ភ្នំពេញ: ប្រមុខ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក​ថោង ខុន បាន​ជួប​ពិភាក្សា​ជាមួយ​លោក Chung Won Choue ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ពិភពលោក WTF កាល​ចុង​សប្តាហ៍​មុន​នេះ​នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ឯក​ភាព​ទៅ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កីឡា​តេក្វាន់ដូ​ពិភពលោក និង​តេក្វាន់ដូ​កម្ពុជា ពិសេស​ប្រទេស​កូរ៉េខាងត្បូង ដែល​តែង​តែ​សហការ​ផ្តល់​ជានិច្ច​នូវ​បច្ចេកទេស សម្ភារ និង​ធនធាន​គ្រូបង្វឹក។

លោក ថោង ខុន បាន​ថ្លែងអំណរគុណ​ចំពោះ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក ពិសេស​សហព័ន្ធ​កីឡា​តេក្វាន់ដូ​សាធា​រណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​ដល់​ខេមរ​សហព័ន្ធ​តេក្វាន់ដូ​តាំង​ពី​ទសវត្សរ៍ ១៩៩០ មក​ម្ល៉េះ។

លោក​ថោង ខុន បាន​សំណូមពរ​ដល់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​ថា៖ «ឆ្នាំ ២០២០ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ ខ្ញុំ​សុំ​ឲ្យ​សហព័ន្ធ​ជួយ​យ៉ាង​ណា​ឲ្យ​តេក្វាន់ដូ​កម្ពុជា​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រុះ ឬ​អាច​បាន​ទទួល​សិទ្ធិ​អនុគ្រោះ (Wild Card) ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​ប្រកួត​កីឡា​ពិភពលោក​នេះ​នៅ​ប្រទេស​ជប៉ុន ឆ្នាំ ២០២០»។

លោក​ថោង ខុន មាន​ប្រសាសន៍​ថា៖«ខ្ញុំ​ចង់​ឲ្យ​កីឡា​តេក្វាន់ដូ​កម្ពុជា​ដណ្ដើមបាន​មេដាយ​មាស​អូឡាំពិក​ពិភពលោក​លើ​ប្រភេទ​កីឡា​តេក្វាន់ដូ​តែ​ម្ដង​ដោយ​អ្វីៗ​គឺជា​ការ​ជួយ​ជ្រោម​ជ្រែង​សហការ​ជួយ​បង្វឹក និង​ផ្តល់​ជូន​ដល់​ខេមរ​សហព័ន្ធ​តេក្វាន់ដូ​ឲ្យ​មាន​ការ​ហ្វឹកហាត់​ក្រៅ​ប្រទេស​ឲ្យ​បាន​ខ្លាំង​ក្លា​ចាប់​ពី​បច្ចុប្បន្ន​នេះ​ទៅ»។

លោក​បាន​បញ្ជាក់ថា៖ «ដោយសារតែ​គ្រូបង្វឹក​តេ​ក្វាន់​ដូ​មកពី​ប្រទេស​កូរ៉េ​នេះហើយ បានធ្វើ​ឲ្យ​ការ​ដណ្តើម​មេដាយ​មាស​កម្រិត​អាស៊ី ធ្លាក់​មក​លើ ស៊ន សៀវ​ម៉ី ដែល​ជា​ការ​ឈ្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង»។

ជាមួយគ្នានេះ ប្រមុខ​អូ​ឡាំពិ​ក​កម្ពុជា ក៏បាន​សំណូមពរ​បន្ថែម​ឲ្យ​សាធារណរដ្ឋ​កូរ៉េ ក៏​ដូចជា​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ពិភពលោក ជួយ​ផ្ដល់​សម្ភារ​ហ្វឹកហាត់ និង​ប្រកួត​កម្រិត​ស្តង់ដារ​អន្តរជាតិ​នានា​ដល់​កម្ពុជា។

លោក Chung Won Choue ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​ពិភពលោក WTF ដែលជា​ជនជាតិ​កូរ៉េ​ផង​នោះ​បាន​ឲ្យ​ដឹង​ថា៖ «សា​ធារណ​រដ្ឋ​កូរ៉េ​បាន​ជួយ​ផ្ដល់​ឱកាស​ដល់​កីឡាករ​តេក្វាន់ដូ​កម្ពុជា បាន ហ្វឹកហាត់​ជា​រៀង​រហូត​មក និង​បាន​សហការ​ជួយ​ទាំង​គ្រូបង្វឹក សម្ភារ និង​ការ​ហ្វឹក​ហាត់​ដើម្បី​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​នៅ​អ៊ីនឆ័ន កាល​ពី​ឆ្នាំ ២០១៤ ដែល​កាល​នោះ​ជា​សករាជ​ថ្មី​របស់​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​ក្នុង​រយៈពេល ៦០ ឆ្នាំ ដែល​បាន​មេដាយ​មាស​លើក​ដំបូង​គឺ​កីឡា​តេក្វាន់ដូ​នេះ​ឯង»។

ប្រមុខ​តេ​ក្វាន់​ដូ​ពិភពលោក​រូបនេះ​បាន​បន្តថា៖ «ប្រសិនបើ​កម្ពុជា​បញ្ចូល​តេក្វាន់ដូ​ទៅក្នុង​កម្មវិធី​សិក្សា​ចាប់​ពី​បឋម​សិក្សា​ទៅ​នោះ កម្ពុជា នឹង​ទទួល​បាន​ការ​គាំទ្រ និង​មាន​ផល​ប្រយោជន៍​ជាច្រើន​ពី​អង្គការ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ ដែល​ជា​អង្គការ​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ហ្វឹកហាត់​តេក្វាន់ដូ ហើយ​កម្ពុជា​នឹង​មាន​ធនធាន​កីឡាករ-កីឡាការិនី​ល្អៗ​រឹង​មាំ​មិន​ខាន»។

លោក​បាន​បញ្ជាក់ថា៖ «សព្វថ្ងៃនេះ សមាជិក​របស់​តេ​ក្វាន់​ដូ​ពិភពលោក​មាន​ចំនួន ២០៩ ប្រទេស ហើយ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាមរយៈ​ការ​ឈ្នះ​មេដាយ​កីឡា​តេក្វាន់ដូ​នេះ»។

លោក Chung Won បាន​បន្ថែមថា៖ «នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា ចិន និង​នេប៉ាល់ តេក្វាន់ដូ​របស់​ពួកគេ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​តាំង​ពី​បឋម​សិក្សា​មក​ម្ល៉េះ ហើយ​នៅ​ម៉ាឡេស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​អាស៊ី​អាគ្នេយ៍ គេ​បញ្ចូល​តេក្វាន់ដូ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចាប់​ពី​បឋម​សិក្សា​រហូត​ដល់​សាកល​វិទ្យាល័យ»៕