ភ្នំពេញៈ ក្រុមហ៊ុន​រ៉ូយ៉ាល់​មេឌា​អេនធើធេនមេន​ខបភើរេសិន​លីមីធីត និង​ទូរទស្សន៍ One TV បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចំនួន​ ៥ ​ទៀត ដើម្បី​បង្កើត​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ថ្មី​មួយ​ឈ្មោះ​ថា «​ស្ថាប័ន Khmer Inter Championship (KIC)» ហើយ​ព្រឹត្តិការណ៍​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ នៅ​មជ្ឈមណ្ឌល​សិល្បៈ​ក្បាច់គុន​ (​រោង​សៀក​) ​ទល់​មុខ​រដ្ឋសភាជាតិ​កាលពី​ថ្ងៃ​ពុធ​។

លោក ភួង ពុទ្ធិ នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​របស់ One TV បាន​ថ្លែង​ថា​៖ «​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​មាន​ការចូលរួម និង​គាំទ្រ​ព្រឹត្តិការណ៍​នេះ​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ ហើយ​ឈ្មោះ​នៃ​កម្មវិធី​នេះ​នឹង​ត្រូវ​ចុះបញ្ជី​រក្សា​ការពារ​សិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​បែបបទ​ច្បាប់​តែម្តង​។ ជាមួយ​គ្នា​នេះ NOCC បាន​លើក​ទឹក​ចិត្ត​ឲ្យ​ការប្រកួត​នេះ​ត្រូវ​គោរព​តាម​គោលការណ៍​យុត្តិធម៌​តម្លាភាព និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ​ទៅ​ជា​សកម្មភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

ព្រឹត្តិការណ៍​ថ្មី KIC នឹង​មាន​ការប្រកួត​គូ​ខ្សែក្រវាត់​អន្តរជាតិ​ចំនួន​ ២ ​គូ​អម​ដោយ​ការប្រកួត​របស់​កីឡាករ​ក្នុង​ស្រុក​ ៤ ​គូ​ទៀត​។ ការប្រកួត​នឹង​ត្រូវ​ធ្វើ​នៅ​រាល់​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​ ៣ ​រសៀល​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា​នៅ​រោងសៀក ហើយ​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត​ដែល​សហការ​ជាមួយ One TV មាន​សមាគម​កីឡាប្រដាល់​ក្រសួង​មហាផ្ទៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​,​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។

ចំណែក​លោក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថ្លែង​ថា​៖ « One TV បាន​បង្កើត​កម្មវិធី​ប្រដាល់​នៅ​ពេល​នេះ​គឺ​មាន​ការគិតគូរ​បាន​វែងឆ្ងាយ និង​លម្អិត​ប្លែក​ជាងគេ​ទៅ​លើ​ការគោរព​ច្បាប់​ដោយ​ប្រកួត​ឲ្យ​មាន​យុត្តិធម៌ និង​រៀបចំ​កីឡាករ​មាន​សមត្ថភាព​ល្អ ទាំង​កីឡាករ​ខ្មែរ និង​ថៃ ហើយ​ខ្ញុំ​គាំទ្រ និង​លើក​ទឹកចិត្ត​ចំពោះ​ការរៀបចំ​នេះ​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ថ្មី​នេះ ខណៈ​អ្នកគ្រប់គ្រង​កម្មវិធី និង​មន្ត្រី​បច្ចេកទេស​សុទ្ធតែ​ជា​អ្នក​ជើងចាស់ និង​មាន​បទពិសោធ​ខ្ពស់​យូរ​ឆ្នាំ និង​មាន​ស្នាដៃ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទទួល​ស្គាល់​»​។

លោក សែន កុសល ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​និយាយ​ថា​៖ «​កន្លងមក​ក្រសួង​វប្បធម៌​ដែល​មាន​ទីតាំង​រោងសៀក​ធ្លាប់​រួមសហការ​ផ្តល់​ឱកាស​ឲ្យ​មាន​ការប្រកួត​ប្រដាល់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​ដោយ​មាន​ការសម្របសម្រួល​ពី One TV រួមសហការ​ជាមួយ​សមាគម​កីឡាប្រដាល់​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​នោះ យើង​សូម​គាំទ្រ និង​បន្ត​សហការ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​កីឡា​នេះ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ល្អប្រសើរ​»​។

ជាមួយ​គ្នា​នេះ​លោក ឆឹង វ៉ាន់ថូ ទីប្រឹក្សា​ជាន់ខ្ពស់​របស់ NOCC បាន​និយាយ​ថា​៖ «​ខ្ញុំ​មើលឃើញ​ថា ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​នេះ​ត្រៀម​រៀបចំ​បាន​ល្អ ដោយ​មាន​ស្ថាប័ន​ច្រើន​ចូល​គាំទ្រ​។ ខ្ញុំ​សូម​ឲ្យ​សកម្មភាព​ប្រកួត​នេះ​ទទួល​បាន​លទ្ធផល​ជោគជ័យ និង​ជា​ព្រឹត្តិការណ៍​កីឡា​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដូច​ដែល​លិខិត​ទទួល​ស្គាល់​ជា​ផ្លូវការ​»៕