ក្រុង​ឡុងដ៍៖ ខ្សែ​បម្រើ​​ Alex Oxlade-Chamberlain ជឿ​ថា ផ្នត់​គំនិត​របស់​ក្រុម Liverpool ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការ​មាន​ប្រៀប​ទៅ​លើ​​​ក្របខ័ណ្ឌ Premier League រហូត​មក​ដល់​រដូវកាល​នេះ​។​​​

ក្រុម​ Liverpool របស់​លោក Jurgen Klopp បាន​នាំ​មុខ​គេ​ដាច់​ ​៨ ​ពិន្ទុ ​ឈរ​នៅ​លើ​កំពូល​តារាង​តាមរយៈ​ការ​ប្រកួត ​១៤ ​លើក ​ក្នុង​នោះ​បាន​ឈ្នះ ​១៣ ​លើក ​និង​ស្មើ ​១ ​លើក ​ក្នុង​ក្របខ័ណ្ឌ​ Premier League។​​

ខ្សែ​បម្រើ​​ Oxlade-Chamberlain អាយុ ​២៦ ​ឆ្នាំ ​បាន​និយាយ​ថា ជំនឿ​ចិត្ត​របស់​ក្រុម Liverpool បាន​ធ្វើ​ឲ្យ​អ្វីៗ​កាន់​តែ​ងាយ​ស្រួល ​ខណៈ​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ប្រកួត​នៅ​កីឡដ្ឋាន​ Anfield ជាមួយ​ក្លិប Everton នៅ​ថ្ងៃ​ពុធ​នេះ​។​

ខ្សែ​បម្រើ​រូប​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​តាមរយៈ​តេឡេក្រាម​ថា៖ «​ផ្នត់​គំនិត​ដែល​យើង​​មាន​នៅ​ពេល​យើង​ដើរ​ចូល​ទីលាន​ប្រកួត​នោះ​ គឺ​ថា យើង​នឹង​ប្រកួត​យក​ឈ្នះ​ឲ្យ​ខាង​តែ​បាន​ ហើយ​ខ្ញុំ​គិត​ថា នោះ​គឺ​ជា​អ្វី​ដែល​យើង​មាន​ក្នុង​ចិត្ត​ទាំង​អស់​គ្នា​​»។​​

ខ្សែ​បម្រើ​ Oxlade បាន​បន្ថែម​ទៀត​​ថា៖ «​យើង​នឹង​ចូលរួម​ការ​ប្រកួត​ដោយ​រំពឹង​ថា​នឹង​យក​ឈ្នះ​ និង​ទទួល​បាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​បាន​ខក​ចិត្ត​កន្លង​មក»។​​​

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​មាន​ពេល​ខ្លះ​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ ​គឺ​​ខ្ញុំ​ពិត​ជា​មិន​បាន​ចូល​​លេង​ក្នុង​ការ​ប្រកួត​ទាំង​អស់​ដោយ​ជឿជាក់​​​ ១០០ ភាគរយ​ថា ​ក្រុម​នេះ​​នឹង​ទទួល​បាន​ជ័យជម្នះ​​នៅ​ក្រៅ​ទឹក​ដី​នោះ​​ ប៉ុន្តែ​​ជាមួយ​នឹង​ក្រុម​នេះ​ខ្ញុំ​តែងតែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ពួក​យើង​​ជានិច្ច​»​។

ខ្សែ​បម្រើ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា៖ «​ប្រសិន​បើ​យើង​កំពុង​​លេង​ក្នុង​ការ​ប្រកួត​មួយ​ដែល​យើង​គ្មាន​ឆន្ទៈ​ក្នុង​ចិត្ត​​នោះ ជា​ការ​ពិត​ជ័យជម្នះ​​ប្រហែល​ជា​មិន​កើត​ឡើង​គ្រប់​ពេល​នោះ​ទេ​ ប៉ុន្តែ​​នៅ​ពេល​ដែល​អ្នក​ចូល​លេង​ជាមួយ​ផ្នត់​គំនិត​ និង​ជំនឿ​ចិត្ត​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល ​និង​បាន​ជោគជ័យ​»៕ AFP/SN