ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​តំណាង​សហព័ន្ធ​កីឡា​ចំនួន​ ៣៦ រួមទាំង​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​ជំនាញ​កីឡា​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មកពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សរុប​ចំនួន​ ២០០ ​នាក់​បាន​ចូលរួម​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០១៨ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០១៩ នៅ​ទីស្នាក់ការ NOCC រយៈពេល​ពេញ​ ១ ​ថ្ងៃ​នៅ​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។

ថ្លែង​ក្នុង​មហាសន្និបាត​កាលពី​ម្សិលមិញ​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្នាំ​ ២០១៨ ជា​ឆ្នាំ​នៃ​របត់​កំណែទម្រង់​លើ​របប​គ្រប់គ្រង​វិស័យ​កីឡា​ជាតិ និង​សហព័ន្ធ​កីឡា​ជាតិ​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រូវ​ដើម្បី​អនុវត្ត​ឲ្យ​ចំ​ជំនាញ​»​។

លោក​បាន​ប្រាប់​បន្ត​ថា​៖ «​ជាមួយ​គ្នា​នេះ​បញ្ហា​ដែល​ត្រូវ​ត្រួសត្រាយ និង​ជម្នះ​ឧបសគ្គ​ទាំងឡាយ​ដែល​រាំងស្ទះ​ដំណើរការ​វិវត្ត​នៃ​វិស័យ​កីឡា​ត្រូវ​តែ​វះកាត់ និង​ព្យាបាល​រួម​ទាំង​សហព័ន្ធ​កីឡា​ជាតិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង ក្រសួង​អប់រំ យុវជន និង​កីឡា​រួម​គិត រួម​ធ្វើ និង​រួម​ទទួល​ខុសត្រូវ​ដោយ​ផ្អែក​តាម​គោលនយោបាយ​កីឡា​ក្នុង​កម្រិត​ស្តង់ដា​អន្តរជាតិ​ស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​»​។ លោក​ ថោង ខុន មាន​ប្រសាសន៍​ថា​៖ «​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា ពិសេស​អនុវត្ត​ឲ្យ​បាន​តាម​ផែនការ​មេ​ឆ្ពោះ​ទៅ​មុខ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​តាំងពី​ថ្ងៃទី​ ២២ ខែ​មេសា ឆ្នាំ​ ២០១៦ ដើម្បី​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា SEA Games លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ឲ្យ​បាន​លទ្ធផល​ល្អ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​លើស​ពី​នេះ​យើង​ទាំងអស់​គ្នា​ជា​មហាគ្រួសារ​កីឡា​ជាតិ ជា​អង្គការ​កីឡា​ជាតិ ស្ថាប័ន​កីឡា​ជាតិ​ដែល​មាន​តួនាទី​ភារកិច្ច​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​កីឡា​ជាតិ​ទៅ​ថ្ងៃ​អនាគត ដើម្បី​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ឲ្យ​មាន​លទ្ធផល​ល្អ​ពោល​គឺ​មាន​មេដាយ​មាន​ប្រៀប​ជាងគេ​»​។ លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ថា​៖ «​សមិទ្ធផល​ក្នុង​ឆ្នាំ​ ២០១៨ គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ដោយ​ឆន្ទៈ​មោះមុត​រួម​គ្នា​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​ប្រវត្តិសាស្ត្រ ហើយ​ក៏​មាន​មោទនភាព​ខ្លាំង​បំផុត​»​។

លោក​ វ៉ាត់ ចំរើន បាន​បង្ហាញ​នូវ​របាយការណ៍​ច្បាស់លាស់​ពី​សមិទ្ធផល​ឆ្នាំ​ចាស់​ថា​៖ «​មាន​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ២៣ ​ក្នុង​ចំណោម​​ ៥៥ ​សហព័ន្ធ​បាន​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ ហើយ​ជា​លទ្ធផល​កម្ពុជា​ឈ្នះ​មេដាយមាស​ចំនួន​ ១០ មេដាយប្រាក់​ចំនួន​ ២២ មេដាយ​សំរឹទ្ធ​ ៥២ សរុប​ចំនួន​ ៨៤»​។

លោក​ វ៉ាត់ ចំរើន បាន​លម្អិត​ដែរ​ថា​៖ «​សហព័ន្ធ​កីឡា​ជាតិ​ដែល​ទទួល​បាន​មេដាយ​មាន​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ សហព័ន្ធ​ការ៉ាតេដូ​កម្ពុជា​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា​សហព័ន្ធ​សីដក់ សហព័ន្ធ​កីឡា​រាំ​កម្ពុជា សហព័ន្ធ​គុន​ដាវ​កម្ពុជា សហព័ន្ធ​ទូកក្តោង​កម្ពុជា សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា សហព័ន្ធ​សូហ្វតិន្នីស​កម្ពុជា និង​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​រាយការណ៍​ពី​ចំណុច​ខ្សោយ​មួយ​ចំនួន​ដែល​នៅ​តែ​មាន​ដូចជា​ការដឹកនាំ​របស់​សហព័ន្ធ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​យន្តការ ឬ​រដ្ឋបាល​កីឡា​ជំនាញ​។

សហព័ន្ធ​មួយ​ចំនួន​មិនទាន់​មាន​ទីលាន​ហ្វឹកហាត់​តាម​ស្តង់ដា​បច្ចេកទេស មន្ត្រី​បច្ចេកទេស​នៅ​មាន​កម្រិត​មិនទាន់​ខ្ពស់ ខ្វះ​សម្ភារ​ហ្វឹកហាត់​ដោយ​សម្ភារ​កីឡា​ប្រភេទ​ខ្លះ​មាន​តម្លៃ​ខ្ពស់​ពេក និង​មិន​ទាន់​មាន​ដៃគូ​សហការ អាជ្ញាកណ្តាល​ចៅក្រម​សហព័ន្ធ​ខ្លះ​មិន​ទាន់​មាន​កម្រិត​អន្តរជាតិ និង​ធនធាន​គ្រូបង្វឹក​ជំនាញ​មកពី​បរទេស​ដែល​ជា​សេចក្តី​ត្រូវការ ប៉ុន្តែ​សហព័ន្ធ​ខ្លះ​ខ្វះ​នូវ​លទ្ធភាព​ជួល​មក​បង្វឹក​ជាដើម​៕