The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - O'Sullivan ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ក្រោយ​ពី​ផ្តួល Bingham

O'Sullivan ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ក្រោយ​ពី​ផ្តួល Bingham

O'Sullivan ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ក្រោយ​ពី​ផ្តួល Bingham

130503_26a
កីឡាករ Ronnie O'Sullivan របស់អង់គ្លេស ត្រៀមវាយបញ្ចូលឡូនៅពេលប្រកួតជាមួយនឹង Stuart Bingham ក្នុងវគ្គ១/៤ AFP

ក្រុងឡុងដ៍: ម្ចាស់​ការពារ​តំណែង​ជើងឯក Ronnie O'Sullivan បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​យ៉ាង​ងាយ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​កីឡា​ស្នុកឃ័រ​ពិភពលោក កាលពី​ថ្ងៃ​ពុធ និង​បាន​និយាយ​ថា រូប​គេ​បាន​ត្រឡប់​មក​ប្រកួត​វិញ​ក្រោយ​ពី​ការ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ដោយ​គេ​ផ្ទាល់ ពីព្រោះ​គេ​ត្រូវ​ការ​ប្រាក់​ដើម្បី​បង់​ថ្លៃ​សាលា​កូន​ៗ​របស់​គេ​។

កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ ដែល​មិន​ធ្លាប់​បាន​ប្រកួត​ទាល់​តែ​សោះ ក្រោយ​ពី​ការ​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​កាលពី​ឆ្នាំ​មុន​នោះ បាន​ផ្តួល​កីឡាករ Stuart Bingham ដែល​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស​របស់​គេ ក្នុង​លទ្ធផល ១៣-៤ សិត ដើម្បី​ឈាន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹង​កីឡាករ Judd Trump ដែល​បាន​ផ្តួល​អតីត​ម្ចាស់​ជើងឯក​ពិភពលោក Shaun Murphy ក្នុង​លទ្ធផល ១៣-១២ ក្នុង​ការ​ប្រកួត​ដ៏​រំភើប​មួយ​កាល​ពី​ថ្ងៃ​ពុធ​។

O'Sullivan ដែល​ហាក់​ដូចជា​នឹង​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ជា​លើក​ទី​៥​របស់​ខ្លួន​នោះ បាន​បញ្ជាក់​ថា នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ចុង​ក្រោយ​របស់​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ បើ​ទោះ​បី​គេ​ត្រូវ​បាន​ផ្តល់​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ក្រុម​ម្ចាស់​ឧបត្ថម្ភ​របស់​គេ​ដើម្បី​ប្រកួត​ក្នុង​យុទ្ធនាការ​ចំនួន​១០​នៅ​រដូវកាល​ក្រោយ​ក៏​ដោយ​។

វា​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​បង្ហើប​ពី​ការ​ចូល​និវត្តន៍​ទាំង​ស្រុង​ពី​កីឡា​ស្នុកឃ័រ​នេះ​ដែល​រូប​គេ​បាន​ទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ប៉ុន្តែ រូប​គេ​បាន​និយាយ​ថា គេ​បាន​ឆ្អែតឆ្អន់ និង​អស់​កម្លាំង​ពេក ខណៈ​ដែល​កីឡាករ​ជា​ច្រើន​កំពុង​តែ​រីករាយ​ក្នុង​ការ​លេង​កីឡានេះ​។

រូប​គេ​បាន​និយាយ​ថា​៖​«វា​ជា​រឿង​ល្អ​ណាស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ តែ​ខ្ញុំ​ពិតជា​មិន​នឹក​ដល់​កីឡា​ស្នុកឃ័រ​ឡើយ​។ ប៉ុន្តែ ខ្ញុំ​នឹក​នូវ​អ្វី​ដែល​ត្រូវ​តែ​ធ្វើ ហើយ​ខ្ញុំ​កំពុង​តែ​ព្យាយាម​ដើម្បី​រក​លុប​ខ្លះ​»។ កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា​៖​«បើ​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​នៅ​តែ​ជំពាក់​ថ្លៃ​បង់​សាលា​ចូល​រៀន​សម្រាប់​ថ្លៃ​សាលា​កូន​ៗ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បង់​អស់​រយៈពេល​ពីរ ឬ​បី​ឆមាស​រួច​មក​ហើយ​»។

កីឡាករ​O'Sullivan បាន​បន្ថែម​ទៀត​ថា​៖​«ខ្ញុំ​មិន​ដឹង​ថា តើ​នឹង​មាន​អ្វី​កើតឡើង​នោះ​ឡើយ​នៅ​ទី​នេះ ប៉ុន្តែ ខ្ញុំ​បាន​រក​ប្រាក់​បាន​ខ្លះ​ឡើយ​មក​ទល់​ពេល​នេះ ហេតុ​នេះ ខ្ញុំ​អាច​ចាកចេញ និង​បង់​ថ្លៃ​សាលា​បាន​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។ ប៉ុន្តែ ខ្ញុំ​ពិតជា​មិន​គិត​ថា កីឡា​ស្នុកឃ័រ​គឺ​សម្រាប់​ខ្ញុំ​ឡើយ​។ នេះ​អាច​នឹង​ក្លាយ​ជា​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ពាន​ដ៏​ធំ​ជា​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​»។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មួយ​ទៀត នឹង​ក្លាយ​ជា​ជំនួប​របស់​កីឡាករ​ដែល​មាន​សញ្ជាតិ​អង់គ្លេស​ដូច​គ្នា នៅពេល​កីឡាករ Barry Hawkins ជួប​ជាមួយ Ricky Walden ក្រោយ​ពី​ពួកគេ​បាន​ផ្តួល​កីឡាករ Ding Junhui របស់​ចិន និង Michael White របស់​វេលស៍ រៀង​ៗ​ខ្លួន​៕ IS

អត្ថបទគួរចាប់អារម្មណ៍