The Phnom Penh Post Search

Search form

Nzonzi ត្រៀម​បង្ហាញ​ថ្វី​ជើង​ពេល Sevilla ជួប Man Utd

Content image - Phnom Penh Post
ខ្សែ​បម្រើ Scott McTominay (ស្តាំ) របស់ Man Utd និង Steven N'Zonzi របស់​ក្រុម Sevilla។ AFP

Nzonzi ត្រៀម​បង្ហាញ​ថ្វី​ជើង​ពេល Sevilla ជួប Man Utd

ក្រុងម៉ាឌ្រីដ: ប្រសិនបើ Steven Nzonzi បានសម្រេច​គោលដៅ​នៃ​ការផ្ទេរ​របស់​គេ រូប​គេ​ប្រហែល​ជា​ត្រូវ​ប៉ះ​ជាមួយ​នឹង​តារា​ឆ្នើម Cristiano Ronaldo និង Real Madrid ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​សប្តាហ៍​មុន ដោយ​មិន​ជួប​ក្រុម Manchester United នៅ​រាត្រី​នេះ​ឡើយ។

អតីត​ខ្សែបម្រើ​របស់​ក្លិប Stoke City និង Blackburn Rovers រូបនេះ​បាន​ទទួល​ស្គាល់​ពី​ការ​សោក​ស្តាយ​ក្នុងការ​មិន​បាន​បំពេញ​ការផ្ទេរ​មួយ​កាល​ពី​រដូវ​ក្តៅ​មុន​ដើម្បី​ចូលរួម​ជាមួយ​នឹង​ក្លិប Paris Saint-Germain ដែល​នៅ​តែ​មាន​ការ​ឈឺ​ចុកចាប់ ក្រោយ​ពី​បាន​ចាញ់​ក្នុង​លទ្ធផល ៥-២ ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើងឯក​ទ្វីប​អឺរ៉ុប Real។ ជាមួយ​នឹង​ស្រុក​កំណើត​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ប៉ារីស និង​ជា​ផលិតផល​មួយ​នៃ​ក្រុម​យុវជន​របស់ PSG ការ​ផ្ទេរ​វិល​ទៅ​កាន់​បារាំង​វិញ ស្ទើរ​តែ​បាន​កើត​ឡើង​ចំពោះ​កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ទៅ​ហើយ។

Nzonzi បាន​ប្រាប់​ទូរទស្សន៍​បារាំង Canal Football Club ថា៖ «ខ្ញុំ​ជា​ប្រជាជន​ប៉ារីស ហើយ​វា​ដូច​អ្នក​ដែល​នៅ​ប៉ារីស​ទាំងអស់​ដែរ ខណៈ​វា​ជា​រឿង​ដ៏ល្អ​ក្នុង​ការ​លេង​ឲ្យ​ក្លិប​នៅ​ឯ​ស្រុក​កំណើត។ វា​នឹង​ក្លាយជា​រឿង​ដ៏​ល្អ ប៉ុន្តែ វា​មិន​បាន​កើត​ឡើង​ឡើយ»។

ការស្រេកឃ្លាន​ក្នុងការ​ទៅលេង​ឲ្យ​ក្លិប​ធំ​មួយ បាន​កើត​ឡើង​ក្នុង​អាជីព​របស់ Nzonzi ខណៈ​ដែល​ខ្សែ​បម្រើ​រូប​នេះ បាន​ស្នើសុំ​ផ្ទេរ​ចេញ ២ លើក​នៅ​ឯ​ក្លិប Stoke នៅ​មុន​ពេល​ចូលរួម​ជាមួយ​នឹង Sevilla ក្នុង​ឆ្នាំ ២០១៥។

រូបគេ​បាន​ចាក​ចេញពី​ក្របខ័ណ្ឌ ក្រោយពី​បាន​ស៊ុត​បាល់​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ​លើ​ក្រុម Liverpool ក្នុង​ពេល​ទទួល​ជ័យជម្នះ ៦-១ ដែល​ក៏​ជាការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ Steven Gerrard សម្រាប់​ក្លិប​កាល​ពី​កុមារភាព​របស់​គេ​ផង​ដែរ។ ការ​ជួប​គ្នា ១ លើក​ផ្សេង​ទៀត​ជាមួយ​នឹង​ក្រុម Liverpool និង​ការ​ទទួល​បាន​លទ្ធផល​ស្មើ ៣-៣ ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​ខែ​វិច្ឆិកា ស្ទើរ​តែ​បាន​បង្កើត​ឲ្យ​មាន​ការ​ផ្ទេរ​មួយ​ទៀត​ទៅ​ហើយ ក្រោយ​ពី​ការ​ផ្ទុះ​ជម្លោះ​របស់​គេ​ជាមួយ​នឹង​លោកគ្រូ​បង្វឹក Eduardo Berizzo បាន​ធ្វើ​ឲ្យ Nzonzi ចូល​លេង​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី ១។

Nzonzi បាន​ឲ្យ​ដឹងថា៖ «អនាគត​របស់ខ្ញុំ​ពិតជា​ស្ថិតក្នុង​ការ​ចាក​ចេញ​ពី Sevilla។ រឿង​តែមួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត គឺ​របៀប​ដែល​វា​បាន​បញ្ចប់»។

ប៉ុន្តែ ផ្ទុយទៅវិញ លោក Berizzo គឺជា​អ្នក​ដែល​ត្រូវ​ចាក​ចេញ ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុង​រយៈពេល ១ ខែ​ក្រោយ​មក ហើយ Nzonzi បាន​បន្ត​នៅ មុន​នឹង​រក​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​វិញ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Vincenzo Montella។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Montella បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​នឹង​រូបគេ​ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​ស្មារតី​របស់​គេ។ Nzonzi បាន​លេង ១៦ ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត ១៧ លើក​របស់ Sevilla ចាប់​តាំង​ពី​ដើម​ឆ្នាំ​ថ្មី​នេះ។

តារា​ឆ្នើម​មួយ​នេះ ត្រូវតែ​បង្ហាញ​ពី​ថ្វី​ជើង​របស់ខ្លួន​ក្នុងពេល Sevilla ទៅ​ជួប​ក្រុម Man United ប្រសិន​បើ​រូបគេ​ចង់​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈាន​ទៅ​វគ្គ​បន្ត ក្រោយ​ពី​ក្រុម​ទាំង ២ បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី ១ កាល​ពី ៣ សប្តាហ៍​មុន។

Man Utd បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ​តាមរយៈ​ការ​ផ្តួល Liverpool ២-១ ខណៈ Sevilla ចាញ់ Valencia ២-០ ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ​លីក​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍។ ក្នុងការ​ប្រកួត ១ គូ​ទៀត​នៅ​រាត្រី​ដដែល​នេះ Roma នឹង​ទទួល Shakhtar Donetsk ក្រោយ​ពី​ចាញ់​នៅ​លើ​ទឹកដី​អ៊ុយក្រែន ២-១ ក្នុង​ជើង​ទី ១។

ការ​ប្រកួត​ទាំង ២ គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀបភ្លឺ៕

អត្ថបទគួរចាប់អារម្មណ៍