សហរដ្ឋអាមេរិកៈ កីឡាការិនីវាយកូនបាល់ជាប់លេខ ១ ពិភពលោក Naomi Osaka បានប្រកួតឈ្នះ ៣ សិតកាលពីថ្ងៃពុធនៅក្របខ័ណ្ឌ ATP និង WTA Cincinnati ខណៈកីឡាការិនីអូស្ត្រាលី Ashleigh Barty ឈ្នះកីឡាការិនី Maria Sharapova។
កីឡាការិនីជប៉ុន Osaka ជាម្ចាស់ជើងឯកក្របខ័ណ្ឌ US Open និង Australian Open បានចំណាយពេលវេលាជាង ២ ម៉ោងដើម្បីឈ្នះកីឡាការិនី Aliaksandra Sasnovich ក្នុងលទ្ធផល ៧-៦(៧/៣), ២-៦, ៦-២។
តារាវាយកូនបាល់ជប៉ុនរូបនេះនឹងត្រូវជួបសម្រាប់ការប្រកួតជុំទី ៣ ជាមួយកីឡាការិនីតៃវ៉ាន់ Hsieh Su-Wei ដែលបានឈ្នះកីឡាការិនីអាមេរិក Jennifer Brady ក្នុងលទ្ធផល ៧-៦ (១១/៩) និង ៦-៣។
ទីបំផុតកីឡាការិនី Osaka បានឈ្នះ ១ ប្រកួតក្នុងការប្រកួតកម្ដៅសាច់ដុំនៅក្របខ័ណ្ឌ US Open ក្រោយពីបានចាញ់ជុំទី ១ កាលពីឆ្នាំមុន។
កីឡាការិនី Osaka បាននិយាយថា៖ «ខ្ញុំគ្រាន់តែព្យាយាមប្រកួតធម្មតាប៉ុណ្ណោះ ហើយក្នុងសិតទី ២ ខ្ញុំបានពង្រឹងការប្រកួតរបស់ខ្ញុំរហូតបានជ័យជម្នះតែម្ដង»។
កីឡាការិនីរូបនេះបានបន្ថែមថា៖ «ឥឡូវខ្ញុំគ្រាន់តែចង់សប្បាយរីករាយ ហើយនោះជាអ្វីដែលខ្ញុំបានរំពឹងទុករួចមកហើយ»។
ទន្ទឹមនេះដែរកីឡាការិនីឆ្នើមរបស់អូស្ត្រាលី Barty អាយុ ២៣ ឆ្នាំបានឈ្នះការប្រកួតជាមួយអតីតកីឡាការិនីជាប់លេខ ១ ពិភពលោកក្នុងរយៈពេលតែជាង ៩០ នាទីប៉ុណ្ណោះ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Roland Garros រូបនេះបានឈ្នះម្ចាស់ជើងឯក Grand Slam ៥ ជំនាន់ Sharapova ដែលបានឈ្នះ Cincinnativ នៅឆ្នាំ ២០១១ ហើយនេះជាជ័យជម្នះលើកទី ២ របស់ Barty នៅរដូវកាលនេះក្រោយពីបានឈ្នះ Australian Open។
នេះជាជ័យជម្នះលើកទី ៤០ របស់កីឡាការិនី Barty នៅឆ្នាំ ២០១៩ នេះ ហើយរូបនាងនឹងត្រូវឡើងទៅជួបកីឡាការិនីអេស្តូនី Anett Kontaveit ដែលបានឈ្នះកីឡាការិនីប៉ូឡូញ Iga Swiater ៦៤ ៧៦ (៧/២)។
កីឡាការិនី Barty បាននិយាយថា៖ «នេះពិតជាមិនមែនជាវគ្គឈឺចាប់ដូចកាលពីសប្ដាហ៍មុននោះទេ ហើយខ្ញុំបានដឹងថា ខ្ញុំមានឱកាសតិចតួចណាស់ក្នុងការបានឡើងទៅការប្រកួតនៅទីក្រុងតូរ៉ុនតូ ប៉ុន្តែនៅទីនេះគឺគ្មានការព្រួយបារម្ភនោះទេ»។
កីឡាការិនី Barty បានឈ្នះ ១៨ លើកក្នុងនោះឈ្នះកីឡាការិនី Sharapova ចំនួន ៤ លើកដោយសារកីឡាការិនីរុស្ស៊ីរូបនេះបានធ្វើឲ្យមានកំហុស ៣១ លើក៕ SN