The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - NOCC នឹង​ធ្វើ​មហាសន្និបាត​រក​យុទ្ធសាស្ត្រ​ថ្មីៗ ត្រៀម​ទៅ​ស៊ីហ្គេម




NOCC នឹង​ធ្វើ​មហាសន្និបាត​រក​យុទ្ធសាស្ត្រ​ថ្មីៗ ត្រៀម​ទៅ​ស៊ីហ្គេម

Content image - Phnom Penh Post
លោក វ៉ាត់ ចំរើន ពេលថ្លែង នៅ​ក្នុង​មហាសន្និបាត​របស់ NOCC កាលពី​ឆ្នាំ ​២០២០ កន្លងមក។ ឈន ណន

NOCC នឹង​ធ្វើ​មហាសន្និបាត​រក​យុទ្ធសាស្ត្រ​ថ្មីៗ ត្រៀម​ទៅ​ស៊ីហ្គេម

ភ្នំពេញ៖ លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បើក​កិច្ច​ប្រជុំ​កាល​ពីថ្មីៗ នៅ​ទីស្នាក់ការ NOCC ដើម្បី​ត្រួត​ពិនិត្យ​តាមដាន​សកម្មភាព​ការងារ និង​វាយ​តម្លៃ​សម្រាប់​ត្រៀម​រៀបចំ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ ២០២១ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖ «NOCC ជានិច្ចកាល​តែងតែ​ប្រជុំ​ជា​ទៀងទាត់​រៀងរាល់ ៣ ខែ​ម្តង ដើម្បី​ជា​យន្តការ​ត្រួតពិនិត្យ​តាមដាន ក៏​ដូចជា​ត្រៀម​រៀបចំ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ត​ប្រចាំឆ្នាំ ២០២១។ ជាមួយ​គ្នា​នេះ យើង​បាន​កំណត់​ពេលវេលា​មួយ គឺ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដើម្បី​ធ្វើ​មហាសន្និបាត​ជាមួយ​ដៃគូ​សហព័ន្ធ​កីឡា​ជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើក​ទី៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ»។

លោក​បណ្ឌិត ថោង ខុន បាន​បន្ថែម​ថា៖ «យើង​ធ្វើ​មហាសន្និបាត​ត្រួត​ពិនិត្យ​មើល​លើ​លទ្ធផល​ការងារ​ឆ្នាំ ២០២០ ដែល​ជា​ឆ្នាំ​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ ១៩ ផង និង​ជា​ឆ្នាំ​ដែល​យើង​កំពុង​ត្រៀម​ចំ​សក្តានុពល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ផង ប៉ុន្តែ​យើង​កំពុង​មើល​អ្វីៗ ដែល​ជា​ស្នាដៃ​នៃ​សមិទ្ធផល​របស់ NOCC ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២០។ យើង​នឹង​ពិនិត្យ​មើល​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត ដើម្បី​កែ​សម្រួល​តម្រង់ទិស និង​ស្វែងរក​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​គោលដៅ​បន្ត​ក្នុង​ការ​សម្រួច​គោលដៅ ចូលរួម​រៀបចំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ (CAMSOC) ដោយ CAMSOC បាន​កំណត់ថា ឆ្នាំ ២០២១ នេះ ជា​ពេលវេលា​ចាប់​ផ្តើម​រៀបចំ​ស៊ីហ្គេម ព្រោះ​កម្ពុជា​រង់ចាំ​កម្មវិធី​នេះ អស់​រយៈពេល​ជាង ៦៣ ឆ្នាំ ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ»។

ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឱ្យ​ដឹង​ថា៖ «មហាសន្និបាត​របស់ NOCC នា​ចុង​ខែ​កុម្ភៈ​នេះ នឹង​រំលេច​ចេញ​នូវ​គោលការណ៍ វិធានការ ក៏​ដូចជា​ការ​សម្រេចចិត្ត​នូវ​គោល​នយោបាយ​មួយ​ចំនួន ដើម្បី​បន្ត​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ជាពិសេស​លើ​ផ្នែក​ជំនាញ​បច្ចេកទេស គុណ​ផល​កីឡា គឺ​សហការ​រួម​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​គោលដៅ​ឈាន​ឆ្ពោះ​ទៅ​រក​ប្រសិទ្ធភាព​ពិតប្រាកដ ចាប់​ពី​ឆ្នាំ ២០២១ រហូត​ដល់​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ស៊ីហ្គេម​លើក​ទី៣២ តែ​ម្តង»។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​បន្ត​ថា បច្ចុប្បន្ន យើង​កំពុង​មាន​ផែនការ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​រួចរាល់​ដោយ​ត្រូវ​មាន​វិធានការ របៀប​ថ្មី​នៃ​របត់​ថ្មី​សម្រាប់​ផែនការ​ហ្វឹកហាត់​របស់​កីឡាករ-កីឡាការិនី​ជម្រើសជាតិ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ចាំបាច់​ជំរុញ​ឱ្យ​មាន​សមត្ថភាព​ល្អ កម្រិត​ប្រកួត​ប្រជែង​ជាមួយ​គេ​ដោយ​មាន​ប្រៀប។

លោក​សង្កត់​ធ្ងន់​ថា៖ «យើង​ពិនិត្យ​ទៅ​លើ​អ្វី ដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​បច្ចេកទេស ឬ​សហព័ន្ធ​កីឡា​ជាតិ​ណា​ខ្លះ មិន​ទាន់​រឹងមាំ ដែល​ជា​​ក្តី​បារម្ភ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកទេស​នោះ គឺ​យើង​ត្រូវ​តែ​រួមគ្នា​កែ​សម្រួល​លើ​កិច្ចការ​ទាំង​អស់​នោះ ដើម្បី​កសាង​សមត្ថភាព​របស់​អត្តពលិក​ជម្រើស​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ ក្នុង​រយៈពេល ២ ឆ្នាំ​កន្លះ​នេះ។ យើង​ត្រូវ​ស្វែងរក​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ អ៊ីចឹង​ខ្លឹមសារ​នៃ​អង្គ​មហាសន្និបាត​ចុង​ខែ​កុម្ភៈ​នេះ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ឆ្ពោះ​ទៅ​រួម​គ្នា​នៃ​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ឱ្យ​ទទួល​បាន​ជោគជ័យ»៕

អត្ថបទគួរចាប់អារម្មណ៍