ភ្នំពេញៈ ការប្រកួត​ពានរង្វាន់ TV5 Boxing Knock-Out Serie (K-Cement) បាន​ឈានដល់​វគ្គ​ជម្រុះ​ចុងក្រោយ​នៃ​ជុំ​ទី​ ១ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ នា​ថ្ងៃ​សៅរ៍ ខណៈ​គូ​ឯក​អន្តរជាតិ​អម​កម្មវិធី ដើម្បី​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ប្រចាំ​សប្តាហ៍​បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ថៃ Op Sai សងសឹក​ជាមួយ យុគ យក្សផ្លែ​។

នៅ​ជុំ​ទី​ ១ ដែល​មាន​ការប្រកួត​ជម្រុះ​រវាង​កីឡាករ​ ៣២ ​នាក់​នោះ គឺ​បាន​ប្រកួត​ ៧ ​សប្តាហ៍​ហើយ និង​បាន​រកឃើញ​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ទី​ ២ ចំនួន​ ១៤ ​នាក់​រួចហើយ​ដោយ​នៅ​ខ្វះ​តែ​ ២ ​នាក់​ទៀត​ប៉ុណ្ណោះ​។ ចំណែក​នៅ​សប្តាហ៍​នេះ កីឡាករ​ជើង​ថ្មី ញឹម សារិទ្ធ របស់​ក្លិប​អរុណរះ​កីឡា​ត្រូវ​ជួប​ជើង​ថ្មី គិន ខ្លឹម ក្លិប​ទ័ព​ឆត្រយោង​ ៩១១ ហើយ ម៉ាក់ សាមុត ក្លិប​តាឡី​ដំរី​មានរិទ្ធ ត្រូវ​ប៉ះ​ លីន វណ្ណៈ របស់​ក្លិប​បូរីរាជសីហ៍​មានរិទ្ធ​។

អ្នកឈ្នះ​នៅក្នុង​ការប្រកួត​នេះ​នឹង​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ទី​ ២ ឬ​វគ្គ​ ១៦ ​នាក់​ចុងក្រោយ ប៉ុន្តែ​កម្រិត​សមត្ថភាព​កីឡាករ​ជើង​ថ្មី​ទាំង​ ៤ ​នេះ បើ​ទោះបី​ជា​អ្នក​ណា​ឈ្នះ គឺ​គ្រាន់តែ​ជា​ការ​ឡើង​ទៅ​កំដរ​កីឡាករ​ជើងចាស់​មួយ​ចំនួន​នៅក្នុង​វគ្គ​ ១៦ ​នាក់​ចុងក្រោយ​នេះ​មាន ម៉ន ភិរម្យ​, ចាន់ សាន់​, ឡុង លាងសៅ​, គឿម សុវណ្ណឌឿត​, ខេម ចាន់​, ឬទ្ធិ សាស្ត្រាវុទ្ធ​, សូត្រ វាសនា​, អេភូថង អេអាំងម៉ារិន្ទ​, ជី ឆៃលី​, សេក សារ៉ាន់ និង​ លី តក់ ជាដើម​។

ជាមួយ​គ្នា​នេះ​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាន​ដាក់​ឲ្យ​គូ​មិត្តភាព​អន្តរជាតិ​កម្ពុជា​ថៃ Op Sai ឡើង​សង្វៀន ដើម្បី​សងសឹក​កីឡាករ យុគ យក្សផ្លែ ព្រោះ​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​ ២ ​លើក​កន្លង​មក គឺ យក្សផ្លែ បាន​ឈ្នះ​ទាំង​ ២ ​លើក តែ​កីឡាករ​ថៃ​រូប​នេះ​នៅ​មិន​ទាន់​អស់ចិត្ត ទើប​សុំ​ឡើង​ប្រកួត​សងសឹក​ម្តង​ទៀត​។

ប្រភពពី​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ដឹងថា កីឡាករ Op Sai ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ចំនួន​ ៦១ ​ដង ឈ្នះ​ ៥២ និង​ចាញ់​ ៩ ​ដង ចំណែក​កីឡាករ យុគ យក្សផ្លែ មាន​បទពិសោធ​ប្រកួត​បាន​ចំនួន​ ១៦៣ ​ដង ឈ្នះ​ ១៣៣ ចាញ់​ ២៦ និង​ស្មើ​ ៤ ​ដង​។

បន្ទាប់ពី​ផ្លាស់​មក​នៅក្នុង​ក្លិប​បុរី​រាជសីហ៍​មានរិទ្ធ​មក កីឡាករ យក្សផ្លែ វ៉ៃ​បាន​ល្អ និង​មាន​ឱកាស​បាន​ឡើង​ប្រកួត​ជា​គូ​អន្តរជាតិ​ញឹកញាប់​ផងដែរ​។ លោក ឡុង ស៊ីលីន គ្រូបង្វឹក​របស់ យុគ យក្សផ្លែ បាន​និយាយ​ថា​៖ «​មួយរយៈ​នេះ​ យក្សផ្លែ ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ ដោយសារ​ព្យាយាម​ហ្វឹកហាត់​បាន​ខ្ជាប់ខ្ជួន​»​។

សម្រាប់​ជំនួប​ប្រកួត​លើក​នេះ​លោក ឡុង ស៊ីលីន បាន​សង្ឃឹម​ខ្ពស់​ថា យក្សផ្លែ នៅតែ​អាច​រក្សា​ការពារ​ជ័យជម្នះ​បាន​ ១០០ ​ភាគរយ ប៉ុន្តែ​មាន​លក្ខណៈ​លំបាក​តឹងតែង​ខ្លះ​ដែរ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ល្អ​ជង្គង់ និង​ស្នៀតទាត់ ហេតុនេះ​បើ​ការប្រកួត​នេះ​អូសបន្លាយ​ពេល​រហូត​ដល់​ ៥ ​ទឹក​គឺ យក្សផ្លែ អាច​ចាញ់​កម្លាំង ឬ​ក្បាច់​ឱប​ឡើង​ជង្គង់​នេះ​។

ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «​គូ​នេះ​គឺ កីឡាករ​ថៃ​ធ្លាប់​ចាញ់ យក្សផ្លែ ចំនួន​ ២ ​ដង​ហើយ ប៉ុន្តែ​វា​មិន​អស់​ចិត្ត​។ ការសុំ​សងសឹក​នេះ​គឺ​វា​ហ្វឹកហាត់​បាន​ល្អ ហើយ​លទ្ធផល​ប្រកួត​មិន​អាច​ទស្សន៍ទាយ​មុន​បាន​ទេ ព្រោះ​កីឡាករ Op Sai រូបនេះ​ល្អ​ជង្គង់ ហេតុនេះ​បើ​គេ​គេច​ផុតពី​កណ្តាប់ដៃ យក្សផ្លែ គឺ​អាច​មាន​ឱកាស​ឈ្នះ​ច្រើន​»៕