The Phnom Penh Post Search

Search form

NOCC អំពាវ​នាវឲ្យមានការ​​រួម​គ្នា​កសាង​កម្លាំង​សប្បុរសធម៌ ជួយ​ដល់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា

Content image - Phnom Penh Post
លោក វ៉ាត់ ចំរើន ​នាំយក​ថវិកា​ចំនួន​១៥០០០​ដុល្លារ ដែល​បាន​ពី​ការ​រៀបចំ​​ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង ទៅ​ជូន​ដល់​គ្រូ​ពេទ្យ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា កាល​ពី​ថ្ងៃ​អង្គារ។ រូប​ថត ឈន ណន

NOCC អំពាវ​នាវឲ្យមានការ​​រួម​គ្នា​កសាង​កម្លាំង​សប្បុរសធម៌ ជួយ​ដល់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា

ភ្នំពេញៈ គណៈកម្មាធិការជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) បាន​​ធ្វើ​ការ​អំពាវនាវ​ដល់​សប្បុរសជន និង​ក្រុមហ៊ុន​ ក្នុង​វិស័យ​ឯក​ជន​ទាំង​អស់ រួម​គ្នា​កសាង​នៅ​កម្លាំង​មនុស្ស​ធម៌ តាម​រយៈ​ការ​ចូល​រួម ​ក្នុង​​ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង ដើម្បី​ប្រមូល​យក​ថវិកា ទៅ​ជួយ​ដល់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដែល​ជា​មន្ទីរ​ពេទ្យ​ជួយ​ដល់​កុមារ​ក្រី​ក្រ ដោយ​មិន​គិត​កម្រៃ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា៖​«ដើម្បី​បង្កើន​ថវិកាជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំ​សូម​អំពាវ​នាវ​ដល់​សប្បុរសជន និង​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯក​ជន​ទាំង​អស់ សូម​រួម​ជួយជាមួយ​ព្រឹត្តិការណ៍​ពាក់​កណ្តាល​ម៉ារ៉ាតុង ​ទាំង​នៅ​សៀម​រាប ភ្នំពេញ និង​ទី​ក្រុង​ព្រះសីហនុ​ផ្សេងៗ​ទៀត ដើម្បី​រួម​គ្នា​កសាង​នៅ​កម្លាំង​មនុស្ស​ធម៌ ជួយ​ដល់​ប្រជា​ពល​រដ្ឋ និងកុមារ​ក្រី​ក្រ​របស់​យើង​ទាំង​អស់​គ្នា»។

ការ​លើក​ឡើង​របស់​លោក វ៉ាត់ ចំរើន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​លោក​បាន​នាំ​យក​ថវិកា​ចំនួន​ ១៥០០០ ​ដុល្លារ ដែល​រ៉ៃ​អង្គាស​បាន​ ​ពី​ការ​ប្រកួត​ពាក់​កណ្តាល​ប៉ារ៉ាតុង​អន្តរជាតិ នៅ​សៀម​​រាប និង​ពាក់​កណ្តាល​ម៉ារ៉ាតុង នៅ​ភ្នំពេញ​ យក​ទៅ​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា កាល​ពី​​ថ្ងៃ​អង្គារ​​ ម្សិល​មិញ។

លោក វ៉ាត់ ចំរើន បាន​ថ្លែងទៀត​​ថា៖​ «​នៅ​ថ្ងៃ​នេះ​ឯកឧត្តម​ប្រធាន ថោង ខុន បាន​ប្រគល់​ភារកិច្ច​ឲ្យ​ខ្ញុំ​នាំ​យក​អំណោយសប្បុរស​ធម៌​នានាចំនួន​ ១៥០០០ ដុល្លារ ដែល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​​អន្តរជាតិ កាល​ពី​ឆ្នាំ ​២០១៧ ចំនួន ​១០០០០ ​ដុល្លារ និង​ពាក់​កណ្តាល​ម៉ារ៉ាតុង នៅអង្គរ កាល​ពី​ឆ្នាំ ​២០១៧ ចំនួន​ ៥០០០​ ដុល្លារ មក​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា»។

