សហ​រដ្ឋ​អាមេរិកៈ កីឡាករ​វាយ​កូន​បាល់​អាមេរិក Reilly Opelka ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៤​​បាន​​ឈ្នះ​​​២​លើក​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​​គ្រង​តំណែង​ជើង​ឯក​ ATP Delray Beach Open ដោយ​​បាន​​ឈ្នះ​កីឡាករ​ជប៉ុន Yoshihito Nishioka ក្នុង​លទ្ធ​ផល ៧-៥, ៦-៧, ៦-២ នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​នេះ​។​

នេះ​ជា​ការ​គ្រង​ដំណែង​ជើង​ឯក​ ATP លើក​ទី​២ ​សម្រាប់​កីឡាក​រ​អាមេរិក​វ័យ​ ២២ ​ឆ្នាំ​រូប​នេះ ​ដែល​ពាន​រង្វាន់​ផ្សេង​ទៀត​បាន​ឈ្នះនៅ​​ក្នុង​ការ​ប្រកួត New York Open កាល​ពី​ឆ្នាំ​មុន​ ហើយ​រូប​គេ​បាន​ឈ្នះ​ក្រោយ​ពី​រូប​គេ​បាន​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅទី​វាយ​កូន​បាល់​​ Florida ក្រោម​តំណក់​​ភ្លៀង​យ៉ាង​ខ្លាំង​​។​

កីឡាករ​ Opelka បាន​តាម​យក​ឈ្នះ​កីឡាករ​កាណាដា​ Milos Raonic ដែល​ជាប់​លេខ ​២ ​​ក្នុង​ពិភព​លោក​ក្នុង​លទ្ធ​ផល​ ៤-៦, ៧-៦, ៦-៣​ នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​កក់​ការ​ប្រកួត​ជា​មួយ​អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦៣​ ក្នុង​ពិភព​លោក​​រូប​នេះ​។​

កីឡាករ Opelka បាន​និយាយ​ថា៖ «​ខ្ញុំ​ពិត​ជា​អស់​កម្លាំង​ក្រោយ​ពី​ការ​ប្រកួត​ទាំង​ ២ ​លើក​នោះ​»។​

កីឡាករ​ Nishioka ដែល​បាន​ឈ្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ATP នៅ​ឆ្នាំ ​២០១៨​ នៅ​កីឡដ្ឋាន​ Shenzhen នោះ​​បាន​ឈ្នះ​កីឡាករ​បារាំង​ Ugo Humbert ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​ ៦​ ក្នុង​លទ្ធ​ផល​ ១-៦, ៦-៤, ៦-០ កាល​ពី​ថ្ងៃ​សៅរ៍​មុន​ពេល​ធ្លាក់​ភ្លៀង​។​

កីឡាករ Opelka បាន​ផ្តួល​កីឡាករ Nishioka​ ក្នុង​លទ្ធ​ផល ៦-៤ និង ៦-៤ កាលពី​សប្តាហ៍​មុននៅ​​ក្នុង​ជុំ​ទី​ ២ ​នៅ​ឯ​បុរី​ញូវ​យ៉ក​​នៅ​ក្នុង​ជំនួបដ៏​សំខាន់​របស់​ពួក​គេ​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​Nishioka គឺ​ជា​ដៃ​ប្រកួតប្រជែង​​ដ៏​អស្ចារ្យ​មួយ​រូប​ ហើយ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រត់តាម​យក​កូន​បាល់​​ចុះ​ឡើងៗ​​​ផង​ដែរ​»​៕ AFP/SN