំដ៏ពិសេស ដែលកម្ពុជា ត្រូវអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ជំរុញឲ្យសហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាពង្រឹងទាំងធនធានមនុស្ស និងការរៀបចំទៅលើបច្ចេកទេស ក្នុងបំណងឲ្យកម្ពុជា ទទួលបានជោគជ័យ ចំពោះការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូង នៅឆ្នាំ ២០២៣។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «នៅឆ្នាំ ២០១៩ នេះ យើងមានការងារច្រើនដែលត្រូវធ្វើ។ យុទ្ធសាស្ត្រទី ១ របស់យើង គឺស៊ីហ្គេម ២០១៩ ដែលជាស៊ីហ្គេម យុទ្ធសាស្ត្រ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ អ៊ីចឹងស៊ីហ្គេម ២០១៩ យើងត្រូវរកមេដាយឲ្យបានច្រើនជាងមុន»។
តាមផែនការដែល NOCC បានដាក់ចេញ គឺការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ខាងមុខនេះ កម្ពុជាមានមហិច្ឆតាដណ្តើមបានមេដាយមាសឲ្យបានរហូតដល់ ២ ខ្ទង់។
លោក ចំរើន បានបន្តថា៖ «NOCC បានដាក់ចេញនូវទិសដៅជាច្រើន ដើម្បីវាស់ស្ទង់ និងកំណត់សមត្ថភាព និងគុណភាពរបស់សហព័ន្ធកីឡាជាតិ ត្រៀមវាយតម្លៃទៅស៊ីហ្គេម ឆ្នាំ ២០២១ ទៀត អ៊ីចឹងឆ្នាំ ២០១៩ នេះ ជាឆ្នាំសំខាន់ សម្រាប់តេស្តការធ្វើកាលវិភាគ និងវាយតម្លៃដំណាក់កាលទី ១ លើគុណផលកីឡា និងសមត្ថភាពការដឹកនាំគ្រប់គ្រងរបស់សហព័ន្ធកីឡាជាតិ»។
ជាមួយនឹងផែនការគ្នានេះ NOCC នឹងធ្វើការវាយតម្លៃ និងដាក់ជាចំណាត់ថ្នាក់ទៅលើសហព័ន្ធកីឡាជាតិ ជាលើកដំបូង។
«ដើម្បីវាយតម្លៃ នៅឆ្នាំ ២០១៩ នេះបាន NOCC បានធ្វើស្តង់ដារវាយតម្លៃមួយទៅលើសហព័ន្ធកីឡាជាតិ ដោយ ការដាក់ពិន្ទុ គឺសហព័ន្ធណា ធ្វើបានល្អ នៅលក្ខខណ្ឌបានដាក់ទៅ នឹងបានចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣ ទៅតាមនោះ ហើយការវាយតម្លៃស្តង់ដារនេះ គឺដើម្បីឲ្យ ស្ថាប័នទទួលបន្ទុកកីឡាមាន ការចាប់អារម្មណ៍ដើម្បីឲ្យដឹងថា យើងមានកម្រិតសហព័ន្ធខ្សោយច្រើនជាង ឬសហព័ន្ធខ្លាំងច្រើនជាង»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងត្រូវធ្វើឲ្យច្បាស់ ដោយយើងត្រូវដាក់ចំណាត់ថ្នាក់ ទៅដល់សហព័ន្ធតែម្តង ដើម្បីជំរុញការគាំទ្រ ការឧបត្ថម្ភ និងការអភិវឌ្ឍរបស់សហព័ន្ធ កីឡាជាតិ ដែលមិនទាន់ឈានដល់ចំណាត់ថ្នាក់ល្អ។ ស្តង់ដារនេះ យើងធ្វើរួចហើយ ហើយយើងនឹងដាក់ចេញ នៅក្នុងសន្និបាតរបស់ NOCC ក្នុងឆ្នាំនេះ។ ក្រៅពីវាយតម្លៃធ្វើចំណាត់ថ្នាក់សហព័ន្ធកីឡាជាតិហើយ គឺយើងត្រូវមានយន្តការត្រួតពិនិត្យ និងវាយតម្លៃទៅតាមអ្វីដែលយើងបានដាក់ចេញ»។

លោក វ៉ាត់ ចំរើន ពេលបង្ហាញពីផែនការយុទ្ធសាស្រ្តស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំរបស់ CAMSOC។ ស្រេង ម៉េងស្រ៊ុន
