ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​សម្រេច​បន្ថែម​កម្មវិធី ​«អប់រំ​គុណ​តម្លៃ​អូឡាំពិក​» ​ចំនួន ​៣ ​ទៀត គឺ​មាន​នៅ​ខេត្ត​កណ្តាល ​ភ្នំពេញ​ និង​ខេត្ត​កំពង់ចាម ដើម្បី​បិទ​បញ្ចប់​គម្រោង​សរុប​ជា​ផ្លូវ​ការ​ចំនួន ​៦​ ក្នុង​ឆ្នាំ ​២០២០ ​នេះ ហើយ​ការ​បន្ថែម ​៣ ​គម្រោង​នេះ ដោយសារ​តែ​​បញ្ហា​កូវីដ​ ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ ​៣ ​វិច្ឆិកា ​បាន​ធូរ​ស្រាល​ និង​បិទ​បញ្ចប់​យ៉ាង​លឿន។​ ​

NOCC និង​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​មាន​ទិសដៅ​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​បញ្ហា​ «អប់រំ​គុណ​តម្លៃ​អូឡាំពិក» ​នេះ​ ​ហើយ ​៣ ​គម្រោង ដែល​បាន​បញ្ចប់​មុន​គេ​ គឺ​ទី​១ ​​នៅ​ភ្នំពេញ ​លើក​ទី​២ ​នៅ​ខេត្ត​កំពង់ធំ និង​​ទី​៣ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ចំណែក​៣ ​គម្រោង ដែល​បាន​សម្រេច​បន្ថែម គឺ​​​នៅ​ទីក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​នឹង​បន្ត​មក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ម្តង​​ទៀត ​នៅ​ថ្ងៃ​ពុធ​ ទី ​២៥​ ខែ​វិច្ឆិកា ​និង​នៅ​ខេត្ត​កំពង់ចាម ​នា​សប្តាហ៍​ក្រោយ​នេះ។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អនុ​ប្រធាន​គ្រប់គ្រង​គម្រោង​បាន​ប្រាប់​ថា​៖ ​«​​ក្នុង​ឆ្នាំ ​២០២០ នេះ ​យើង​ត្រៀម​ផែនការ​ពី​ដំបូង ​ចំនួន ​៧ ​គម្រោង​ ប៉ុន្តែ​​ភាព​រាំង​ស្ទះ ​ដោយសារ​​បញ្ហា​កូវីដ ​១៩ នាំ​ឱ្យ​យើង​មាន​ភាព​រអាក់រអួល​ និង​បាន​​លើក​ពេល​ជា​ច្រើនសា ហើយ​ការ​សម្រច​ចុង​ក្រោយ ​យើង​បញ្ចប់​បាន​ត្រឹម ​៦ ​គម្រោង ដោយ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ ​៣០ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០២០​»​។​

ចំពោះ​គម្រោង​ទី​៤ ​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ចន្ទ កន្លង​ទៅ​នេះ ត្រូវ​បាន​លោក ​តុប ​បញ្ញា​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​​​ ​NOCC ​ប្រាប់​ថា​ គឺ​ដើម្បី​​បន្ត​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ឧត្តម​គតិ​អូឡាំពិក​ ទៅ​ដល់​ស្រទាប់​មហាជន និង​សិស្សានុសិស្ស​ ហើយ​​​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ NOCC ​និង​លោក ​ពៅ​ វណ្ណា​ ប្រធាន​ការិយាល័យ​អយក​​ខេត្ត​កណ្តាល ​បាន​​ចុះ​ផ្ទាល់​ដល់​សាលា​​វិទ្យាល័យ​ហ៊ុន​សែន​តាខ្មៅ​។

លោក ​វ៉ាត់ ​ចំរើន ​បាន​ថ្លែង​​ថា​ អូឡាំពិក​អន្តរជាតិ​បាន​ណែនាំ​ឱ្យ​បណ្តា​ប្រទេស​នានា​ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ ​១៩ នេះ ​ឆ្លៀត​បញ្ជ្រាប​ការ​អប់រំ​កម្មវិធី​នេះ​ ​តាម​លទ្ធភាព​ជាក់​ស្តែង​កុំ​ឱ្យ​អសកម្ម ដូច្នេះ​នៅ​ចុង​ឆ្នាំ ​២០២០ ​នេះ ​NOCC បាន​ខិតខំ​បញ្ជ្រាប​អប់រំ​ទ្រឹស្តី​ចលនា​អូឡាំពិក និង​នាំ​លេង​កីឡា​ជូន​ដល់​សិស្សានុសិស្ស​រាប់​ពាន់​នាក់។

លោក​បន្ត​ថា ការ​រៀបចំ​នៅ​កន្លែង​ខុសៗ​គ្នា​នេះ​ យើង​ឃើញ​ថា យើង​បាន​ពង្រឹង​​ស្មារតី​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​វិស័យ​អប់រំកាយ និង​កីឡា ​ហើយ​កម្មវិធី​ «អប់រំ​គុណ​តម្លៃ​អូឡាំពិក» តែង​បាន​ព្យាយាម​ពន្យល់​អំពី​គុណតម្លៃ​នៃ​ជីវិត ចំពោះ​សកម្មភាព​កីឡា ដើម្បី​ជំរុញ​ឱ្យ​គាត់​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផ្លូវកាយ ការ​ដុស​ខាត់​នូវ​បញ្ញា​ស្មារតី​​ឱ្យ​បាន​ល្អ​ប្រសើរ ​ដែល​ជា​ជំនួយ​ដល់​ក្នុង​ការ​សិក្សា​របស់​ពួក​គាត់​។

អ្នក​ជំនាញ​កីឡា​រូប​នេះ ​បន្ថែម​ថា៖ ​«កម្មវិធី​នេះ ​​ក៏​​បាន​ជំរុញ​ចលនា​ការ​ផ្សព្វផ្សាយ​ពី​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២ ​ឆ្នាំ ​២០២៣​ នៅ​កម្ពុជា​ ដោយ​ផ្តោត​ទៅ​លើ​​​ទ្រឹស្តី​របស់​សម័យ​​អូឡាំពិក​ទំនើប ​គឺ​កីឡា​ និង​ការ​អប់រំ​នៅ​ក្នុង​ពេល​តែ​មួយ ​ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង ​គំនិត និង​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ថ្មី​ ពី​ទម្លាប់​ខ្ជិល​ច្រអូស​ទៅ​រក​សកម្មភាព​ផ្លូវកាយ​ក្នុង​ជីវិត​ ដើម្បី​ចូល​រួម​ចំណែក​ដល់​សកម្មភាព​កីឡា ដើម្បី​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ឆ្នាំ ​២០២៣»៕​