ក្រុង​ឡុងដ៍៖ ក្លិប​ Liverpool បាន​ឆ្លង​ផុត​ពី​ដំណាក់​កាល​គ្រោះ​ថ្នាក់​នៃ​ក្របខ័ណ្ឌ​ Champions League ​ពី​ថ្ងៃ​អង្គារ ​ក្រោយ​ពី​កីឡាករ​ Alex Oxlade-Chamberlain បាន​ជួយ​ឲ្យ​ពួក​គេ​ឈ្នះ​ ២-១ ទៅ​លើ​ក្រុម​ Genk ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ E។​

កីឡាករ​ Oxlade-Chamberlain រក​បាន​គ្រាប់​បាល់​ទី ​២ ​​នៅ​នាទី​ទី ​៥៣ ​សម្រាប់​ក្រុម​ Liverpool ក្រោយ​ពី​កីឡាករ​ Mbwana Samatta រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ Genk នៅ​នាទីទី ​៤១ ​ដើម្បី​លុប​គ្រាប់​​បើក​ឆាក​របស់​កីឡាករ Georginio Wijnaldum ​ក្នុង​នាទី​ទី ​១៤​។​

លោក Jurgen Klopp បាន​ប្រាប់​ BT Sport ថា៖ «​យើង​មិន​បាន​បញ្ចប់​ស្ថានភាព​របស់​យើង​ដូច​​យើង​អាច​ធ្វើ​បាន​នោះ​ទេ​។​ យើង​មាន​ឱកាស​ច្រើន​ដូច​ពេល​​ធម្មតា​ ប៉ុន្តែ​យើង​មិន​ធ្វើ​បែប​នោះ​​ទេ​ ​គឺ​យើង​ទុក​ឲ្យ​ការ​ប្រកួត​នេះ​បើក​ចំហ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​អ្នក​រក​បាន​តែ ​១ ​គ្រាប់​ ​ហើយ​ពួក​គេ​រក​បាន ១ ​គ្រាប់​ដែរ​​​ ពេល​នោះ​យើង​នឹង​ខំ​ប្រឹង​​កាន់​តែ​ខ្លាំង​។ ការ​ប្រកួត​ចាប់​ផ្តើម​ជា​ថ្មី​នៅ​តង់​ទី ​២​ ពិត​ជា​ល្អ​ណាស់​ ប៉ុន្តែ​ផែនការ ​គឺ​ចង់​ឈ្នះ​ការ​ប្រកួត​ ហើយ​យើង​ធ្វើ​បាន​សម្រេច​​»​។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម ​Liverpool មាន ​១ ​ពិន្ទុ​នាំ​មុខ​ក្រុម​ Napoli ដែល​អាច​ត្រឹម​ស្មើ​គ្នា​ ១-១ ​ជាមួយ​ក្រុម​ Salzburg​ ដែល​ឈរ​នៅ​លេខ ​៣ ​នៅ​ មុន​ពេល​​ក្រុម​ Liverpool ជួប ​ជាមួយ​ក្រុម​​ Napoli ​ក្នុង​ទឹក​ដី​ក្លិប​ Liverpool នៅ​​ខែ​នេះ។

ក្រុម Liverpool ក៏​បាន​នាំ​មុខ​​ក្រុម​ Salzburg ៥ ​ពិន្ទុ​ផង​ដែរ​ ហើយ​ពួក​គេ​នឹង​ប្រកួត​ជាមួយ​គ្នា​​នៅ​ពេល​ខាង​នេះ​ផង​ដែរ​។​

ការ​ប្រកួត​រវាង​ក្រុម​ Liverpool និង​​ក្លិប​ Napoli គឺ​ជា​ការ​ប្រកួត​អស្ចារ្យ​មួយ ​ខណៈ​ក្លិប​អ៊ីតាលី​កំពុង​ជួប​បញ្ហា​នៅ​ក្របខ័ណ្ឌ​ Serie A ដោយសារ​ឈ្នះ​តែ ​១ ​ប្រកួត ​ក្នុង ​៥ ​ប្រកួត ​ចំណែក​ក្រុម​ហង្ស​ក្រហម​មាន​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​​​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​តាំង​ពី​ចាញ់​ក្រុម Real Madrid ​កាល​ពី​​ ៥​ ​ឆ្នាំ​មុន។​

ទន្ទឹម​នេះ​ដែរ​ ក្លិប Salzburg បាន​រារាំង​ក្លិប​ Napoli មិន​ឲ្យ​ក្លាយ​ជា​ក្រុម​ទី ​២ ​ដែល​បាន​ឡើង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ Champions League នៅ​វគ្គ ​១៦​ ​ពី​ថ្ងៃ​អង្គារ​​ ខណៈ​ក្លិប​អ៊ីតាលី​​នេះ​​បាន​​ប្រកួត​ស្មើ​គ្នា​ ១-១ នៅ​ទីក្រុង​ Naples ប្រទេស អ៊ីតាលី​។​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ន័រវែស​ Erling ​Haaland ​រក​បាន ​១ ​គ្រាប់ ​ជួយ​ឲ្យ​ក្លិប​​អូទ្រីស​មួយ​នេះ​នាំ​មុខ​​នៅ​នាទី​ទី​ ១១ ​នៅ​មុន​ពេល​កីឡាករ​ម៉ិកស៊ិក​ Hirving ​Lozano ​រក​បាន ​១ ​​គ្រាប់​វិញ ​ដើម្បី​តាម​ស្មើ​នៅ​មុន​ពេល​បញ្ចប់​ដោយ​គ្រាប់​បាល់​ដំបូង​របស់​​គេ​នៅ​កីឡដ្ឋាន​ San Paolo​។

ក្រុម Napoli នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឡើង​ទៅ​វគ្គ​បន្ត ​ដោយសារ​ពួក​គេ​កំពុង​ឈរ​នៅ​លេខ​ ២ ​មាន​ ៨ ​ពិន្ទុ​ គឺ​នាំ​មុខ​ ៤ ​ពិន្ទុ​ទៅ​លើ​ក្រុម Salzburg​ ខណៈ​ក្រុម​បែលហ្ស៊ិក​ Genk មាន ​១ ពិន្ទុ ​​ក្នុង ​៤ ​ប្រកួត​ដូច​គ្នា​។

ប្រធាន​ក្រុម​ Lorenzo Insigne នៃ​​ក្លិប Napoli ​បាន​និយាយ​ថា៖ «​វា​ជា​ពេល​វេលា​គ្មាន​សំណាង​សោះ​​សម្រាប់​យើង ​ព្រោះ​យើង​បាន​ព្យាយាម​គ្រប់គ្រាន់​ហើយ​​។ ​វា​ជា​ទម្រង់​លេង​ល្អ​មួយ ​ប៉ុន្តែ​យើង​នៅ​តែ​មិន​អាច​រក​បាន​គ្រាប់​បាល់​ថែម​ទៀត​ដដែល​»។​

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ត្រូវ​​​រង់ចាំ ​និង​បន្ត​លេង​ទៀត​។ ប្រសិន​បើ​យើង​លេង​ដូច​រាត្រី​នេះ​ មិន​យូរ​ទេ​ជ័យជម្នះ​នឹង​វិល​មក​វិញ​»៕ AFP/SN