ឆ្នាំ ២០១៩ នេះ ជាឆ្នាំទី ១ ដែល NOCC អនុវត្តពេញលេញ នៅគណៈកម្មការរៀបចំការប្រកួតស៊ហ្គេម ឆ្នាំ ២០២៣ (CAMSOC) គឺទី ១ កំណត់ផែនការច្បាស់លាស់អំពីការជំរុញប្រភេទកីឡា ដែលត្រៀមលក្ខណៈស៊ីហ្គេម ឆ្នាំ ២០២៣ តើត្រូវធ្វើផែនការយ៉ាងណា ដើម្បីអភិវឌ្ឍបច្ចេកទេស? ទី ២ ត្រូវរៀបចំខ្លួន ដើម្បីធ្វើឲ្យហើយ នូវលក្ខណសម្បត្តិនៃហ្គេមមានន័យថា NOCC ត្រូវប្រឡងរកនិមិត្តសញ្ញា (Mascot) និងពាក្យស្លោកស៊ីហ្គេមឲ្យហើយ ព្រមទាំងបន្តបើកវគ្គបណ្តុះបណ្តាល ពិសេស ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់។
អ្នកជំនាញកីឡាច្រើនប្រភេទ លោក វ៉ាត់ ចំរើន បាននិយាយថា៖ «អ្វីដែលសំខាន់ នៅឆ្នាំ ២០១៩ នេះ គឺយើងត្រូវមើលយុទ្ធសាស្ត្របច្ចេកទេស បាន ន័យថា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ យើងត្រូវរៀបចំយុទ្ធសាស្ត្រឲ្យហើយ ដើម្បីជំរុញកម្រិតបច្ចេកទេសឲ្យដល់កម្រិតកំពូល ពិសេសរៀបចំដំណាក់កាលទី ១ ក្នុងការពង្រឹង សមត្ថភាពបច្ចេកទេស និងគុណផលបច្ចេកទេស ដោយយើងនឹងត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយក្រសួង លើផ្នែកបច្ចេកទេស ក្នុងការផ្តល់ទៅឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងជំរុញក្នុងការចេញទៅហ្វឹកហាត់រយៈពេលវែង នៅក្រៅប្រទេស ដែលយើងត្រៀមលក្ខណៈពី ១០០ ទៅ ២០០ នាក់»។
លោកបានបន្ថែមថា៖ «នៅឆ្នាំ ២០១៩ នេះ គឺធ្វើម៉េចរុញអត្តពលិកយើងទៅហាត់នៅក្រៅប្រទេសឲ្យបាន ហើយរឿងនេះ មិនងាយស្រួលប៉ុន្មានទេ ដោយ យើងត្រូវមានការសម្របសម្រួល ជាមួយនឹងផ្នែកហិរញ្ញវត្ថុ សម្របសម្រួលការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ ដើម្បីជ្រើសរើសអត្តពលិក មានសមត្ថភាព ទៅហ្វឹកហាត់រយៈពេលវែងនៅក្រៅប្រទេស អ៊ីចឹងគោលដៅនេះសំខាន់ណាស់ សម្រាប់អនុវត្តផែនការមេស៊ីហ្គេម នៅឆ្នាំ ២០២៣»។
គួររំឭកថា សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡា លើផ្នែកសមិទ្ធផលប្រកួតនៅលើឆាកអន្តរជាតិរយៈពេល ២ ឆ្នាំចុងក្រោយនេះ NOCC បានដាក់ចេញតែ ២ ហ្គេមប៉ុណ្ណោះ ដើម្បីធ្វើការប្រៀបធៀបពីសមិទ្ធផល ដែលសហព័ន្ធកីឡាជាតិទទួលបានក្នុងនោះឆ្នាំ ២០១៧ គិតទៅលទ្ធផលការប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី ដោយកម្ពុជាឈ្នះបានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១២ ហើយឆ្នាំ ២០១៨ គិតទៅលើលទ្ធផលប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី ដែលកម្ពុជាឈ្នះបានមេដាយ មាស ២ និងសំរឹទ្ធ ១។
ប៉ុន្តែយុទ្ធសាស្ត្រលើកក្រោយ នេះ NOCC យើងដាក់ចេញនូវយុទ្ធសាស្ត្រហ្គេមចំនួន។ លោក ចំរើន បានបញ្ជាក់ថា៖ «ហ្គេមយុទ្ធសាស្ត្រទី ១ គឺស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន ទី ២ ស៊ីហ្គេម ឆ្នាំ ២០២១ នៅវៀតណាម ហើយទី ៣ ជាការវាយតម្លៃចុងក្រោយបំផុត លើការប្រកួតកីឡាអាស៊ី ឆ្នាំ ២០២២ នៅ Hangzhou ប្រទេសចិន។ បើការប្រកួតនោះ យើងទទួលបានលទ្ធផលល្អបានមេដាយច្រើនគឺបានន័យថា ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា យើងមានទំនុកចិត្តច្រើន ក្នុង ការទទួលបានជោគជ័យខាងផ្នែកបច្ចេកទេស»៕