លោក​​បាន​បន្ត​ថា៖​«យើង​​ទាំង​អស់​គ្នា មាន​ក្តី​សប្បាយ​រីក​រាយ ក្នុងការ​រួម​ចំណែក​ជួយ​ទៅ​ដល់សង្គម​ជាតិ​របស់​យើង ក៏​ដូចជា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​តាម​អនុសាសន៍​អំពាវនាវ​របស់​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី ដោយ​យើង​ទាំង​អស់​គ្នា មាន​កាតព្វ​កិច្ច​ក្នុង​ការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​ពិសេស​កីឡា ដែល​ជា​វិស័យ​ពាក់​ព័ន្ធ​ទៅ​នឹង​សុខ​ភាព ហើយ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍ជា​ច្រើន ដើម្បី​គាំ​ទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក៏​ដូចជា​មន្ទីរពេទ្យកុមារ នៅអង្គរ ព្រម​ទាំង​​មន្ទីរ​ពេទ្យ និង​​អង្គការសប្បុរស​ផ្សេងៗ​ទៀត»។

លោក ចំរើន បាន​បញ្ជាក់​ថា៖​«​យើង​ទាំង​អស់​គ្នា មាន​កាតព្វ​កិច្ច​រួម​គ្នា ជួយ​ដល់​សង្គម និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយ​យើង​សង្ឃឹម​ថា មន្ទីរ​ពេទ្យ​នេះ នឹង​មាន​ដំណើរ​ការ​ល្អ ដោយ​សង្ឃឹម​​ថា ប្រជា​ពល​រដ្ឋ​ទាំង​អស់ មាន​ឆន្ទៈ​ទាំង​អស់​គ្នា ក្នុងការ​ជួយ​ដល់​មន្ទីរ​ពេទ្យ ក៏​ដូចជា​ជួយ​ដល់​​សង្គមជាតិ និងកុមារនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ត្រូវការ​សេវា​កម្ម​សុខ​ភាព ដោយ​មិន​គិត​ថ្លៃ»។

Content image - Phnom Penh Post

ជាមួយ​គ្នា​នេះ NOCC និង​ដៃ​គូ​សហការ​មួយ​ចំនួន បាន​នឹងកំពុង​ធ្វើ​ការ​ងារ​យ៉ាង​សស្រាក​សស្រាំ ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រកួត​​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​អន្តរជាតិ លើក​ទី ​៨ ឆ្នាំ ​២០១៨ ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ ដោយ​មាន​អ្នក​បាន​ចុះ​ឈ្មោះ​ចូល​រួម​ជាង​ ៣០០០ ​នាក់​ហើយ មក​ពី​ ៣៩​ ប្រទេស។

ប៉ុន្តែ​លោក វ៉ាត់ ចំរើន ​នៅ​តែ​បាន​ទទូច​សុំ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា ពិសេស​យុវជន មក​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះ ឲ្យ​បាន​កាត់​តែ​ច្រើន និងទាន់​ពេល​វេលា ដើម្បី​​ប្រមូល​ថវិកា​បាន​ពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួតនេះ ទៅជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា​ និង​អង្គការ​សប្បុរសធម៌ ជា​ច្រើន​ទេ។

គួរ​បញ្ជាក់​ថា សម្រាប់​តម្លៃ​សេវា​ចុះ​ឈ្មោះ ចូល​រួម​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តជាតិ លើក​ទី​៨​​នេះ គឺ​ចម្ងាយ​ ២១​ គីឡូម៉ែត្រ បរទេស​ម្នាក់ ​៤០ ​ដុល្លារ ខ្មែរម្នាក់ ​​១៥ ​ដុល្លារ ចម្ងាយ ​១០ ​គីឡូម៉ែត្រ បរទេស​ ៣០​ ដុល្លារ ខ្មែរ ​១០ ​ដុល្លារ និង​ចម្ងាយ​៣គីឡូម៉ែត្រ បរទេស​ ១០​ ដុល្លារ ហើយ​ជន​ជាតិ​ខ្មែរម្នាក់ ​​៥ ​ដុល្លារ៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