ភ្នំពេញ៖ ​អង្គភាព​រៀបចំ​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ធំ​ជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី ONE Championship (ONE) ​បាន​ប្រកាស​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង ជាមួយ​សែលកាត (Cellcard)​ ដើម្បី​ធ្វើ​ការ​រួម​គ្នា ក្នុង​ការ​ចែក​រំលែក​នូវ​សិល្បៈ​ក្បាច់​គុន​ចម្រុះ និង​ព័ត៌មាន​កីឡា​ដ៏​សម្បូរ​បែប​ជាច្រើន​ទៀត​របស់ ONE ជូន​ដល់​អ្នក​គាំទ្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក Hua Fung The នាយក​ប្រធាន​ក្រុម ONE បាន​ថ្លែង​ក្នុង​សន្នីសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សហការ​ជាដៃ​គូ​យូរ​អង្វែង​ជាមួយ​សែល​កាត ហើយ​ ONE និង​សែល​កាត​នឹង​ធ្វើ​ការ​ចែក​រំលែក​នូវ​ប្រវត្តិ និង​រឿង​រ៉ាវ ​ជុំវិញ​សិល្បៈ​ក្បាច់​គុន​របស់​វីរបុរស​ខ្មែរ ជូន​ដល់​បងប្អូន​នៅ​ទូទាំង​ប្រទេស ​ឲ្យ​​បាន​ស្គាល់​កាន់​តែ​ស៊ីជម្រៅ»។

លោក​បន្ថែម​ថា៖ ​«យើង​នឹង​ចូលរួម​ជួយ​ជំរុញ​ទឹក​ចិត្ត​បង​ប្អូន​ខ្មែរ ​ឲ្យ​​បន្ត​ក្តី​ស្រមៃ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត ហើយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ក្រៃ​លែង​ ដែល​មាន​ឱកាស​អាច​នាំ​អ្នក​គាំទ្រ​នៅ​កម្ពុជា ​ឲ្យ​បាន​​ស្គាល់​ជាមួយ​ជើងឯក​​ល្បីៗ​​របស់ ONE»។

ចំណែក​លោក​ អៀន វ៉ាតសុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែលកាត​បាន​ថ្លែង​ថា៖ «កម្ពុជា​ជា​ប្រទេស​មួយ ​ដែល​និយម​វិស័យ​កីឡា​បំផុត ជា​ពិសេស​គឺ​កីឡា​បែប​ចំបាប់​ ហើយ​ក្នុង​នោះ​ យើង​ក៏​ឃើញ​មាន​កីឡាករ​ក្នុង​ស្រុក ​ដែល​មាន​ថ្វី​ដៃ​ល្អៗ​ជា​ច្រើន​រូប អ៊ីចឹង​តាមរយៈ​កិច្ច​សហការ​នេះ យើង​នឹង​​អាច​ជួយ​លើក​ស្ទួយ​ក្រុម​កីឡាករ​ខ្មែរ​យើង ក៏​ដូច​ជា​ចែក​រំលែក​នូវ​រឿង​រ៉ាវ​របស់​ពួក​គាត់ ដើម្បី​​ជំរុញ​​ទឹក​ចិត្ត​ ដល់​អ្នក​ចង់​ហាត់​រៀន​ក្បាច់​គុន​ដទៃ​ទៀត»។

បន្ថែម​លើ​នេះ ក្រុម​កីឡាករ​ខ្មែរ​ឆ្នើមៗ​របស់ ONE Championshis ក៏​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​នៃ​​ក្បាច់​គុន​ល្បុក្កតោ​ដ៏​​វ័យ​ចំណាស់​​របស់​ខ្មែរ​​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​ផង​ដែរ ហើយ​កីឡាករ​ឆ្នើម ចាន់ រតនា ដែល​​ជា​ទូតសុច្ឆន្ទៈ​ថ្មី​របស់​ក្រុមហ៊ុន​សែលកាត នឹង​ចែក​រំលែក​នូវ​ដំណើរ​ជីវិត និង​ប្រវត្តិ​នៃ​ការ​ហាត់​រៀន​គុន​ខ្មែរ​របស់​គាត់ ដើម្បី​ជួយ​ជំរុញ​​ទឹក​ចិត្ត​យុវជន​ខ្មែរ​ឲ្យ​​មាន​កម្លាំង​ចិត្ត​ ឈោង​ចាប់​ក្តី​សុបិន​របស់​ពួក​គេ។

ទន្ទឹម​នឹង​នោះ សែលកាត ក៏​នឹង​សហការ​ជា​មួយ​កីឡាករ ចាន់ រតនា ដើម្បី​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ឲ្យ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​វិធី​ការពារ​ខ្លួន និង​ការ​ហាត់​​រៀន​​ក្បាច់​គុន​​ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​បណ្តា​ក្លិប​ហាត់​ប្រាណ​ ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​សែលកាត នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ផង​ដែរ។

ជើង​ខ្លាំង ចាន់ រតនា ដែល​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់ ONE បាន​និយាយ​ថា៖ ​«ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​មាន​ឱកាស​បាន​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​នាំ​យក​ក្បាច់​គុន​ចម្រុះ មក​បង្ហាត់​បង្ហាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​នាម​ជា​កីឡាករ​ជើងឯក​ម្នាក់​របស់ ONE ខ្ញុំ​មាន​កាតព្វកិច្ច​ក្នុង​ការ​បង្ហាញ​ជូន​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ក្នុង​ប្រទេស ​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្ញុំ​មួយ​នេះ នូវ​គុណ​តម្លៃ​ពិត​ប្រាកដ​នៃ​ការ​ហាត់​ក្បាច់​គុន និង​អំពី​វិធី​ដែល​យើង​អាច​កែប្រែ​ជីវិត​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ តាមរយៈ​ការ​អនុវត្ត​ទៅ​តាម​គោលការណ៍​នៃ​ការ​ហាត់​ក្បាច់​គុន​នេះ»។

អ្នក​ប្រយុទ្ធ​មាន​ជំនាញ​ច្រើន​ប្រភេទ​​កីឡា​រូប​នេះ ចាន់ រតនា បាន​បន្ថែម​ថា៖ ​«ការ​ទទួល​បាន​ងារ​ជា​ទូតសុច្ឆន្ទៈ​ផ្លូវ​ការ​របស់​សែលកាត គឺ​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​រូប​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​មាន​ក្តី​រំភើប​ជា​ខ្លាំង ដែល​ទទួល​បាន​ឱកាស ​ដើម្បី​ចែក​រំលែក​នូវ​ដំណើរ​ជីវិត​នៃ​ការ​ហាត់​រៀន​ក្បាច់​គុន និង​វិធី​ការពារ​ខ្លួន​ជូន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា»៕