ក្រុងមែលប៊ន៖ កីឡាការិនីវាយកូនបាល់ (តិន្នីស) អាជីព Naomi Osaka ធ្វើការប្រកួតប្រជែងរហូតឈ្នះជើងឯកពាន Grand Slam លើកទី៤ យ៉ាងឆាប់រហ័សទាំងមិនគួរឱ្យជឿ បន្ទាប់ពីយកជ័យជម្នះលើកីឡាការិនីអាមេរិក Jennifer Brady ក្នុងលទ្ធផល ៦-៤ និង ៦-៣ អំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី Australian Open នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍។
ការមានសតិអារម្មណ៍នឹងធឹង និងភាពប្រាកដប្រជាប្រកបដោយភាពថ្លៃថ្នូររបស់ Osaka វ័យ ២៣ ឆ្នាំ ទាំងនៅក្នុង និងក្រៅទីលាន ជួយជំរុញនាងឱ្យមានកម្រិតក្បែរៗនឹងកីឡាការិនី Serena Williams ក្នុងនាមជាអត្តពលិកស្រីដ៏មានកេរ្តិ៍ឈ្មោះបំផុត នៅលើផែនដីនេះ។
ជាមួយគ្នានេះ អាកប្បកិរិយាសុភាពរាបសាដែលតែងមានជានិច្ច នៅក្រៅទីលានប្រកួតដោយគួបផ្សំជាមួយការគ្រប់គ្រងអារម្មណ៍បានល្អ នៅគ្រប់ការប្រកួតបានធ្វើឱ្យនាងលេចធ្លោកាន់តែខ្លាំង។
រឿង ១ ទៀត ដែលគួរឱ្យកត់សម្គាល់ នោះគឺ Osaka តែងនិយាយយ៉ាងឱនលំទោន ដើម្បីផ្ដល់ក្ដីគោរពដល់គូប្រកួតរបស់នាង ក្នុងនោះក៏មាន Williams ផងដែរ បន្ទាប់ពីនាងបានទម្លាក់អាយដល (និមិត្តរូប) របស់ខ្លួន ដែលជាម្ចាស់ជើងឯក Grand Slam ២៣ សម័យកាល ក្នុងវគ្គ ៤ នាក់ចុងក្រោយ។
Osaka នឹងឡើងទៅដល់ចំណាត់ថ្នាក់លេខ ២ ពិភពលោក ពេលការចាត់ចំណាត់ថ្នាក់ថ្មី ត្រូវបានបញ្ចេញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះដោយរលូន ហើយវានឹងជំរុញឱ្យមានការជឿជាក់កាន់តែខ្លាំងឡើងថា កីឡាការិនី ដែលមានសញ្ជាតិ ២ ជប៉ុន-អាមេរិក នឹងឡើងមកកាន់តំណែងជាស្ដេចស្រីរបស់កីឡាតិន្នីស។
វាខុសពីឆ្នាំមុនឆ្ងាយ ពេល Osaka មានអារម្មណ៍ខកចិត្ត ព្រោះការការពារជើងឯកកម្មវិធី Australian Open របស់នាង ត្រូវបានបំផ្លាញយ៉ាងគួរភ្ញាក់ផ្អើល ដោយសារតែប្រកួតចាញ់គូប្រជែងវ័យទើប ១៥ ឆ្នាំ Coco Gauff ក្នុងជុំទី៣។
«នាងមើលទៅអន្ទះអន្ទែង ពោលគឺនាងដាក់សម្ពាធខ្លួនឯង។ មើលទៅនាងពិតជាមានអារម្មណ៍បែបហ្នឹង គ្រាន់តែនាងមិនបញ្ចេញឱ្យឃើញ»។ នេះជាសម្ដីគ្រូបង្វឹករបស់នាង លោក Wim Fissette ដែលនិយាយដល់ការធ្លាក់របស់នាងនៅពេលនោះ។
ក្រោយឈ្នះពានរង្វាន់ដ៏ធំប្រចាំឆ្នាំនេះ កីឡាការិនី Osaka បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា៖ «ខ្ញុំមិនរំពឹងឈ្នះគ្រប់ការប្រកួតទេ នៅឆ្នាំនេះ។ អ្នកខ្លះអាចនឹងឱ្យមេដាយមកខ្ញុំ ប្រសិនបើខ្ញុំឈ្នះគ្រប់ប្រកួតឆ្នាំនេះ តែខ្ញុំមិនគិតថា វាអាចទៅរួចនោះឡើយ»។
ជាមួយគ្នានេះ នាងបានរំឭកដល់កាលនាងធ្លាក់ពីឆ្នាំមុនថា៖ «ខ្ញុំនៅចាំបានយ៉ាងច្បាស់នូវអ្វី ដែលជាអារម្មណ៍នៃការចាញ់ការប្រកួត។ ខ្ញុំចាំបានវាកើតឡើង នៅទីនេះ ហើយខ្ញុំចាំថា តើកំពុងមានអារម្មណ៍យ៉ាងម៉េច ហើយថា តើអ្វីដែលកំពុងនៅក្នុងគំនិតរបស់ខ្ញុំ»។
ពានរង្វាន់ Grand Slam ទាំង ៤ របស់ Osaka រួមមាន Australian Open ២ ដង (២០១៩ និង ២០២១) និង US Open ២ ដង (២០១៨ និង ២០២០)៕ AFP/VN