ភ្នំពេញ: គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាហៅកាត់ថា NPCC បានចាប់ដំណើរការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីជនពិការនៅលើប្រភេទកីឡាចំនួន ៤ ក្នុងចំណោមប្រភេទកីឡាទាំង ១០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពត្រៀមដាក់ឲ្យហ្វឹកហាត់ក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិនៅឆ្នាំ ២០១៩ នេះ។
អគ្គលេខាធិការ NPCC លោក យី វាសនា បានអះអាងថាការរៀបចំឲ្យមានការប្រកួតជ្រើសរើសអត្តពលិកជម្រើសជាតិជនពិការ វាជារឿងដ៏ចាំបាច់ ដើម្បីជ្រើសរើសបានអត្តពលិកមានសមត្ថភាពដាក់ឲ្យហ្វឹកហ្វឺនបន្ថែមត្រៀមប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិ ពិសេសត្រៀមឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជានៅឆ្នាំ ២០២៣។
លោក យី វាសនា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ប៉ារ៉ាឡាំពិក ស្ថិតនៅក្រោមស្តង់ដារសហព័ន្ធអន្តរជាតិដែលគេតម្រូវឲ្យយើងជ្រើសរើសអត្តពលិកដែលមានគុណភាពតាមស្តង់ដារអន្តរជាតិ អ៊ីចឹងអ្នកដែលមានសមត្ថភាពនៅក្រោមការកំណត់នេះមិនអាចចូលរួមប្រកួតជ្រើសរើសបានទេ»។
លោកបន្ថែមថា៖ «បើយើងមិនធ្វើការប្រកួតជ្រើសរើសបែបនេះ គឺយើងមិនអាចគោរពទៅតាមគោលការណ៍ជាអន្តរជាតិបានទេ ព្រោះការជ្រើសរើសនេះយើងត្រៀមប្រកួតក្នុងស្រុកផង និងក្រៅប្រទេសផង ពិសេសការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីនឆ្នាំ ២០២០ អ៊ីចឹងវាជាការចាំបាច់ក្នុងការជ្រើសរើសអ្នកមានសមត្ថភាពយកមកបណ្តុះបណ្តាល ដើម្បីសម្រិតសម្រាំងរកអ្នកល្អៗទៅប្រកួតនៅលើឆាកអន្តរជាតិបាន។
លោកបានបញ្ជាក់ថា៖ «ការជ្រើសរើសនេះវាមានការចាំបាច់មួយទៀតក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២៣ ផង ដូច្នេះការជ្រើសរើសក្នុងកម្រិតជម្រើសជាតិនេះគឺយើងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងការខិតខំប្រឹងប្រែងរបស់អត្តពលិក មិនមែនរើសតែ ១ ឆ្នាំ ហើយដាក់ជាជម្រើសជាតិរហូតនោះទេ ព្រោះបើយើងធ្វើបែបនេះមនុស្សគ្មានការតស៊ូទេ។ យើងត្រូវរៀបចំឲ្យប្អូនៗក្មេងដទៃទៀតដែលមានលទ្ធភាពអាចចុះឈ្មោះប្រកួតប្រជែងចូលជម្រើសជាតិដែរ»។
គួរបញ្ជាក់ថាសហព័ន្ធកីឡាជនពិការចំនួន ១០ ដែលដាក់ឲ្យប្រកួតប្រជែងរកអ្នកមានសមត្ថភាពត្រៀមដាក់ចូលក្នុងក្រុមជម្រើសជាតិនេះ ហើយកាលពីម្សិលមិញនេះមានការប្រកួតនៅលើប្រភេទកីឡាបាល់បោះជនពិការភ្នែក លើកទម្ងន់ជនពិការភ្នែក បាល់ទះអង្គុយជនពិការ និងហែលទឹក។ ចំណែកសុក្រនេះមានការប្រកួតកីឡាបាញ់ធ្នូជនពិការ វាយកូនឃ្លីលើតុជនពិការ និងប្រកួតហែលទឹកបន្ត ហើយពីថ្ងៃទី ១៨ ដល់ទី ២៥ ប្រកួតកីឡាអត្តពលកម្មកីឡាបូស្យា បាល់បោះជិះរទេះជនពិការ និងកីឡាបាល់ទាត់ចលករខួរក្បាល។
នៅក្រោយការប្រកួតបានបញ្ចប់ គណៈកម្មការនឹងធ្វើការវាយតម្លៃដើម្បីរកអ្នកមានសមត្ថភាពត្រៀមដាក់ហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិជនពិការនៅឆ្នាំនេះ ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រមូលផ្តុំនូវកីឡាករ ២០ នាក់ កីឡាការិនី ១០ នាក់ គ្រូបង្វឹក ១០ នាក់ និងអនុរក្ស ២ នាក់៕